ក្រុមហ៊ុន Toyota Motor Corp បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងបន្តផ្អាកសកម្មភាពផលិត នៅរោងចក្រក្នុងប្រទេសជប៉ុនចំនួន ៥ ទៀត នៅក្នុងខែមករាឆ្នាំក្រោយ ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះបន្ទះឈីប និងជំងឺរាតត្បាតកូវីដ ១៩ ។
ជាក់ស្តែងក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសជប៉ុនមួយនេះ បាននិយាយថា ការបញ្ឈប់ផលិតកម្ម នៅក្នុងរោងចក្រទាំងនោះ នឹងប៉ះពាល់ដល់សង្វាក់ផលិតរថយន្តប្រហែល ២០ ០០០ គ្រឿង ប៉ុន្តែយ៉ាងណាវានឹងមិនប៉ះពាល់ទៅដល់គោលដៅប្រចាំឆ្នាំរបស់ពួកគេ ក្នុងការការផលិតរថយន្តឲ្យបានចំនួន ៩ លានគ្រឿងនោះទេ ។
គួរឲ្យដឹងផងដែរថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនកំពុងព្យាករណ៍ ពីការថយចុះកាន់តែច្រើននៃផលិតកម្មរថយន្តនៅអាមេរិកខាងជើង នៅក្នុងខែមករា ដល់ចំនួន ៥០ ០០០ គ្រឿង ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ។
បញ្ជាក់ថា ក្រុមហ៊ុន Toyota បានព្យាយាមបង្កើតផលិតកម្ម ដែលបាត់បង់ទៅ ដោយសារការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសម៉ាឡេស៊ី និងវៀតណាម កាលពីពេលមុន ដែលត្រូវបង្ខំឲ្យក្រុមហ៊ុន កាត់បន្ថយចំនួនផលិតរថយន្តរបស់ខ្លួន បើទោះបីជាតម្រូវរថយន្តនៅក្នុងទីផ្សារប្រទេសចិនកំពុងតែស្ទុះងើបឡើងវិញ នៅពេលការបិទខ្ទប់ទីក្រុងត្រូវបានបញ្ចប់៕
ប្រភព: Kelo