សណ្ឋាគារផ្កាយ៥ អាយុកាល ៩២ឆ្នាំប្រកាសបើកដំណើរការឡើងវិញ

អាជីវកម្ម

សណ្ឋាគារ ហ្គ្រេនហូថែលអង្គរ គឺជាសណ្ឋាគារប្រណិតលំដាប់ផ្កាយ៥មួយនៅទឹកដីខេត្តសៀមរាបអង្គរដែលស្ថិតក្រោមការគ្រប់គ្រងដោយស្លាកសញ្ញា Raffles ជាបុត្រសម្ព័ន្ធជាមួយសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ Raffles Grand d’Angkor គ្រោង នឹង បើក ដំណើរការ វិញ នៅ ដើមខែក្រោយនេះ ពោលគឺនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីត្រូវ បាន បិទ អស់ រយៈពេលជាង ២ឆ្នាំ។ ការបើកដំណើរការអាជីវកម្មឡើងវិញរបស់ហ្គ្រេនហូថែលអង្គរ គឺស្របពេលដែលមានទេសចរបរទេសចូលមកទស្សនានៅកម្ពុជាបណ្តើៗហើយ ក្រោមរដ្ឋាភិបាលបន្ធូរបន្ថយ ការ រឹតត្បិតនៃវិធានសុខាភិបាល។ នេះបើតាមប្រភពជិតស្និទ្ធនឹងអ្នកគ្រប់គ្រងទូទៅសណ្ឋាគារ ហ្គ្រេនហូថែលអង្គរ បង្ហើបប្រាប់ឱ្យសារព័ត៌មានឧកញ៉ាញូស៍ដឹងកាលពីពេលថ្មីៗកន្លងទៅ។

បើតាមក្រសួងទេសចរណ៍ ក្នុងរយៈពេលដើមឆ្នាំ២០២២នេះ មានភ្ញៀវទេសចរដើរកម្សាន្តច្រើននៅទូទាំងប្រទេសដែលអាចចាត់ទុកថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២២នេះ។

សណ្ឋាគារ Raffles Grand d’Angkor ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានទទួលស្គាល់ជាសណ្ឋាគារល្អបំផុតមួយក្នុងពិភពលោកពី Travel + Leisure ក្នុងចំណោម ៥០០ សណ្ឋាគារនៃឆ្នាំ ២០២២។

សណ្ឋាគារ ហ្គ្រេនហូថែលអង្គរ ត្រូវបានក្រុមហ៊ុនមានមូលដ្ឋាននៅសិង្ហបុរី Lodgis ដែលបានធ្វើការវិនិយោគរួមគ្នារវាងក្រុមហ៊ុន សិង្ហបុរី Warburg Pincus និង ក្រុមហ៊ុនវៀតណាម Vinacapital បានទិញយក សណ្ឋារគារ ហ្គ្រេនហូថែលអង្គរ នេះកាលពីដើមខែ កក្កដា ឆ្នាំ២០១៨ ។

សណ្ឋាគារនេះ ត្រូវបានសាងសង់ឡើងដំបូងនៅទសវត្សរ៍ ១៩៣០ ហើយត្រូវបានស្ថាបនា និងដំណើរការឡើងវិញនៅឆ្នាំ ១៩៩៧ ដោយប្រតិបត្តិការក្រោមម៉ាកយីហោ ‘Raffles’ ដែលគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ACCOR Hotels ៕