ក្រុមហ៊ុនប្រេងថៃ PTT គ្រោងពង្រីកអាជីវកម្មឱសថ ដោយចុះកិច្ចព្រមព្រៀមជាមួយ Alvogen ក្នុងតម្លៃ ៤៧៥ លានដុល្លារ

អាជីវកម្ម

ក្រុមហ៊ុនប្រេងឥន្ធន: PTT របស់ថៃ គ្រោងនឹងធ្វើការពង្រីកបន្ថែមទៀត ទៅលើអាជីវកម្មឱសថ នៅក្នុងនាមជាផ្នែកមួយនៃដៃគូសហការជាមួយក្រុមហ៊ុនផលិតថ្នាំ Alvogen ដែលជាមេរបស់ក្រុមហ៊ុន Lotus Pharmaceutical របស់តៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង PTT និង Icelandic Aztiq បានយល់ព្រមទៅលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Alvogen Emerging Markets Holdings Ltd ក្នុងតម្លៃប្រមាណ ៤៧៥ លានដុល្លារអាមេរិក ដែលកាន់កាប់ភាគហ៊ុន ៥៧,៤៨% នៅក្នុង Lotus  Pharmaceutical ។ យ៉ាងណានេះបើតាមការឲ្យដឹងពី Refinitiv Eikon ។

មិនតែប៉ុណ្ណោះក្រុមហ៊ុន PTT បាននិយាយថា ខ្លួននឹងមានសិទ្ធកាន់កាប់ភាគហ៊ុនដោយប្រយោលប្រមាណ ៣៧% នៅក្នុង Lotus ដែលផលិតថ្នាំ ដើម្បីព្យាបាលជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺផ្លូវចិត្ត នៅពេលដែលកិច្ចព្រមព្រៀងបិទនៅត្រីមាសទីមួយនៃឆ្នាំ ២០២២ ខាងមុខ និងរួមទាំងទទួលបាន ៦០% នៃ Adalvo ផងដែរ ។

គួររំលឹកផងដែរថា កាលពីខែមេសា ក្រុមហ៊ុន PTT បានទិញយកភាគហ៊ុនរបស់ Lotus ចំនួន ៦,៦% នៅក្នុងតម្លៃប្រមាណ ៥០ លានដុល្លារ ។

ដោយឡែក ការបោះជំហានចូលអាជីវកម្មថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន PTT ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេកាន់តែងាកចេញឆ្ងាយពីឥន្ធន:ហ្វូស៊ីល ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសថៃមួយនេះ ក៏ធ្លាប់បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការផលិតរថយន្តអគ្គិសនី និងធ្វើការពង្រីកសិទ្ធិអាជីវកម្មហាងកាហ្វេ Amazon របស់ខ្លួន នៅតំបន់អាស៊ីផងដែរ ៕

ប្រភព: CNA