នៅប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្រុមអ្នកវិនិយោគិនមកពីអឺរ៉ុបជាង ៤៤០នាក់ គ្រោងបោះទុនប្រមាណជាង ៦០០ពាន់លានដុល្លារអាមេរិក ធ្វើការអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃ នៅខេត្តកោះកុង។ ទីក្រុងវ៉ៃឆ្លាតនេះ ត្រូវបានក្រុមហ៊ុន BilderBerg Investment Group ផ្តល់រហ័សនាមថា “ទីក្រុងអនាគត” ដែលនឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ី។
ប្រធានក្រុមហ៊ុន BilderBerg Investment Group លោក ដេននីស កូកូវីច ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះបានលើកឡើងថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ក្នុងគម្រោង «អនាគត» របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹង លើវិស័យធំបី រួមមានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។
ជុំវិញដំណឹងនៃការអភិវឌ្ឍទីក្រុងទំនើបក្នុងតម្លៃប្រមាណជាង ៦០០ពាន់លានដុលា្លរ របស់ក្រុមហ៊ុន BilderBerg Investment Group នៅខេត្តកោះកុង ដែលល្បីល្បាញគ្រប់បណ្តាញសារព័ត៌មានក្នុងស្រុកចុះផ្សាយ នៅថ្ងៃអង្គារ៍ ទី១៥ កុម្ភៈនេះ សារព័ត៌មានឧកញ៉ាញូស៍ បានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីអភិបាលរង និងជាអ្នកនាំពាក្យនៃសាលាខេត្តកោះកុង លោក សុខ សុទ្ធី តែលោកសូមមិនអត្ថាធិប្បាយដោយអះអាងថាជាប់រវល់ជាមួយប្រជពលរដ្ឋ។
យ៉ាងណា ក្នុងនាមអ្នកវិនិយោគសំឡឹងឃើញសក្តានុពលនៃខេត្តកោះកុងលោក ដេនីស បានស្នើឲ្យប្រជាពលរដ្ឋអ្នកខេត្តកោះកុង សូមកុំបារម្មណ៍ កុំភ័យ កុំគិតថាមានអ្នកស៊ីលើស៊ីក្រោមកេងចំណេញយកផលប្រយោជន៍ពីអ្នកណាឡើយ។ ផ្ទុយវិញ សូមសហការជាមួយក្រុមហ៊ុនរបស់លោក ដើម្បីបង្កើតគម្រោងទីក្រុងអនាគតនេះឲ្យបានជោគជ័យ នោះជីវិតអ្នកទាំងអស់គ្នានឹងទទួលបានសុភមង្គល មានជីវភាពសម្បូរសប្បាយរហូតដល់កូនចៅ ចៅទួតជំនាន់ក្រោយ។
លោក ដេ នីស បានអះអាងថា «ទីក្រុងអនាគត» នឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ី ដែលរួមទាំងតំបន់ហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ផ្តាច់មុខ និងប្រណីត តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម តំបន់កសិកម្មឆ្លាតវៃ តំបន់បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងសាសនារួមបញ្ចូលគ្នា ទាំងប្រាំមកពីជុំវិញពិភពលោក ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ជាន់ថ្នាក់មកពីគ្រប់ទិសទីមករស់នៅ និងលេងកម្សាន្ត។
ទន្ទឹមនឹងនេះ លោក ដេសនីស បានសំណូមពរឲ្យប្រជាពលរដ្ឋកុំលក់ដីឲ្យអ្នកដទៃ សូមទុកដីសហការជាមួយលោកដើម្បីអនុវត្តគម្រោងអនាគតនេះឲ្យបានជោគជ័យ ព្រោះវាជាផលតប្រយោជន៍ជាតិ សម្រាប់ទាំងគ្នា។ ទោះជាបែបនេះក្តី លោកគូសបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តីនឹងការពារលោក និងប្រជាពលរដ្ឋទាំងអស់គ្នាជាក់ជាមិនខាន។
សូមជម្រាបថា គម្រោង “ទីក្រុងអនាគត” ក្រុមហ៊ុនបានប៉ានប្រមាណថា គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៥ ទៅ៧ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការ នៅតំបន់មួយជាជំហានៗផងដែរ៕