ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានីយប្រេងឥន្ធនៈ PTT បានសហការគ្នាបើកទីផ្សារបន្ថែមដល់ផលិតផលខ្មែរ អាចដាក់លក់ផលិតផលខ្មែរ ជាគ្រឿងបរិភោគ គ្រឿងសម្អាង បន្លែ ផ្លែឈើ និងផលិតផលផ្សេងទៀត នៅតាមស្ថានីយប្រេងឥន្ធនៈ PTT ដោយឥតគិតថ្លៃ ដើម្បីការលក់ផលិតផលខ្មែរ ឱ្យបានកាន់តែទូលំទូលាយជាងមុន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផលិតផលខ្មែរដែលផលិតករ សិប្បកម្មករ កសិករ និងសហគមន៍ បានយកមកដាក់លក់នេះ សុទ្ធតែមានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវ មិនចាញ់ផលិតផលបរទេសនោះទេ។ លោកបានសង្កត់ធ្ងន់ថា ផលិតករខ្មែរ យល់ដឹងច្រើនអំពីការជំរុញគុណភាពផលិតផល និងយកចិត្តទុកដាក់លើគោលការណ៍អនាម័យ និងការកែច្នៃវេចខ្ចប់។

ជាមួយគ្នានេះ លោក ណេតតាផុង កែវត្រាកុលផុង អគ្គនាយកក្រុមហ៊ុន PTT បានលើកឡើងថា ក្នុងជំហានដំបូងនេះស្ថានីយប្រេងឥន្ធនៈ PTT នឹងអនុញ្ញាតឱ្យមានការដាក់លក់ផលិតផលខ្មែរចំនួន ៧ទីតាំង សាកល្បងសិន ហើយជំហានបន្ទាប់ពង្រីកតាមបណ្តាស្ថានីយប្រេងឥន្ធនៈ PTT មួយចំនួនទៀត។ ទន្ទឹមនឹងនោះ លោកសង្កេតឃើញថា ផលិតផលខ្មែរដែលបានយកមកលក់នៅទីនេះ សុទ្ធជាផលិតផលមានគុណភាពល្អ និងមានការវេចខ្ចប់យ៉ាងស្អាត។

សូមជម្រាបថា គម្រោងការដាក់ឱ្យមានស្តង់ផលិតផល ក្នុងត្រីមាសទី១ តាមស្ថានីយប្រេងឥន្ធនៈ PTT អាចដាក់លក់តាមបណ្តារាជធានី-ខេត្តចំនួន ០៥ ចាប់ពីចុងខែមករា ឆ្នាំ២០២២នេះតទៅ រួមមាន៖ រាជធានីភ្នំពេញ ចំនួន២ទីតាំងគឺ ច្បារអំពៅ និងព្រែកព្នៅ នៅខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម និងខេត្តតាកែវ។
ដោយឡែក នៅត្រីមាសទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT នឹងពង្រីកការដាក់លក់នៅតាមស្ថានីយស្ថិតនៅតាមផ្លូវជាតិលេខ២ លេខ៣ និងលេខ៤។ នៅត្រីមាសទី៣ នឹងបើកលក់នៅតាមបណ្តោយជាតិលេខ៦ និងត្រីមាសទី៤ នឹងមានការបើកលក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ តាមផ្លូវជាតិលេខ៥៕