ការសម្រេចចិត្តបើកអាជីវកម្មមួយផ្ទាល់ខ្លួនគឺជាអ្វីដែលមនុស្សទូទៅភាគច្រើនចង់ធ្វើ ប៉ុន្តែស្ទាក់ស្ទើរមិនហ៊ានធ្វើ ដោយសារតែពួកគេចង់បន្តស្ថិតនៅក្នុងតំបន់សុវត្ថិភាពជានិយោជិត ជាជាងធ្វើការប្រថុយប្រថានដើម្បីក្លាយខ្លួនជានិយោជក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ក្នុងនាមជាស្រ្តីហើយជាអ្នកស្រលាញ់និងគាំទ្រផលិតផលខ្មែរ លោកស្រី ម៉ោង ស្រីពៅ ដែលគេស្គាល់ ឈ្មោះតាមហ្វេសប៊ុកថា នាង បភាវត្តី មានអាយុ២៩ឆ្នាំ លោកស្រី គឺជានាយិកា ភូមិពងទាខ្មែរ ដែលបានបង្កើតឡើង៥ឆ្នាំមកហើយ ដោយទទួលបានជោគជ័យ និងពង្រីកសាខាបានយ៉ាងច្រើនទូទាំងប្រទេសក្នុងរយៈពេលដ៏ខ្លី។
ភូមិពងទាខ្មែរ គឺជាប្រភេទអាជីវកម្មបែបកសិកម្មនិងកសិឧស្សាហកម្មដោយចិញ្ចឹមទាយកស៊ុតនិងកែឆ្នៃជាផលិតផលសម្រេចនានា បង្កើតឡើងនៅឆ្នាំ២០១៦ ដោយលោកស្រី ម៉ោង ស្រីពៅ និស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។

លោកស្រីមានទស្សនៈវិស័យដ៏វែងឆ្ងាយក្នុងការធ្វើជំនួញ និងដឹកនាំកសិដ្ឋាន គឺក្លាយទៅជាអ្នកផ្គត់ផ្គង់ពងទាក្នុងស្រុកឈានមុខទាំងសេវាកម្ម,ទាំងកាទទួលខុសត្រូវ,ទាំងចំនួននៃកាផ្គត់ផ្គង់,ទាំងគុណភាពនៅក្នុងស្រុកខ្មែរ និងអាចឈានទៅដល់កាផ្គត់ផ្គង់នៅលើឆាអន្តជាតិ។ ជាពិសេសនោះគឺបង្កើតការងារជូនដល់បងប្អូនអ៊ុំពូមីងនៅក្នុងសហគមន៍។
លោកស្រី នាង បភាវត្តី បានប្រាប់គេហទំព័រឧកញ៉ាញូស៍ថា ភូមិពងទាខ្មែរ មានការចាប់អារម្មណ៍និងគាំទ្រច្រើនពីប្រជាពលរដ្ឋ ដោយសារតែលោកស្រីប្រកាន់យកនូវចំណុចពិសេសចំនួន ៦ រួមមាន៖ ១ មានប្រភពច្បាស់លាស់ ២ តម្លៃថេរ ៣ ទំនួលខុសត្រូវខ្ពស់ ( បែក, រាវ, ស្អុយ…ល…ប្តូរជូនថ្មី១០០%) ៤ មានកាចុះបញ្ជីរត្រឹមត្រូវ ៥ មានតំណាងចែកចាយទូទាំងខេត្តក្រុង និងទី៦ ទូATM ភូមិពងទាខ្មែរ។

បើតាមលោកស្រី គិតមកដល់ពេលបច្ចុប្បន្ន ភូមិពងទាខ្មែរ មានតំណាងចែកចាយ១៤ខណ្ឌ ១៥ខេត្តផ្គត់ផ្គង់៥មុឺនគ្រាប់ក្នុង១ថ្ងៃ និងមានផលិតផលចំនួន ៦មុខ គឺ ១.ពងទាសាប ២.ពងទាប្រៃ ៣.ពងទាប្រៃរសជាតិតុងយុំា ៤.បណ្តូលពងទាប្រៃ ៥.នំពងទា និង៦.មីពងទា។

លោកស្រីបានញ្ជាក់ថា ក្នុងស្ថានភាពកូវីតភូមិពងទាមានប្រម៉ូសិនពិសេសគឺឆ្លើយសំនួរយករង្វាន់ជាពិសេសចូលទិញក្នុងការ live គឺ free ដឹកជញ្ជូនឬទិញ៥០គ្រាប់ថែមជូន១០គ្រាប់។

ទៅថ្ងៃអនាគតលោកស្រីមានផែនការផ្គត់ផ្គង់ពងទាចាប់ពី១០មុឺនគ្រាប់ឡើងទៅក្នុង១ថ្ងៃ ដើម្បីឲ្យវិស័យពងទាកាន់តែរីកចម្រើនខ្លាំង ក្នុងឆ្នាំ២០២១នេះ និងមានយុទ្ធសាស្រ្តសំខាន់ៗទៀតដូចជា៖ ពង្រាយ ៥០០ស្តង់បន្ថែមទូទាំងខេត្តក្រុង បង្កើតគម្រោងហ្វ្រេនឆាយ ក្នុងមួយខេត្តមាន២គម្រោងទូទាំងប្រទេសក្នុងមួយគម្រោងចិញ្ចឹមចាប់ពីបីពាន់ទាឡើងទៅ។

លោកស្រី នាង បភាវត្តី បានបន្ថែមថា ក្នុងនាមខ្ញុំជាស្រ្តីហើយជាអ្នកស្រលាញ់និងគាំទ្រផលិតផលខ្មែរ នាងខ្ញុំសូមផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ធគ្រប់រូប ត្រូវតែគាំទ្រផលិតផលក្នុងស្រុក ជាពិសេសគួររៀនបង្កើតអ្វីដែលខ្មែរយើងមានឲ្យទៅជារូបរាងថ្មីដោយយកផ្នត់គំនិតមួយជាគោលគឺចាស់បូកថ្មីចេញថ្មី៕



