ការបើកអាជីវកម្ម មិនមែនជារឿងដែលយើងគិតថាចង់ធ្វើ ហើយធ្វើភ្លាមដោយមិនមានការរៀបចំដ៏ត្រឹមត្រូវមួយនោះទេ។ អាជីវកម្មនីមួយៗ អាចនិយាយបានថា សុទ្ធតែចាប់ផ្ដើមតាមរបៀប និងលក្ខណ:ខុសគ្នា ប៉ុន្តែមិនមានការបញ្ជាក់ណាមួយដែលពិភាក្សាអំពីចំណុចជាក់លាក់ក្នុងការបង្កើតអាជីវកម្មនោះទេ។ យ៉ាងណាមិញ បើទោះមិនមានអំណះអំណាងច្បាស់លាស់ក៏ដោយ ក៏ម្ចាស់អាជីវកម្ម និងសហគ្រិនជោគជ័យមួយចំនួនបានបង្ហាញពីបទពិសោធន៍ដែលមានប្រយោជន៍ជាច្រើន និងហូរហែតាមរយៈវគ្គសិក្សា ក៏ដូចជាការចែករំលែកជាសាធារណៈផងដែ។ នេះជាការលើកឡើងរបស់កម្មវិធីសហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។
សហគ្រិនខ្មែរ បានបង្ហាញ ៥ចំណុចដែលជាគំនិតសំខាន់ៗជួយក្នុងការបើកអាជីវកម្មមួយឲ្យបានជោគជ័យរួមមាន៖
ត្រូវមានចក្ខុវិស័យច្បាស់លាស់មួយ៖ មុនចាប់ផ្ដើមអាជីវកម្មមួយ អ្នកអាចសួរខ្លួនឯងថាហេតុអ្វីបានជាចង់បើកអាជីវកម្មប្រភេទហ្នឹង? តើអនាគតទៅអាជីវកម្មនេះ អាចនឹងដើរដល់ចំណុចណា? មានឧបសគ្គអ្វីខ្លះ? ហើយអ្នកអាចដោះស្រាយវាបានតាមវិធីណាខ្លះ? ក្រៅពីនេះ អ្នកត្រូវកំណត់គោលដៅឲ្យជាក់លាក់ទាក់ទងនឹងប្រាក់ចំណូល និងអតិថិជនគោលដៅក្នុងរយៈពេលណាមួយ។ ឧទាហរណ៍ ការទទួលបានអតិថិជន ១០០ នាក់ក្នុងមួយខែ និងរកចំណូលបានយ៉ាងហោចណាស់ ៧០០ដុល្លារក្នុងមួយខែ។
សិក្សាពីប្រភេទអតិថិជន៖ ក្នុងន័យនេះ គឺសំដៅដល់ តើនរណាដែលជាអតិថិជនគោលដៅរបស់អ្នក? អាចជាកូនក្មេង យុវវ័យ ឬមនុស្សចាស់ និងទីតាំងដែលពួកគាត់រស់នៅជាដើម ដើម្បីងាយស្រួលកំណត់គុណតម្លៃផលិតផលឲ្យសមស្របនឹងអតិថិជន ទាំងតម្លៃ និងគុណភាព។ ជាពិសេស អ្នកអាចធ្វើឲ្យផលិផលនោះកាន់តែទាក់ទាញជាមួយនឹងគំនិតច្នៃប្រតិដ្ឋឲ្យត្រូវនឹងបញ្ហារបស់អតិថិជនផងដែរ។
សាកល្បងផលិតផល ឬសេវាកម្មរបស់អ្នក៖ ដើម្បីដឹងថាផលិតផល ឬសេវាកម្មរបស់អ្នកអាចលក់ចេញបានច្រើនឬអត់ ក្រៅពីការកំណត់គុណតម្លៃឲ្យសមស្របនឹងអតិថិជនដែលជាគោលដៅសម្រាប់អាជីវកម្មរបស់អ្នកហើយនោះគឺការសាកល្បងផលិតផល ឬសេវាកម្មនៃអាជីវកម្ម ថាតើអតិថិជននឹងពេញចិត្តកម្រិតណាលើផលិតផលដែលអ្នកចង់លក់ចេញទៅឲ្យពួកគាត់ អ្នកអាចធ្វើជាផលិតផលបែបគំរូ (sample) ដែលមានទំហំតូច និងបរិមាណតិច ហើយឲ្យពួកគាត់សាកល្បងប្រើជាមុនសិន មុននឹងបញ្ចេញលក់ជាផ្លូវការ ដើម្បីវិភាគមើលថាមានមនុស្សច្រើនឬអត់ដែលចូលចិត្តប្រើផលិតផលទាំងនោះ។
កំណត់តម្លៃ៖ ការកំណត់តម្លៃគឺត្រូវប្រាកដថា អ្នកចេះថ្លឹងថ្លែងតម្លៃនោះដោយផ្អែកលើគុណភាពផលិតផលឲ្យសមស្របទៅនឹងការចំណាយជាមធ្យមរបស់អតិថិជនគោលដៅ។ មួយវិញទៀត អ្នកត្រូវគិតគូរអំពីការប្រកួតប្រជែងតម្លៃជាមួយដៃគូប្រកួតប្រជែងផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានប្រាក់ចំណេញ និងអាចទាញយកអតិថិជនពីដៃគូប្រជែងរបស់អ្នកបាន។ លើសពីនេះ បើអ្នកចង់ដំឡើងតម្លៃក្នុងកាលៈទេសៈណាមួយ អ្នកត្រូវចេះវិភាគថាបើអ្នកដំឡើងថ្លៃ តើអតិថិជននឹងថយចុះឬយ៉ាងណា និងប្រសិនបើបញ្ចុះតម្លៃវិញ តើអតិថិជនអាចនឹងកើនបានប៉ុនណា។
បើកចិត្តទទួលការរិះគន់បែបស្ថាបនា៖ ក្រៅពីខ្លួនអ្នកផ្ទាល់ មនុស្សដែលនៅជុំវិញខ្លួនអ្នកដូចជា មិត្តភក្តិ គ្រួសារ សាច់ញាតិ គឺសុទ្ធតែអាចផ្តល់ជាយោបល់ដល់អ្នកបាន ពិគ្រោះជាមួយពួកគេពេលជួបបញ្ហា ព្រោះពេលខ្លះអ្នកទាំងនោះអាចមានបទពិសោធន៍ទាក់ទងនឹងការរកស៊ីច្រើនជាងអ្នក។ ម្យ៉ាងវិញទៀត មតិរបស់អតិថិជនក៏ជាផ្នែកសំខាន់មួយសម្រាប់អ្នកយកទៅស្ថាបនាអាជីវកម្មរបស់អ្នកដែរ។ ត្រូវចាំថា មតិរបស់អតិថិជនអាចចេញមកវិជ្ជមាន និងអវិជ្ជមាន ដូច្នេះហើយអ្នកត្រូវទទួលយកវាទៅគិតពិចារណា ហើយឆ្លើយតបទៅពួកគេវិញឲ្យបានសមស្រប ទើបការរកស៊ីអាចដើរទៅមុខបានយ៉ាងរលូន។
បើតាមសហគ្រិនខ្មែរ គំនិតនៃការបើកអាជីវកម្មអាចមានច្រើន និងមានលក្ខណ:ខុសៗគ្នា អាស្រ័យលើទំហំ និងប្រភេទអាជីវកម្មដែលអ្នកចង់បើកដំណើរការ។ ការរៀបរាប់ខាងលើគឺជាចំណុចទូទៅដែលសហគ្រិន និងអាជីករ ភាគច្រើនឧស្សាហ៍យកមកអនុវត្តមុនសម្រេចចិត្តបង្កើតអាជីវកម្មរបស់ពួកគាត់ អាស្រ័យហេតុនេះហើយ ប្រសិនបើអ្នកកំពុងមានគំនិតចង់បើកអាជីវកម្មណាមួយ អ្នកអាចពិចារណាលើចំណុចទាំងនេះបាន ហើយយើងសង្ឃឹមថា វានឹងជួយជាគំនិតដល់អ្នកបានមួយភាគដែរ៕