មនុស្សជាច្រើន ស្រមៃចង់ក្លាយជាអ្នកជំនួញ ចង់មានមុខរបរខ្លួនឯង ប៉ុន្តែមិនមានមនុស្សច្រើននោះទេ ដែលបានដឹងច្បាស់ពីវិថីឆ្ពោះទៅកាន់ក្ដីស្រមៃនោះ ថាមានភាពលំបាកប៉ុណ្ណា។ កម្មវិធីថ្មីមួយ ដែលមានឈ្មោះថា “Starting Up” ត្រូវបានបង្កើតឡើង ដើម្បីជាទុនមួយសម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង។
“Starting Up” គឺជាកម្មវិធីសម្ភាសន៍ ជជែកពិភាក្សា ដេញដោល ជាមួយសហគ្រិន ដែលបានចាប់ផ្ដើមជំនួញនៅក្នុងវិស័យផ្សេងៗគ្នា។ កម្មវិធីនេះនឹងពិភាក្សាវែកញែកជីកកកាយយករឿងពិតនៅពីក្រោយការជោគជ័យ និងបរាជ័យលើអាជីវកម្មមួយចំនួន ដែលធ្វើឲ្យស្ថាបនិកទាំងនោះអាចបន្តរស់រីកចម្រើន និងនាំមុខគេ។ កម្មវិធីនេះ នឹងចងក្រង សង្ខេបរឿងពិតទុកជាមេរៀន ជារូបមន្តទុកឲ្យសហគ្រិនគ្រប់គ្នា ត្រងធ្វើជាវិថីតម្រង់ទិសទៅថ្ងៃអនាគត។
កម្មវិធី Starting Up មានលក្ខណៈពិសេស និងប្លែកពីកម្មវិធីផ្សេងៗទៀត ចំនួន ២ចំណុចសំខាន់ៗ៖
ទី១៖ អ្នកសម្ភាសន៍ (Host) សុទ្ធតែជាសហគ្រិន ជាស្ថាបនិកនៃអាជីវកម្ម ដែលមានបទពិសោធន៍ក្នុងការប្រតិបត្តិ, ការផ្ដល់ប្រឹក្សា និងបានវិនិយោគទៅលើមុខជំនួញជាច្រើន។
ទី២៖ សហគ្រិនដែលជាភ្ញៀវចូលរួមក្នុងកម្មវិធី Starting Up នឹងបង្ហាញរឿងរ៉ាវពិតក្នុងជំនួញរបស់ខ្លួន ទាំងភាពជោគជ័យ និងបរាជ័យ ដែលមិនធ្លាប់ត្រូវបានបង្ហាញនាពេលកន្លងមក។
Host ទាំង ៤រូប ក្នុងកម្មវិធី Starting Up មានដូចជា៖
- លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group
- កញ្ញា ដែក ដារី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន 360 Events
- លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture
- លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Banhji
ចំណែកភ្ញៀវដែលចូលរួមក្នុងកម្មវិធីនេះ គឺជាសហគ្រិនពីគ្រប់វិស័យផ្សេងៗគ្នា ទាំងវិស័យបច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត។
ដើម្បីដឹងកាន់តែច្បាស់ពីកម្មវិធីនេះ Host ទាំង ៤រូប នឹងជួបពិភាក្សាគ្នា បង្ហាញពីគោលបំណងនៃការបង្កើតកម្មវិធី នៅលើទំព័រ Facebook “Starting Up” ក៏ដូចជាលើ YouTube “Sabay TV” នាពេលឆាប់ៗនេះ។ កាន់តែពិសេស កម្មវិធី Starting Up ក៏នឹងមានជា podcast ផងដែរ។