AUPP គឺជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងប្រទេសកម្ពុជា ផ្តល់ជូននូវកម្មវិធីសិក្សាសញ្ញាបត្រទ្វេ ស្របតាមស្ដង់ដាអប់រំអាមេរិកាំងដែលមានគុណភាពខ្ពស់ ទទួលស្គាល់ជាសកល មានន័យថា និស្សិតរៀនចប់នៅ AUPP ដូចបានសិក្សានៅសាលាចំនួនពីរក្នុងពេលតែមួយ ដោយពុំចាំបាច់ទៅសិក្សានៅសហរដ្ឋអាមរិកនោះឡើយ។ បរិញ្ញាបត្រមួយក្នុងនោះនឹងត្រូវបានចេញដោយ AUPP និងមួយទៀតពី UA។
សាកលវិទ្យាល័យជាដៃគូរបស់ AUPP គឺសាកលវិទ្យាល័យ អារីហ្សូណា (University of Arizona) ដែលជាប់លំដាប់ខ្ពស់ក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅលើពិភពលោក និងសាកលវិទ្យាល័យ រដ្ឋហ្វតហេស៏ (Fort Hays State University)។
ជាមួយគ្នានេះដែរ វត្តមាននៃកម្មវិធីសញ្ញាបត្រទ្វេ គឺមានការបំពាក់សម្ភារបរិក្ខារយ៉ាងពេញលេញ នៅមន្ទីរពិសោធន៍សម្រាប់វិស្វកម្មស៊ីវិល វិទ្យាសាស្ត្រកុំព្យូទ័រ និងថ្នាក់វិទ្យាសាស្ដ្រដទៃទៀត ដែលគាំទ្រកម្មវិធីដែលត្រូវបានគេទទួលស្គាល់របស់ AUPP គឺ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា)។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទៅលើមុខជំនាញ គ្រប់គ្រងធុរកិច្ច, ច្បាប់,
កិច្ចការអន្តរជាតិ, គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា, គ្រប់គ្រងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។
សម្រាប់តម្លៃការសិក្សាឯណោះវិញ គឺឈរស្ថិតក្នុងបញ្ជីឈ្មោះសាកលវិទ្យាល័យអន្តរជាតិធំៗនៅស្រុកខ្មែរដែលមានតម្លៃខ្ពស់ ដោយបែងចែកចេញជាពីរដំណាក់កាល ទៅលើថ្នាក់បរិញ្ញាបត្រ កម្មវិធីសិក្សាសញ្ញាបត្រតែមួយ មានតម្លៃសិក្សាចំនួន ៦,០០០ ដុល្លារ ក្នុងមួយឆ្នាំ ចំណែកកម្មវិធីសិក្សាសញ្ញាបត្រទ្វេ គឺតម្លៃ ៩,០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ដោយឡែក ថ្នាក់អនុបណ្ឌិត បង់ថ្លៃសិក្សាសម្រាប់វគ្គ Bridging Courses គឺ ៣០០ ដុល្លារ ក្នុងមួយក្រេឌីត ឬ ៤,៥០០ ដុល្លារ ក្នុង១ឆមាស (១៥ក្រេឌីត) ហើយថ្លៃសិក្សាវគ្គ Master’s Core Courses មាន ៦០០ ដុល្លារ ក្នុងមួយក្រេឌីត ឬ ៩,០០០ ដុល្លារ សម្រាប់មួយចប់កម្មវិធី។
ថ្លៃសិក្សាវគ្គបំប៉នភាសាអង់គ្លេស EPP សម្រាប់និស្សិតថ្នាក់អនុបណ្ឌិត គឺដូចគ្នានឹងថ្លៃសិក្សាវគ្គ EPPវសម្រាប់សិស្សបរិញ្ញាបត្រដែរ។
បន្ថែមទៀតនោះ សិស្សនិស្សិតត្រូវបង់ថ្លៃផ្សេងទៀត ដូចជាការដាក់ពាក្យ និងការប្រឡងធ្វើតេស្ត ដោយគ្រប់បេក្ខជនទាំងអស់ត្រូវបង់ថ្លៃសម្រាប់ការដាក់ពាក្យចំនួន ២៥ ដុល្លារ។ បេក្ខជនក៏ត្រូវបង់ថ្លៃ ១៥ ដុល្លារ បន្ថែមទៀត សម្រាប់ការប្រឡងធ្វើតេស្តភាសាអង់គ្លេស ប៉ុន្តែសម្រាប់បេក្ខជនដែលមានពិន្ទុ IELT (Academic Module) ចាប់ពី៦.០ ឡើងទៅ ឬ ពិន្ទុ TOEFL ប្រហាក់ប្រហែលគ្នា គឺពុំចាប់បាច់បង់ថ្លៃប្រឡងធ្វើតេស្តភាសាអង់គ្លេសនោះទេ។
បើតាមការប្រកាសនៅគេហទំព័រផ្លូវការរបស់ខ្លួន AUPP បានសម្រេចផ្ដល់អាហារូបករណ៍ ១០០% និងអាហារូបករណ៍តាមនិទ្ទេសជាច្រើនកន្លែងដល់សិស្សានុសិស្សដែលនឹងប្រលងបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ។
អាហារូបករណ៍ ១០០% មានចំនួន ៣០កន្លែង សំរាប់ជំនាញច្បាប់ ១០ ជំនាញកិច្ចការអន្ដរជាតិ ១០ និងជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ១០។ AUPP ក៏នឹងផ្ដល់អាហារូបករណ៍តាមនិទ្ទេសសម្រាប់គ្រប់មុខជំនាញសិក្សា ជាច្រើនកន្លែងទៀត ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B និង C ពីការប្រលងសញ្ញាបត្រទុតិយភូមិខាងមុខនេះ បន្ថែមដោយការប្រលងរៀបចំដោយ AUPP។
សូមបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០១៣ ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក ក៏ប៉ុន្តែនៅក្នុងឆ្នាំ ២០១៧ សាកលវិទ្យាល័យត្រូវបានប្ដូរទីតាំងទៅខណ្ឌឫស្សីកែវវិញ។ អាមេរិកាំងភ្នំពេញ គឺជាសាកលវិទ្យាល័យឯកជនរៀបចំឡើងតាមស្ដង់ដាអន្តរជាតិ ដែលសាស្ត្រាចារ្យ ភាគច្រើនមានសញ្ញាបត្រថ្នាក់បណ្ឌិតពីអន្តរជាតិ។
សាកលវិទ្យាល័យបានអះអាងម្តងហើយម្តងទៀតថា ខ្លួនប្តេជ្ញាចិត្តព្យាយាមដើម្បីសិស្សានុសិស្ស និងឪពុកម្តាយក្នុងការផ្ដល់នូវគុណតម្លៃសាកលវិទ្យាល័យដូចជា ការរំពឹងទុកនៃការអប់រំដែលមានកម្រិតខ្ពស់ ការទំនូលខុសត្រូវ សមភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវផ្ទាល់ខ្លួន។
AUPP ស្ថិតក្នុងចំណោមសាកលវិទ្យាល័យដែលមានកិត្យានុភាពបំផុត នៅក្នុងប្រទេសកម្ពុជា៕