១១ឆ្នាំមុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា បានចុះហត្ថលេខាលក់ភាគហ៊ុនរបស់ខ្លួន ៩៥,១ភាគរយឲ្យធនាគារ ម៉ារ៉ូហាន់ របស់ជប៉ុន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលធ្វើឲ្យ ម៉ារ៉ូហាន់ ក្លាយជាម្ចាស់ភាគហ៊ុនធំនៅគ្រឹះស្ថានស្ថាបនា។
តើអ្នកជំនួញរូបណាដែលបានទិញយកភាគហ៊ុន ស្ថាបនា និងមានប្រវត្តិការងារអ្វីខ្លះ ?
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកបណ្ឌិត HAN Chang-Woo ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនយោបាយពីសាកលវិទ្យាល័យ HOSEI University ក្នុងឆ្នាំ១៩៥៣។ លោកជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន MARUHAN Corporation ក្នុងប្រទេសជប៉ុនដែលកំពុងធ្វើការផ្គត់ផ្គង់ និងរៀបចំសម្ភារៈកំសាន្តជាច្រើនប្រភេទ។ លោកបានបង្កើតក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ១៩៥៧ និងបានធ្វើអោយអាជីវកម្មមួយនេះមានការវិវឌ្ឍយ៉ាងលឿន ដែលបានទទួលចំណូលសាច់ប្រាក់ក្នុងការលក់សរុបជាង ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ក្រុមហ៊ុន MARUHAN Corporation ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសជប៉ុន។ អាជីវកម្មនៃក្រុមហ៊ុនរបស់លោកមានការរីកចំរើនលូតលាស់ និងទទួលបានជោគជ័យជាបន្តបន្ទាប់ គឺបានមកពីការខិតខំអស់ពីកម្លាំងកាយចិត្តរបស់លោកក្នុងការបំពេញតាមតម្រូវការរបស់អតិថិជន និងស្មារតីប្រកួតប្រជែងខ្ពស់។
បច្ចុប្បន្ន លោកកំពុងចូលរួមក្នុងសមាគមន៍មួយចំនួន និងកំពុងបម្រើការជាប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន Han Chang-Woo Tetsu Cultural Foundation និងជាប្រធានសមាគមន៍ Kyoto UNESCO Association ជាមន្ត្រីរដ្ឋបាលរបស់សមាគមន៍ Kyoto Chapter United Nations Association of Japan និងជាប្រធាន Tokyo Philharmonic។
លោកបណ្ឌិត Han Chang-Woo បានបង្កើត ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី ក្នុងខែឧសភា ឆ្នាំ២០០៨ ដែលជាធនាគារពាណិជ្ជទីមួយដែលគ្រប់គ្រងដោយជនជាតិជប៉ុន ក្នុងគោលបំណងចូលរូមអភិវឌ្ឍន៍ និងលើកស្ទួយប្រទេសកម្ពុជាតាមរយៈការផ្ដល់នូវសេវាធនាគារសម្បូបែប និងការវិនិយោគពីប្រទេសជប៉ុន។
ខែធ្នូ ឆ្នាំ២០១២ ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី មានលទ្ធភាពទិញយកភាគហ៊ុនរបស់ ស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា។ ស្ថាបនា លីមីតធីត ត្រូវបានបង្កើតឡើងដំបូងក្នុងនាមជា អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងឆ្នាំ១៩៩៥ ហើយក្នុងពេលដែល ម៉ារ៉ូហាន់ ធនាគារជប៉ុន ទិញយកភាគហ៊ុនរបស់ស្ថាបនា ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលអាចផ្ដល់សេវាកម្ចីដល់ប្រជាជនដែលមានចំណូលទាបនៅទូទាំងប្រទេសជាមួយនឹងការចូលរួមអភិវឌ្ឃន៏ និងលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាតាមរយៈសាខាចំនួន ១៤០ និងការិយាល័យផ្ដល់សេវារបស់ខ្លួនជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស។
លោកបណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាលបាន យល់ឃើញពីភាពស្រដៀងគ្នានៃសក្តានុពល និងគោលដៅរួមរបស់ម៉ារ៉ូហាន់ ធនាគារជប៉ុន និងស្ថាបនា លីមីតធីត ដែលអាចបំពេញអោយគ្នាទៅវិញទៅមកបាន ក៏លោកបានសម្រេចចិត្តធ្វើការរួមបញ្ចូលគ្នារវាងស្ថាប័នទាំងពីរដើម្បីកំលាយខ្លួនជា ធនាគារពាណិជ្ជថ្មីមួយ។
ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយជោគជ័យក្នុងខែ មេសា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរដ្ឋអាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់។
លោកបណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល មានសុទិដ្ឋិនិយមជាមួយនឹងទិសដៅច្បាស់លាស់ថា “យើងនឹងបន្ដលើកតម្កើនកម្រិតនៃការពេញចិត្តរបស់អតិថិជន និងពង្រីកអាជីវកម្មរបស់ពួកយើងជាមួយនឹងគំនិតឆ្នៃប្រឌិត និងស្មារតីជាអ្នកដឹកនាំ។ យើងមានគោលបំណងក្លាយជាធានាគារពាណិជ្ជឈានមុនគេក្នុងប្រទេសកម្ពុជា”៕