មនុស្សភាគច្រើនតែងមានគំនិតថា ចង់បានអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែពួកគាត់ខ្លាចនេះខ្លាចនោះ ហើយលើកហេតុផលថា លុះត្រាតែមានលុយច្រើនទើបអាចបង្កើតអាជីវកម្មបាន។ ខណៈមានមនុស្សមួយចំនួនទៀតបានលើកឡើងថា ការបើកអាជីវកម្មត្រូវការចំណាយច្រើន និងមានហានិភ័យខ្ពស់ក្នុងការខាត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក សង្វារ សំកុល ស្ថាបនិកក្រុមហ៊ុន Power Wash loundry និងជាអ្នកសហគ្រិនជោគជ័យម្នាក់ក្នុងវិស័យម្ហូបអាហារជាង១៥ឆ្នាំ បានលើកឡើងថា៖ កុំចាប់ផ្តេីមអាជីវកម្មបេីអ្នកនៅយល់ខុសរឿង៣យ៉ាង គឺទីមួយ មានពេលវេលាច្រើនជាងមុន ទីពីរ មិនចង់មានសម្ពាធ និងទីបី រកស៊ីបានលុយលឿន។
លោក សង្វារ សំកុល បានពន្យល់យ៉ាងយ៉ាងដូច្នេះថា៖
១.មានពេលវេលាច្រើនជាងមុន៖ នៅពេលដែលចូលធ្វើការម៉ោង ៨ព្រឹក ចេញម៉ោង ៥ល្ងាច ហើយពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ យើងមានអារម្មណ៍ថា អត់ចង់ធ្វើការ ហត់ណាស់ ចង់បានពេលវេលាច្រើននិងធុយទ្រាន់នឹងការងារអស់ហ្នឹង។ លោក សំកុល ថា សូមកុំភ្លេចថានៅពេលដែលអ្នកចេញរកស៊ី អ្នកអត់មានពេលច្រើនទេ ហើយក៏មិនមានការធ្វើការចេញម៉ោង ៥ល្ងាចដែល អ្នកត្រូវធ្វើការ ២៤ម៉ោងសឹងតែពេលខ្លះអត់ថ្ងៃសម្រាក សូម្បីថ្ងៃបុណ្យទានចូលឆ្នាំ ក៏យើងអត់មានពេលសម្រាប់គ្រួសារផង។
បើតាមលោកសំកុល សម្រាប់អាជីវកម្មថ្មីថ្មោងវិញ គឺត្រូវចំណាយពេលយ៉ាងតិច ៤ទៅ៥ឆ្នាំ ទម្រាំតែមានពេលវេលាអាចសម្រាកបាន។ មិនមែនយើងមើលវីដេអូអ្នកនេះជោគជ័យមួយចំនួន ឃើញគេមើលបកស្រាយថាមានពេលវេលាច្រើន សប្បាយហឺហារនោះទេ ប៉ុន្តែតាមពិតមិនមែនដូចយើងគិតទេ។ លោកបានលើកឧទាហរណ៍ថា ដូចយើងមានកូនចឹង ពេលមានកូនគឺយើងមិនសម្បូរពេលវេលាកាលនៅមិនទាន់មានកូននោះទេ។
២. មិនចង់មានសម្ពាធ៖ សម្ពាធពីប្រធាន ឬមេដឹកនាំ វាពិតជាត្រឹមត្រូវហើយ ក៏ជៀសមិនបំផុតពីការរងសម្ពាធទាំងនេះដែល។ នៅពេលអ្នកចេញរកស៊ីខ្លួនឯង អ្នកគ្មានសម្ពាធពីមេទេ ប៉ុន្តែអ្នកមានសម្ពាធពីមេបំណុល។ អ្នកធ្វើការឲ្យគេពេលដែលធ្វើខុស គ្រាន់មេស្តីបន្ទោសបន្តិចបន្តួចប៉ុណ្ណោះ តែជីវិតពិតពេលចេញរកស៊ី បើធ្វើខុសជាមួយមេបំណុលគឺគេប្តឹងឡើងតុលាការ ជួនកាលប្តឹងផ្តល់រលាយអស់ក្រុមហ៊ុនតែម្តងក៏មានដែរ។
សហគ្រិនរូបនេះបញ្ជាក់ថា អ្នកត្រូវមានកូនចៅ ត្រូវមានផ្គត់ផ្គង់ សុទ្ធតែជារឿងសម្ពាធទាំងអស់។ រឿងមួយទៀតចាំត្រូវដឹងពីលំហូសាច់ប្រាក់ថា តើលុយគ្រប់គ្រាន់អត់នៅក្នុងក្រុមហ៊ុន មានគេជំពាក់អត់ លុយបំណុលត្រូវសងគេរបៀបម៉េច និងមានរឿងជាច្រើនទៀត។ លោកថា ពេលអ្នកធ្វើការតែមួយឬពីរមុខទេ អ្នកគិតថាមានសម្ពាធ ពេលចេញរកស៊ីខ្លួនឯង នឹងមានសម្ពាធគ្រប់ទិសទីទាំងអស់មកលើតែយើងម្នាក់ឯងគត់។
៣.ចេញរកស៊ីគឺបានលុយលឿន៖ ពេលចេញរកស៊ីពិតប្រាកដជាបានលុយ តែមិនមែនបានលុយភ្លាមៗនោះទេ។ អ្នកត្រូវដឹងថាធ្វើអាជីវកម្ម ប្រៀបដូចយកលុយទៅបណ្តាក់លុយបន្ត មុននឹងអ្នកចេញចាប់ផ្តើមអាជីវកម្មត្រូវមានលុយមួយដុំសម្រាប់ធ្វើ ហើយអាជីវកម្មនឹងអាចបង្កើតបានជាលុយ។ អ្នកកុំភ្លេចថា មិនមែនមួយអាទិត្យមួយខែពីរខែអាចឃើញលុយទេ។
អាជីវកម្មមួយចំនួន ៤ឆ្នាំមិនទាន់ឃើញលុយចំណេញផង ហើយបើអ្នកគិតថាចេញរកស៊ីបានលុយលឿនមិនទេ តែបើទៅធ្វើការអោយគេបានលុយលឿនជាង ព្រោះធ្វើការឲ្យគេពីថ្ងៃទី១ដល់ថ្ងៃ៣០បើកប្រាក់ខែ ដូច្នេះយើងមានប្រាក់ចំណូលទៀងទាត់តែម្តង។
បើតាមប្អូនបង្កើតពិធីការិនីចាក់ទឹកមិនលេចអ្នកនាង គង់ សុជាតិ រូបនេះថា ការធ្វើអាជីវកម្មដូចជាការចិញ្ចឹមកូនមួយចឹង សួរថាទម្រាំកូនអាចចិញ្ចឹមយើងបាន ថាតើត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំ។ ម្យ៉ាង ការចឹញ្ចឹមកូនត្រូវមានក្បួនខ្នាតត្រឹមត្រូវ បើចិញ្ចឹមអត់បានត្រឹមត្រូវក៏កូននោះមិនអាចចិញ្ចឹមយើងបានដែរ។
លោក សង្វារ សំកុល បានបញ្ជាក់បន្ថែមថា ការមើលវីដេអូជោគជ័យ ឃើញគេសម្បូលុយចាយ មានពេលវេលាសម្រាកច្រើន តែតាមពិតគឺមិនមែនដូចយើងឃើញ និងបានស្តាប់នោះទេ។ ខ្ញុំនិយាយបែបនេះមិនមែនមានន័យថា យើងធ្វើការអត់បានទេ យើងធ្វើបាន យើងចេញទៅរកស៊ីធ្វើអាជីវកម្មជោគជ័យបាន ប៉ុន្តែទាល់តែយើងធ្វើត្រូវតាមក្បួនខ្នាត បើមិនដូច្នោះទេ អ្វីដែលខុសវាអាចធ្វើឲ្យខាតបង់ធំ៕