ដូចនឹងអ្វីដែលប្រិយមិត្តឧកញ៉ាញូស៍ បានដឹងរួចមកថា សាលាអន្តរជាតិភ្នំពេញ (ISPP) គឺជាសាលាដំបូងគេបង្អស់របស់កម្ពុជា ហើយជាសាលានាំមុខគេក្នុងវិស័យអប់រំអន្តរជាតិនាពេលបច្ចុប្បន្ននេះ មានទីតាំងស្ថិតនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បើរំលងមួយផ្លូវឆ្ពោះទៅកាន់វត្តចាក់អង្រែជាប់នឹងគម្រោងបុរី និងផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ។ International School of Phnom Penh ឈរក្នុងបញ្ជីឈ្មោះសាលាអន្តរជាតិដែលមានការបង់ថ្លៃសិក្សាខ្ពស់ជាងគេមួយនៅក្នុងស្រុក ដោយតម្លៃសិក្សាក្នុងមួយឆ្នាំពី ៧,៧០០ ដុល្លារ ដល់ ២៤,០០០ ដុល្លារអាមេរិក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សាលាលំដាប់ពិភពលោក ISPP ជាសាលាអន្តរជាតិសម្រាប់កូនអ្នកឧកញ៉ា លោកឧកញ៉ា កូនអ្នកមាន កូនទូត កូនបរទេស ជាមួយនឹងកម្មវិធីសិក្សាផ្តោតទៅលើការអប់រំប្រកបដោយគុណភាព ដែលទទួលសិស្សចូលរៀនចាប់ពីថ្នាក់ដំបូងរហូតដល់ថ្នាក់ទី ១២ ដោយបំពាក់បរិក្ខាសិក្សាទំនើបបំផុតនៅក្នុងទីក្រុងភ្នំពេញ បើប្រៀបនឹងសាលាអន្តរជាតិមួយចំនួនកំពុងឈរជើងវិនិយោគលើវិស័យអប់រំនៅប្រទេសកម្ពុជា។
សាលាអន្តរជាតិភ្នំពេញ ISPP ត្រូវបានកាត់ខ្សែបូសម្ពោធអគារសិក្សាថ្មីសន្លាងរបស់ខ្លួនជាផ្លូវកាល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៥ ក្រោមវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ អគារសិក្សាថ្មីនេះ មានអាងហែលទឹកខ្នាតអូឡាំពិក ទីលានកីឡាដ៏ចែងចាំង និងរោងល្ខោន Black Box ដ៏ទំនើបគួរជាទីមោទនៈផងដែរ។
មែនទែនទៅសាលាអន្តរជាតិភ្នំពេញ ISPP មិនមែនទើបតែបង្កើតឡើងនៅនោះទេ តាមពិតសាលាបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៩ មកម្លេះ ហើយត្រូវបានបង្រៀនសិស្សានុសិស្សជាង ៨២៥ នាក់ ដែលមានសញ្ជាតិចំនួន ៤៣ សញ្ជាតិ។ សាលានេះត្រូវបានបង្កើតឡើង និងបន្តជាសាលាដែលគ្រប់គ្រងដោយឪពុកម្ដាយសិស្ស និងជាសាលាមិនរកប្រាក់ចំណេញ។
សម្រាប់គោលដៅលើកស្ទួយក្នុងវិស័យអប់រំនៅប្រទេសកម្ពុជាវិញ លោក Barry Sutherland នាយកសាលាអន្តរជាតិភ្នំពេញ ISPP បានឲ្យដឹងថា «នៅថ្ងៃអនាគត យើងក៏នឹងមានឱកាសធ្វើជាដៃគូរជាមួយក្រសួងអប់រំ ដើម្បីធ្វើការងារលើចំណែករបស់យើងក្នុងការជួយអភិវឌ្ឍឱកាសអប់រំសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំក៏សង្ឃឹមថា យើងនឹងអាចបង្កើនចំនួនអាហារូបករណ៍ ដើម្បីផ្ដល់ជូនសិស្សក្រីក្រកម្ពុជាដែលមានសមត្ថភាពផងដែរ»។
បើតាមលោក Sutherland ថា យើងមិនត្រូវភ្លេចទេថា សាលា ISPP គឺជាភ្ញៀវរបស់ប្រទេសកម្ពុជា ហើយយើងមានទំនួលខុសត្រូវក្នុងការធ្វើការងារជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើកំណែទម្រង់ការអប់រំនៅប្រទេសកម្ពុជា។
លើសពីនេះ ISPP ត្រូវបានផ្តល់សិទ្ធិពេញលេញឲ្យបង្រៀនតាមកម្រិតស្តង់ដារអន្តរជាតិ IB ( International Baccalaureate ) ព្រមទាំងមានការទទួលស្គាល់ដោយ Western Association of Schools a Colleges (WASC) រួមនឹងក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS) ។ សាលាអន្តរជាតិ ISPP ក៏ជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្តរជាតិអឺរ៉ុប (ECIS) ក្រុមប្រឹក្សាតំបន់អាស៊ីបូព៌ានៃសាលាក្រៅប្រទេស (EARCOS) និងសមាគមសាលាអន្តរជាតិមេគង្គមេគង្គ (MRISA) ។
យោងតាមការចុះផ្សាយរបស់ស្ថាប័នអន្តរជាតិមួយបង្ហាញថា ប្រព័ន្ធសិក្សាអន្តរជាតិ IB បច្ចុប្បន្នត្រូវបានសាលាជាង ៥ ពាន់ក្នុងចំណោមជាង ៤១ ប្រទេសលើសកលលោកកំពុងផ្តល់សិទ្ធពេញលេញដាក់ឲ្យប្រើប្រាស់ ខណៈដែលសហរដ្ឋអាមេរិកនាំមុខគេខាងអនុវត្តកម្មវិធីនេះ តាមពីក្រោយដោយកាណាដា និងអូស្ត្រាលី ចិន ឥណ្ឌា និងប្រទេសក្នុងតំបន់អឺរ៉ុប អាស៊ី ក្នុងនោះកម្ពុជាមានកម្ពុជាមួយផងដែរ៕