រថយន្តប្រើប្រាស់ថាមពលអគ្គិសនីដែលអាចឲ្យបងប្អូនអាជីវកររកសុីលក់ដូរចល័តងាយស្រួល ត្រូវបានអតីតនិស្សិតសិក្សាជំនាញអគ្គិសនីម្នាក់ ច្នៃចេញរូបរាងក្រោយឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំជាវិស្វករអគ្គិសនី។
លោក គឹម វណ្ណពៅ បានផ្ដល់សម្ភាសន៍តាមទូរស័ព្ទជាមួយឧកញ៉ាញូសហ៍ថា ក្រោយឆ្លងកាត់បទពិសោធន៍ការងារជាវិស្វករអគ្គិសនី ជាងម៉ាស៊ីនត្រជាក់ និងបរិក្ខារទូរទឹកកកតូចធំ បូកជាមួយការសិក្សាស្រាវជ្រាវបន្ថែម ទើបលោកចាប់អារម្មណ៍ទៅលើការបង្កើតឡានអគ្គីសនីនេះ។
ដោយមើលឃើញបងប្អូនអាជីវកររកស៊ីលក់ដូរចល័ត មានការខ្វះខាតផ្នែកបច្ចេកទេសមធ្យោបាយធ្វើដំណើរ អាចបង្កឲ្យមានបញ្ហាគ្រោះថ្នាក់ដោយសារកត្តាផ្សេងៗ ទើបលោកបានខិតខំស្រាវជ្រាវនិងទាក់ទងទៅក្រុមហ៊ុនដែលផលិតឡានអគ្គិសនីនៅស្រុកក្រៅ ស្នើសុំទិញសម្ភារៈយកមកសិក្សាសាកល្បងដំឡើងដោយខ្លួនឯង ដើម្បីឱ្យដឹងថាដំណើរការទៅរួចឬអត់។
បន្ទាប់ពីដំឡើង ហើយសាកល្បងប្រើប្រាស់រយៈពេល 5 ទៅ 6 ខែ ដោយបានបើកធ្វើដំណើរទាំងនៅទីក្រុងភ្នំពេញ និងទៅបណ្តាខេត្ត ដើម្បីធ្វើតេស្តសាកល្បងឃើញមានអ្នកចាប់អារម្មណ៍បញ្ជាទិញជាបន្តបន្ទាប់។
ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោកគឹម វណ្ណពៅ បានចាប់ផ្ដើមសាកល្បងដំឡើងរថយន្តអគ្គីសនីសម្រាប់ប្រើប្រាស់និងលក់កាលពីចុងឆ្នាំ 2020។ រីឯតម្លៃអាស្រ័យទៅតាមម៉ូដទំហំប្រវែងបណ្ដោយទទឹង ជាមួយការរចនាម៉ូតខាងក្នុងខាងក្រៅនិងការរៀបចំប្រព័ន្ធអគ្គិសនីផ្សេងៗ ដែលតម្លៃចាប់ពី 3500 ដុល្លារឡើង។
ដើម្បីសម្រួលដល់ការរកស៊ីដល់បងប្អូនអាជីវករ លោកក៏មានផ្ដល់ជូនសេវាកម្មបង់រំលស់ដែរ ដោយសហការជាមួយអ្នកដែលផ្ដល់សេវាកម្មបង់រំលស់ ដើម្បីសម្រួលដល់បងប្អូនអាជីវករលក់ដូរចល័តដែលខ្វះខាតថវិកាខ្វះដើមរកស៊ីអាចសិក្សាបង់រំលស់បានជាមួយភ្នាក់ងារបង់រំលស់បាន។
គួររំលឹកផងដែរថា រថយន្តប្រើប្រាស់ថាមពលអាគុយនេះជាប្រភេទរថយន្ត ដែលផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនដែលប្រកបរបលក់ដូរភេសជ្ជះ រឺ ម្ហូបអាហារ ចល័ត មានច្រើនម៉ូត ច្រើនពណ៌ ច្រើនទំហំក្នុងការជ្រើសរើស និង កម៉្មង់តំឡើងបានតាមតម្រូវការ។ ទ្បានសម្រាប់លក់ម្ហូបនេះដើរដោយប្រព័ន្ធអគ្គសនី អាចសាកភ្លើងឬប្រើថាមពលសូទ្បាបាន។ ជិះក្នុងបានក្នុងល្បឿន ៤០គមក្នុង១ម៉ោង។
សម្រាប់បងប្អូនដែលមានបំណងចង់សាកសួរព័ត៍មានបន្ថែម ទាក់ទងនិងឡានអគ្គីសនី អាចធ្វើការទំនាក់ទំនងសាកសួរតាមរយៈលេខទូរស័ព្ទ៖ 071 222 8869 / 087 366 553 ឬទំនាក់ទំនងតាម Page: រថយន្តអគ្គិសនី អ៊ីរ៉ាយ E-Ride។