អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អេស៊ីលីដា បន្តសកម្មភាពរបស់ខ្លួនឥតឈប់ឈរជាមួយនិងការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា USAID កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងUNDP ខណៈអង្គការក្រៅរដ្ឋាភិបាលមួយនេះទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ដែលជាសមិទ្ធផលជោគជ័យថ្មីបន្ថែមទៀត។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា “ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។
នៅឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ៦.១៧៥ លានដុល្លារអាមេរិក ព្រមទាំងកាន់កាប់ទីផ្សារបានប្រមាណ ១៤,៣% នៃទំហំទ្រព្យសកម្មសរុប, ១៤,៨% (សមតុល្យឥណទាន) និង ៤៥,៨% (ចំនួនអតិថិជន) នៃទំហំទីផ្សារឥណទានសរុប, និង ១៦,៥% (សមតុល្យប្រាក់បញ្ញើ) និង ៤៨,២% (ចំនួនគណនី) នៃទំហំទីផ្សារប្រាក់បញ្ញើសរុប នៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល) ។
នេះបើយោងតាមគេហទំព័ររបស់ធនាគារ អេស៊ីលីដា គិតមកដល់ពេលបច្ចុប្បន្ន ធនាគារដែលឈានមុខគេនៅកម្ពុជាមួយនេះ មានសមតុល្យឥណទានសរុបប្រមាណ ៤៣១៥,២៩លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៤១៧.៦៦៨នាក់ ដែលក្នុងនោះមាន ៥៥% ជាស្ត្រី ។ ធនាគារមានបុគ្គលិកសរុប ១២.១៦៦នាក់ កំពុងបម្រើការងារនៅក្នុង ២៦២សាខា ដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានីនៃប្រទេសកម្ពុជា។
សូមជម្រាបជូនលោកអ្នកនាងដែលថា ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ មិនតែប៉ុណ្ណោះក៏មានសេវាប័ណ្ណ សេវាឌីជីថល សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និង សេវាចាត់ចែងសាច់ប្រាក់ និងសេវាធនាគារដទៃជាច្រើនទៀត៕ សូមតាមបន្តជាមួយគេហទំព័រឧកញ៉ាញូស៍ នៅពេលបន្ទាប់…….!