សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាកំពុងតែកើនឡើង ដោយមានការចូលរួមយ៉ាងច្រើនពីសហគ្រិនវ័យក្មេងរបស់កម្ពុជា ដែលមានគំនិតច្នៃប្រឌិត និងធ្វើជំនួញ។ រដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា អាជីវកម្មផ្តួចផ្តើមថ្មី startup គឺជាសរសៃឈាមរបស់សេដ្ឋកិច្ចជាតិ។
សារព័ត៌មានឧកញ៉ាញូស៍ សូមមិននិយាយដល់អ្នកជំនួញជើងចាស់គ្រាក់ៗ មានអាណាចក្រជំនួញទ្ទង់លានដុល្លារនោះទេ ព្រោះពួកគេមានបទពិសោធន៍ជ្រៅជ្រះរួចមកហើយ។ បច្ចុប្បន្នយុវវ័យក្មេងៗអាយុមិនលើស ៣០ឆ្នាំផង ពួកគាត់ចាប់ផ្តើមមានឆន្ទៈចង់ចេញរកសុី ខណៈអ្នកមួយចំនួនទទួលជោគជ័យ។
យុវសហគ្រិនទាំងនោះត្រូវបានចាត់ទុកជាកោសិការសេដ្ឋកិច្ចមួយជួយជំរុញការវិនិយោគ បង្កើតឪកាសការងារឱ្យពលរដ្ឋជាច្រើនម៉ឺនកន្លែងដើម្បីផ្គត់ផ្គង់ជីវភាព និងកាត់បន្ថយភាពក្រីក្រ។
ថ្ងៃនេះឧកញ៉ាញូស៍ សូមណែនាំឲ្យស្គាល់នូវយុវសហគ្រិនឆ្នើម ៧រូប កំពុងជោគជ័យក្នុងមុខជំនួញ និងមានកេរ្តិ៍ឈ្មោះល្បាញល្បីនាពេលបច្ចុប្បន្ន។ លើសពីនេះ ក៏ជាម៉ូដែល ឬ Idol ជាគំរូដល់យុវវ័យផ្សេងៗទៀត ឲ្យមានចិត្តស្រឡាញ់ និងចាប់ផ្ដើមចង់ចេញរកស៊ីបង្កើតទ្រព្យ។
១.លោក លួន អានចំណេះ

គឺជាសហគ្រិនវ័យក្មេងម្នាក់ប្រចាំនៅខេត្តសៀមរាប ដែលបានបង្កើត និងគ្រប់គ្រងភោជនីយដ្ឋានចំនួនពីរកន្លែង សណ្ឋាគារប៉ូទិកចំនួនពីរកន្លែង និងហាងកាហ្វេដែលមានបណ្ណាល័យអានសៀវភៅក្នុងនោះមួយកន្លែងទៀត។
លោកជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AMATAKE INNOVEST CO LTD និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
២.កញ្ញា ដាវ

ជាអ្នកជំនួញស្រ្តីវ័យក្មេងបំផុតនៅកម្ពុជា ដែលចាប់ផ្តើមអាជីវកម្មដំបូងតាំងពីខ្លួននៅជាសិស្សវិទ្យាល័យ រហូតប្រែខ្លួនមកជាម្ចាស់អាជីវកម្ម The Cake ដ៏ពេញនិយមល្បីល្បាញក្នុងចំណោមយុវវ័នាពេលបច្ចុប្បន្ន។ Dav បានបើកសាលាបង្រៀនធ្វើនំដល់យុវវ័យជំនាន់ក្រោយ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនដែលចង់ប្រឡូកក្នុងវិស័យនេះ។
មិនតែប៉ុណ្ណោះថ្មីៗនេះ នាយិកាសាលានំវ័យក្មេងរូបនេះ ទើបតែសម្ភោធចេញសៀវភៅទី១របស់ខ្លួន ដែលមានចំណងជើងថា “១រយនំ” ថែមទៀតផង។ សៀវភៅ “១រយនំ” នេះ ចងក្រងរូបមន្ដនៃនំ១រយក្បួនជាភាសាខ្មែរ ដែលប្រមូលផ្ដុំសុទ្ធសឹងតែជាប្រភេទនំ ដែលចាំបាច់និងមានការទទួលស្គាល់ច្រើន ថែមទាំងមានភាពងាយស្រួលខ្លាំងក្នុងការអនុវត្តតាមរយៈការអាន តម្រូវគ្រប់វ័យគ្រប់និស្ស័យ ។
៣.ឧកញ៉ា ជា តុងហ៊ួរ

លោកជាយុវសហគ្រិនក្មេងមិនដល់ ៣០ឆ្នាំផង គិតត្រឹមឆ្នាំ២០២២នេះ ប៉ុន្តែជាយុវវ័យឆ្នើមពោរពេញដោយសមត្ថភាពក្នុងការដឹកនាំធុរកិច្ច បណ្តុះបណ្តាលមនុស្សរាប់សែននាក់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះលោកក៏ជាអ្នករកសុីក្នុងវិស័យអចលនទ្រព្យដែលទទួលបានជោគជ័យផងដែរ។
លោកទើបតែត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា កាលពីឆ្នាំ២០២១កន្លងទៅ។
ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ ជា Co-Founder & Chief Marketing Officer ក្រុមហ៊ុន Khmer Express Realty Co., Ltd និងជាម្ចាស់សៀវភៅ Mind Map។
៤.កញ្ញា ថូង ធីតា

គឺជាសហគ្រិនស្រ្តីឆ្នើម នៃសហគ្រាសផលិតអំបិលធម្មជាតិ ក្នុងខេត្តកំពត ថូង អ៊ិនធឺប្រៃស៍ (Thaung Enterprise) ធ្លាប់ទទួលបានពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជាកាលពីឆ្នាំ២០១៨ និងជាម្ចាស់ ពានរង្វាន់លេខ២ សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០។
តាមរយៈយីហោ អំបិលកំពត ថូង ធីតា និងយីហោថ្មី ឈ្នោះ អំបិល ជលសា កញ្ញាបានចេញលក់តាមបណ្តាលទីផ្សារទំនើបនាពេលបច្ចុប្បន្ន និងក្រៅប្រទេសផងដែរ។
កញ្ញា ថូង ធីតា ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ចក្ខុវិស័យរបស់ Thaung Enterprise គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងអ្នកតាក់តែងច្បាប់អ្នកប្រើប្រាស់ ពិសេសម្ចាស់ភោជនីយដ្ឋាន ឬក៏ម្ចាស់អាជីវកម្មផ្សេងៗ យល់នឹងឲ្យតម្លៃទៅលើអំបិលធម្មជាតិនៅក្នុងខេត្តកំពត ដែលមានទាំងគុណភាព និងអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកទទួលទាន។
៥.ស៊ិន ច័ន្ទកន្និកា

យុវតីរូបនេះ ទើបតែរៀនចប់ថ្នាក់ទី១២ ថ្មីៗ ខណៈដែលបច្ចុប្បន្នកំពុងក្លាយជាអ្នកជំនួញអនឡាញទាំងវ័យក្មេង។ ក្រោយបើកដំណើរការក្រុមហ៊ុននាំចូលផលិតផលមកពីប្រទេសថៃ កញ្ញា ស៊ិន ច័ន្ទកន្និកា បានប្រើយុទ្ធសាស្ត្រជាច្រើន ធ្វើអោយផលិតផលដែលបាននាំចូលដោយផ្ទាល់ទទួលការចាប់អារម្មណ៍ពីតំណាងចែកចាយ និង មានទីផ្សារគាំទ្រគួរអោយកត់សម្គាល់នៅលើទីផ្សារអនឡាញ។
អាជីវកម្មរបស់នាង ក៏ជួយអោយស្ត្រីមួយចំនួនដែលមានបញ្ហាប្រឈមក្នុងការរកចំណូលក្នុងសម័យកូវីតរីករាលដាលខ្លាំងនេះ មានលំនឹងសេដ្ឋកិច្ច ក្រោយធ្វើជាតំណាងចែកចាយនោះផង។
នាងថា ផលិតផលដូចគ្នាដែលនាងនាំចូលមិនខ្វះនោះទេ ប៉ុន្តែសម្រាប់ផលិតផលដែលមានគុណភាពពិតប្រាកដមិនមានច្រើនទេ ទើបធ្វើអោយក្រុមហ៊ុន Pinika Cosmitic ដែលនាងបង្កើតឡើងមានភាពរីកចំរើនលឿន។
៦.កញ្ញា អោកចាន់ សិរីរ័ត្ន

នាងជានាយកប្រតិបត្តិវ័យក្មេង ក្រុមហ៊ុន Camfield trading ដែលជាអ្នកឯកទេសសាងសង់ទីលានកីឡាគ្រប់ប្រភេទដូចជា ទីលានបាល់ទាត់ ហ្វូតសាល បាល់ទះ បាល់បោះ។
ក្រុមហ៊ុន Camfield ជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលមានស្តង់ដារអន្តរជាតិ ដែលទទួលស្គាល់ដោយសហព័ន្ធអន្តរជាតិនៃសមាគមកីឡាបាល់ទាត់ (FIFA) ក្នុងឆ្នាំ 2015 ដោយផ្អែកលើសមិទ្ធិផលក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២។ ហើយ Camfield ក៏ទទួលបាននូវកិច្ចព្រមព្រៀងលើកដំបូងជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសាងសង់ទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក ខែឧសភា ឆ្នាំ២០១៥។

៧.កញ្ញា មូល មន្នីនិច

ជានាយិកាក្រុមហ៊ុន Herbal agriculture មានចំណូលចិត្តសិក្សាស្រាវជ្រាវឱសថបុរាណខ្មែរ តាំងពីនៅវ័យក្មេងដែលចាប់ផ្តើម ស្រាវជ្រាវតាំងពីឆ្នាំ ២០១៤ កញ្ញា មូល មន្នីនិច បានរកឃេីញថ្នាំរុក្ខជាតិខ្មែរកម្ចាត់មុនយ៉ាងមានប្រសិទ្ធភាពហេីយល្បីខ្លាំងមែនទែននៅក្នុងបណ្តាញសង្គម Facebook។
កញ្ញាថ្លែងថា «ខ្ញុំធ្លាប់ឆ្លងកាត់ការលំបាកត្រូវគេធ្វេីបាបនិងរងការរិះគន់ រាប់មិនអស់បើកាលនោះខ្ញុំបោះបង់ចោលពាក់កណ្ដាលទីច្បាស់ជាគ្មានខ្ញុំដូចថ្ងៃនេះទេ។ ពេលនេះមានអ្នកវិនិយោគចិនចង់សហការនាំចេញផលិតផលខ្ញុំនៅកាន់ប្រទេសចិនពីព្រោះគាត់និយាយថាមុន ខូង ពិបាកព្យាបាលណាស់សូមរក្សារូបមន្តអោយបានល្អ។ ខ្ញុំកំពុងរៀបចំខ្លួនពង្រីកផលិតផលខ្មែរទៅប្រទេសចិននិងពិភពលោកទាំងមូល»៕