ម្ចាស់ក្រុមហ៊ុន P.Y Mart លោក ឌី វ៉ាន់ខូវ បានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនជាង ៣០០ សាខានៅទូទាំងប្រទេស ផ្តោលើសេវាកម្មប្រេនឆាយបើកប្រភេទម៉ាតតូចៗ ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្គត់ផ្គង់អគិសនី សម្ភារៈកូនក្មេង ដែលនាំចូលពីសហរដ្ឋអាមេរិក អ៊ឺរ៉ុប កូរ៉េ ថៃ ចិន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
កើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លោកគឺជាកូនច្បងក្នុងចំណោមបងប្អូន ៥ នាក់ ដែលមានឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការ។ នៅអំឡុងឆ្នាំ២០០៨ លោកឃ្លាតឆ្ងាយពីស្រុកកំណើត និងអ្នកមានគុណ ផ្លាស់មករស់នៅរាជធានីភ្នំពេញ ហើយបានរៀនចប់មធ្យមសិក្សានៅវិទ្យាល័យច្បារអំពៅ ក្នុងឆ្នាំ ២០១១ និងបានចូលរៀនមហាវិទ្យាល័យ ជំនាញព័ត៌មានវិទ្យា IT នៅសាកលវិទ្យាល័យ IIC។
លោកបានចូលបម្រើការងារនៅក្រុមហ៊ុនមួយផ្នែក TI ក្រោយមកលោកបានលាឈប់ទៅវិញ។ នៅឆ្នាំ២០១៥ លោក ឌី វ៉ាន់ខូវ បានចាប់ផ្តើមជំនួញអនឡាយ ធ្វើវេបសាយលក់ បង្រៀនប៊ូសផេក រៀបចំបង្កើតផេកហ្វេសប៊ុក។ “ធ្វើការឲ្យគេវាសុវត្ថិភាព បើទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ យើងនៅតែមានប្រាក់ខែ ប៉ុន្តែវាមានសម្ពាធត្រង់ថា ខ្ញុំមិនចេះនៅស្ងៀមមួយកន្លែង ហើយចាំតែយកប្រាក់ខែពីគេនោះទេ។ ខ្ញុំចង់ធ្វើអ្វីជាគំនិតខ្លួនឯង ដែលជាការរកលុយចេញពីខ្លួនឯង។ និយាយជារួម គឺខ្ញុំចង់ក្លាយជាកម្មសិទ្ធិខ្លួនឯង ចង់បង្កើតក្រុមហ៊ុនខ្លួនឯង ព្រោះធ្វើការឲ្យគេយើងត្រូវសួរខ្លួនឯងថា ម្ចាស់ក្រុមហ៊ុនយើងកំពុងធ្វើការហ្នឹង តើគាត់ជានរណា? ខណៈដែលគាត់ជាមនុស្សដូចយើងដែល គាត់អាចធ្វើបានក្លាយជាម្ចាស់ក្រុមហ៊ុន ចឹងយើងមនុស្សដូចគ្នា ក៏នឹងអាចក្លាយជាម្ចាស់ក្រុមហ៊ុន មានបុគ្គលិកធ្វើការឲ្យយើងរកប្រាក់ចំណូលដូចគាត់ដែរតើ”។
មុនទទួលបានជោគជ័យក្នុងជំនួញដូចបច្ចុប្បន្ន លោកបានហែរឆ្លងការលំបាកមិនតិចឡើយ ដូចជាធ្លាប់ចេញរកស៊ីខាតផ្ញាជើង ជួបឧបសគ្គច្រើនមានការវ៉ៃបំបាក់ស្មារតី មើលងាយមើលថោកពីអ្នកដទៃថាវាមិនអាចទៅរួច។
មកដល់បច្ចុប្បន្នអតីតក្មេងមកពីខេត្តកំពង់ស្ពឺរូបនេះ បានក្លាយជាថៅកែក្រុមហ៊ុន P.Y Mart ពិសេសជាមេដឹកនាំមួយរូប ដែលពោរពេញដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ។ “និយាយទៅកើតមកដឹងក្តីភ្លាម គឺចង់ក្លាយជាអ្នកជំនួញ បើទោះបីកន្លងមកមិនដែលបានអានសៀវភៅជោគជ័យ ឬមិនដែលជួបមនុស្សជោគជ័យ ប៉ុន្តែចង់រកស៊ីតែម្តង”។
បន្ទាប់ពីការខិតខំប្រឹងប្រែង និងទទួលបាននូវបទពិសោធន៍ជាច្រើនមក លោកបានសម្រេចក្តីស្រមៃ ដោយបង្កើតក្រុមហ៊ុន P.Y Mart។ នេះជាសមិទ្ធផលធំមួយ បន្ទាប់ពីបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំ។ ប៉ុន្តែលោកក៏បានដឹងរួចជាស្រេចហើយថា នឹងអាចមានឧបសគ្គចំពោះមុខជាច្រើន ដែលត្រូវដោះស្រាយ។ ** យ៉ាងណាមិញលោកហាក់មានជំនឿចិត្តលើសមត្ថភាពខ្លួនឯង ដោយសារមានការគាំទ្រពីក្រុមការងារ ពិសេសពីគ្រួសារតែម្តង**។
លោក ឌី វាន់ខូវ ឱ្យដឹងថា មានកត្តាបី ដែលជំរុញឱ្យលោកទទួលបានជោគជ័យគឺ កត្តាគ្រួសារដែលមានប្រពន្ធកូន បងប្អូន និងដៃគូសហការមួយគ្នាដែលជាស្ថាបនិក ប្រេនឆាយសាច់អាំងចង្កាក់ HBF។ លោកបានចាត់ទុកអ្វីគ្រប់យ៉ាងដែលទទួលបាន គឺជាភាពជោគជ័យដ៏ត្រចះត្រចង់បំផុត ព្រោះភាពជោគជ័យកើតចេញគំនិតខ្លួនឯង មានកម្មសិទ្ធិលើជីវិតខ្លួនឯង ដែលជាការរកលុយចេញពីខ្លួនឯង។
នៅពីក្រោយជោគជ័យរបស់លោក ឌី វ៉ាន់ខូវ គឺផ្តើមចេញពាក្យថា “យើងជាកូនច្បង ប្រៀបបាននឹងឪពុកចឹង ដូច្នេះយើងចង់ឲ្យត្រកូលយើងហ្នឹងឈប់ក្រ ចាប់ពីត្រឹមពេលខ្ញុំកើតមកតទៅ។ ខ្ញុំខ្លួនឯង គឺចង់បញ្ឈប់ភាពក្រ ចង់ជួយបងប្អូនរួមផ្ទៃតែមួយកុំឲ្យក្រទៀត ព្រោះតែខ្ញុំធ្លាប់បានជួបនិងកាត់នូវភាពក្រក្រីលំបាកឆ្អែតរួចមកហើយ”។
“មិនថាយើងជាអ្នករកស៊ី ឬធ្វើការឲ្យគេទេ ទោះបីចាប់ផ្តើមអាជីវកម្មក៏នៅតែបន្តការធ្វើការឲ្យគេដែរ ព្រោះការធ្វើការឲ្យគេមិនមែនយកតែប្រាក់ខែនោះទេ គឺដើម្បីរៀនសូត្រពីម្ចាស់ក្រុមហ៊ុន ហើយយកមកអនុវត្ត។ ពេលយើងរកស៊ីបណ្តើរ គឺយើងរៀនបណ្តើរ ហើយត្រូវមានអ្នកប្រឹក្សាយោបល់ អ្នកសួរនាំផ្លូវ នៅពេលដែលដើរបណ្តើរត្រូវចេះសួរនាំផ្លូវគេបណ្តើរ”។ លោកបន្ថែម។
លោកបានផ្ដាំផ្ញើទៅយុវជនជំនាន់ក្រោយ ត្រូវមានហេតុផលគោលដៅច្បាស់លាស់ និងត្រូវចាំថា អ្វីក៏យើងអាចធ្វើបានដែរឱ្យតែយើងមានផ្លូវទៅរកគោលដៅដែលយើងចង់ទៅ ព្រោះគ្រប់ចម្លើយតែងមានហេតុនិងផល ចឹងមនុស្សគ្រប់រូប ត្រូវតែរកមូលហេតុផល និងគោលដៅឲ្យឃើញ ប្រសិនបើយើងចង់បានជោគជ័យ។ “ពាក់ព័ន្ធនឹងភាពក្លាហាន ការគិតតូចការគិតធំ វាអត់សំខាន់នោះទេ សំខាន់គឺនៅត្រង់ថា យើងមានផ្លូវទៅរកគោលដៅដែលយើងចង់ទៅ ព្រោះគ្រប់ចម្លើយតែងមានហេតុនិងផល ចឹងមនុស្សគ្រប់រូប រកមូលហេតុផលច្បាស់លាស់ ហើយយើងមានគោលដៅ ប្រសិនបើយើងអត់ទេយើងអត់ជោគជ័យនោះទេ”៕