អ្នកវិនិយោគិនកូរ៉េ បង្ហាញមហិច្ឆតាស្វែងរកការអភិវឌ្ឍន៍ធុរកិច្ចនៅកម្ពុជា

អាជីវកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយវិនិយោគិនកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ ថ្លែងក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍វិនិយោគិនកូរ៉េ ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោកក៏បានបង្ហាញអំពីសក្ដានុពលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិនានា មានជាអាទិ៍ច្បាប់ស្តីពីកិច្ចប្រកួតប្រជែង ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។

លោករដ្ឋមន្រ្តីបន្តថា តាមរយៈវិធានការមុតស្រួចនានាដែលបានដាក់ចេញ ជាពិសេសយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញជាមួយនឹងកំណើន៥,៦% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិស័យធុរកិច្ច។

ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិក្រុមហ៊ុន ចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ ជាដើម។

ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

បន្ថែមទៀតនោះ លោករដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។

លើសពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។ ជាការឆ្លើយតប អ្នកវិនិយោគិនកូរ៉េ បានប្តេជ្ញាកៀងគរធុរជន និងវិនិយោគិនពីកូរ៉េមកកម្ពុជាបន្ថែមទៀត៕