លោកស្រី សែ លីលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល ម.ក និងជាសហគ្រិនស្រ្តីវ័យក្មេងដែលបានប្រឡូកក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ដោយទទួលបាននូវភាពជោគជ័យខ្លាំង។
លោកស្រីចាប់ផ្តើមទិញលក់ដី ដែលប្រើដើមទុនដំបូង ត្រឹមតែ ៤២,០០០ដុល្លារអាមេរិក ជាការវិនិយោគរួមដែលមានគ្នា៣នាក់ រហូតអាចបង្កើតក្រុមហ៊ុនមួយបានលំដាប់ខ្នាតអន្តរជាតិ ជាមួយក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំចំរុះជាតិ រហូតដល់១៥០នាក់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល ចាប់ផ្តើមវិនិយោគលើវិស័យអចលទ្រព្យ នៅឆ្នាំ២០១៥ រហូតមកក្លាយជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិដ៏ធំមួយនៅកម្ពុជា ដោយប្រើរយៈពេលកសាងកេរ្តិ៍ឈ្មោះត្រឹមរយៈពេល៦ឆ្នាំប៉ុណ្ណោះ។
Phnom Penh Land បោះទុនទឹកប្រាក់វ៉ុលលានដើម្បីអភិវឌ្ឍន៍គម្រោង អៃ ស៊ីធី AY City ស្ថិតនៅភូមិសាស្រ្តខេត្តកណ្តាល ដែលមានចំងាយ៨គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ ទីក្រុងរណប អៃស៊ីធី នឹងក្លាយជាគោលដៅនៃភាពអស្ចារ្យមួយ ដែលមានទីកន្លែងប្លែកៗ និងទាក់ទាញជាច្រើន ដូចជា ផ្ទះចំនួន ១ម៉ឺនខ្នង, ពាណិជ្ជកម្ម, អេកូទេសចរណ៍, វប្បធម៌, បរិស្ថាន ដែលសុទ្ធសឹងជាផ្នែកសំខាន់ៗស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី សែ លីលី គឺជាអ្នកវិនិយោគនិងជាថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ តាមរយៈគម្រោងអភិវឌ្ឍលើវិស័យអចលនទ្រព្យ, សេវាកម្មដឹកជញ្ជូន, បច្ចេកវិទ្យា និងហិរញ្ញវត្ថុទៀតផង។
នៅឆ្នាំ២០១៩ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល បានចុះហត្ថលេខា រួមគ្នាវិនិយោគក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ជាមួយក្រុមហ៊ុនម៉ារីន បេ ឃែភីថល ជាទុនប្រមាណ ជាង៥លានដុល្លារអាមេរិក។
ក្នុងឆ្នាំដដែលក្រុមហ៊ុនលោកស្រី បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ជាមួយក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក, ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ម.ក និងក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស ម.ក សម្រាប់ការវិនិយោគរួមគ្នាលើសេវាកម្មសុខាភិបាល និងសេវាកម្មគ្រប់គ្រងអាជីវកម្ម ក្នុងទំហំទឹកប្រាក់ ៥.៦លានដុល្លាសហរដ្ឋអាមេរិក។
ដោយមានការខិតខំប្រឹងប្រែង កន្លងមក បានធ្វើឲ្យលោកស្រីក្លាយទៅជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងសមាជិកវ័យក្មេងមួយរូប នៃសមាគមនាយកប្រត្តិបត្តិវ័យក្មេង។ សមាគមនាយកប្រត្តិបត្តិវ័យក្មេងមានបណ្តាញថ្នាក់ដឹកនាំពីក្រុមហ៊ុនធំៗមកពីបណ្តាប្រទេសជាង ១៣០ ទូទាំងពិភពលោក៕