កាលពីដើមខែមករា ឆ្នាំ២០២២នេះ ក្រុមហ៊ុន PU Watch Cambodia បានចេញម៉ូដែលនាឡិកាដៃថ្មីប្រភេទ «ថ្មបាយក្រៀម» ក្រោមស្លាកយីហោ «ពូ» ក្នុង ១ គ្រឿងតម្លៃ ៣ ម៉ឺនដុល្លារអាមេរិក មានតែ ៣ ក្នុងលោក។

តាមរយៈទំព័រហ្វេសបុកនាពេលថ្មីៗនេះ Pu Watch Cambodia បានឲ្យដឹងថា ថ្មបាយក្រៀម ជានាឡិកាដែលឆ្លាក់ប្រើពេល ២ ឆ្នាំសម្រាប់ឆ្លាក់ពេញមួយនាឡិកាបែបចម្លាក់បុរាណខ្មែរ។ បន្ទះខាងក្នុងយកតាមថ្មបាយក្រៀមរបស់កម្ពុជា ដែលជាភាពថិតថេរគង់វងរបស់ប្រសាទបុរាណខ្មែរ។
លោក សែត ពិទូ ស្ថាបនិកក្រុមហ៊ុននាឡិកាម៉ាក «ពូ» បានបង្ហើបថា ម៉ូដែលថ្មី ប្រភេទថ្មបាយក្រៀមនេះ ១ គ្រឿង តម្លៃ ៣ ម៉ឺនដុល្លារ ដោយសារវាជាប្រភេទនាឡិកាស៊េរី Limited Edition ហើយវាជានិមិត្តសញ្ញានៃភាពរឹងមាំ ឋិតថេរគង់វង្សយូរអង្វែង ដូចជាប្រវត្តិនៃឈ្មោះថ្មបាយក្រៀមខ្មែរនេះតែម្តង។

គួររម្លឹកថា នៅឆ្នាំ ២០១៨កន្លងទៅ នាឡិកាដៃដ៏ប្រណីត ដែលច្នៃដោយកូនខ្មែរម៉ាក «ពូ» នេះ បានទាក់ទាញអ្នកប្រើនៅក្រៅប្រទេស ហើយត្រូវបានគេកុម្ម៉ង់រាប់រយគ្រឿង ជាមួយនឹងតម្លៃមិនជាធូរថ្លៃប៉ុន្មាននោះឡើយ។
បើមើលតាមរូបរៀងប្រភេទ នាឡិកាដៃម៉ាក «ពូ» គឺបានរំលេចចេញ logo ប្លាទីន រចនាជាអក្សរជាតិខ្មែរ «ពូ» ហើយនៅក្នុងម៉ាស៊ីនកញ្ចក់ធ្វើពីត្បូង sapphire-crystal glass ចំណែកឯតួខាងលើធ្វើពីដែក stainless steel sapphire crystal ដែលមានភាពរឹងមាំ ហើយធន់ លាយជាមួយនឹងត្បូង crystal ដោយឡែកខ្សែវិញផលិតពីស្បែកសុទ្ធតែម្តង៕
