ធ្លាប់ជាក្មេងឆ្លងកាត់សង្គ្រាមរត់កាន់ភូមិមួយទៅភូមិមួយ ក្រោយរួចផុតពីគ្រាប់កាំភ្លើងនៅសម័យប៉ុលពត លោកបណ្ឌិត តាន់ មុនីវណ្ណ បានបង្កើតទំព័រជីវិតថ្មីរបស់ខ្លួនដោយសារការខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូគ្រប់ស្ថានភាពលំបាកមិនរុញរា។ លោកត្រូវបានគេស្គាល់គ្រប់ៗគ្នាថាជាអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដ៏លេចធ្លោម្នាក់ ខណៈនាពេលបច្ចុប្បន្នលោកមានក្រុមហ៊ុនចំនួន ១០ នៅក្នុងដៃដែលរកស៊ីលើពហុវិស័យ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តើលោក តាន់ មុនីវណ្ណ មានប្រវត្តិការសិក្សានិងបទពិសោធន៍ការងារយ៉ាងខ្លះ?
លោក តាន់ មុនីវណ្ណ កូនកាត់បួនសាសន៍ គឺឪពុកខ្មែរ-ចិន ម្ដាយបារាំង-វៀតណាម កើតក្នុងឆ្នាំ ១៩៧៣ នៅរាជធានីភ្នំពេញ ក្រោយរួចផុតពីគ្រាប់កាំភ្លើងសម័យប៉ុលពត លោកត្រូវបានគេជម្លៀសទៅរស់នៅ ភូមិផ្ទះវាល ឃុំព្រៃដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដោយហេតុស្រឡាញ់ការសិក្សាខំប្រឹងក្លៀវក្លារៀនផង លោក រំលឹកថា “នៅអាយុខ្ទង់១០ឆ្នាំ ខ្ញុំដើររើសសម្បកដបលក់មួយថ្ងៃរកបានពី ៣ទៅ៥រៀល… ឯឪពុកខ្ញុំជាអ្នករត់កាណូតខ្ញុំក៏ទិញស្ករគ្រាប់ពីផ្សារចាស់ទៅលក់នៅស្រុក មិនក្រោម១០ស្បោងទេ ហើយ១ស្បោងចំណេញ ៣រៀល” ។
ធ្លាប់ជាកូនក្នុងគ្រួសារអភិជន លោកបណ្ឌិត និយាយទាំងភ្នែកក្រហមថា៖ “ក្រោយបែកប៉ុលពតមក គ្រួសារខ្ញុំគ្មានសល់អ្វីទេ ម្ដាយក៏ត្រូវគេសម្លាប់ចោល ទីទ័លក្រខ្លាំង សូម្បីខោរហែកគូទយកទៅឲ្យជាងដេរសាប់ៗរហូតជាងលែងសាប់ឲ្យ…ពេលខ្លះខ្ញុំអង្គុយស្រក់ទឹកភ្នែកម្នាក់ឯងអាណិតខ្លួន ព្រោះគ្រាន់តែខោស្លៀកទៅរៀនក៏គ្មាន” ។
លោកធ្លាប់ជាមេធាវី និងមានក្រុមហ៊ុនមេធាវីអន្តរជាតិ ប៉ុន្តែក្រោយពីរៀបការរួចលោកក៏ប្តូរអាជីពពីអ្នកច្បាប់មកជាអ្នកជំនួញ និងក្ដោបក្ដាប់ក្រុមហ៊ុនប្រមាណ ១០ក្នុងដៃ។
លោកបណ្ឌិត តាន់ មុនីវណ្ណ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់នៅក្នុងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលទទួលគ្រប់គ្រង និងជាអ្នកជួយជ្រុុមជ្រែងនាំមកនូវភាពជោគជ័យរាប់សិបទស្សវត្ស៍មកឲ្យឪពុកក្មេករបស់លោក អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដូចជាក្រុមហ៊ុនចម្ការដូងប្រេង ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុនចិញ្ចឹមជ្រូក ចិញ្ចឹមសត្វ ក្រុមហ៊ុនកំពង់ផែឯកជន ក្រុមហ៊ុនសំណង់ក្មេងវត្ត ក្រុមហ៊ុននាំចូលសម្ភារគ្រឿងចក្រជាដើម។
ថ្មីៗនះលោកបណ្ឌិត តាន់ មុនីវណ្ណ បានសហការជាមួយអ្នកជំនួញចំនួន៣នាក់ គឺអ្នកស្រី ហ៊ាង អូមួយ លោក ពិដោរ លីដែត និង លោក ជិន ថូមីត ដើម្បីបង្កើតក្រុមហ៊ុន ដេត អ៊ិនវេសម៉ិន ខេមបូឌា ឡើងក្នុងឆ្នាំ ២០២០ ក្នុងបុព្វហេតុប្រែក្លាយវិស័យកសិកម្មឲ្យក្លាយទៅជាវិស័យសេដ្ខកិច្ចជាតិដ៏រឹងមាំបំផុតសម្រាប់ប្រទេសកម្ពុជា។
តំណែងការងារសង្គម៖
- អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
- សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-ថៃ
- សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន
- សមាជិកក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មអាស៊ីអាគ្នេយ៍
- សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានឥណ្ឌា
- សមាជិកសមាគមអ្នកសាងសង់អាស៊ាន
- ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអភិវឌ្ឍន៍លំនៅដ្ឋាន
- អគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា
- ទីប្រឹក្សាភិបាលសមាគមស្ត្រីកម្ពុជា
- ក្រុមប្រឹក្សាបណ្តុះបណ្តាលថ្នាក់ជាតិនៃទីស្តីការគណៈរដ្ឋមន្ត្រី
- សមាជិកមេធាវី នៃគណៈមេធាវីកម្ពុជា
លោកបណ្ឌិត តាន់ មុនីវណ្ណ បានឲ្យដំបូន្មានថា៖ ការគ្រប់គ្រងក្រុមហ៊ុនដោយជោគជ័យ គឺត្រូវមានធនធានមនុស្សពូកែៗ មានអ្នកទុកចិត្ត មានក្រុមប្រឹក្សាផ្សេងៗគ្នាទៅតាមក្រុមហ៊ុននីមួយៗ ដែលមានការបែងចែកការទទួលខុសត្រូវផ្សេងៗគ្នា ទាំងការសម្រេចចិត្តការងារ សម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ ការរកធនឧបត្ថម្ភជាដើម។ ចំណែករូបលោកមិនមែនជាអ្នកដឹកនាំដោយផ្ទាល់នោះទេ លោកគ្រាន់ជាអ្នកបង្កើតក្រុមហ៊ុនមួយឡើងហើយជ្រើសរើសអ្នកពូកែៗមកធ្វើការងារ មកដឹកនាំជំនួសជាការស្រេច៕