ក្រុមហ៊ុន JFT JET គ្រោងនឹងដាក់ដំណើរការ K- Air Ambulance ដែលជាសេវាយន្តហោះឯកជន លំដាប់ VIP សម្រាប់បញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស នឹងបើកដំណើរការចាប់ពីថ្ងៃទី១ មិថុនា នេះទៅហើយ។ នេះបើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុន JFT JET លោកស្រី ខែក ខេមរ៉ាត កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួន តំណាងក្រុមហ៊ុនខាងលើបានឲ្យដឹងថា នៅក្នុងកម្មវិធី« Thailand Top Wellness World 2022» ដែលបានប្រារព្ឋធ្វើឡើងក្នុងប្រទេសថៃនាថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ មានក្រុមហ៊ុនល្បីៗមកពីជាង៣០ប្រទេស ។
ជាមួយគ្នានេះ លោកស្រីថា ក្រុមហ៊ុន JFT JET ក៏បានអញ្ជើញអោយចូលរួមក្នុងកម្មវិធី និងបានចុះអនុស្សារណៈយោគយល់ពីកិច្ចសហការក្នុងការរៀបចំសេវាយន្តហោះឯកជន (Private Jet ) ជូនដល់អតិថិជន ដែលជាបណ្តាដៃគូក្រុមហ៊ុនជាង៣០ប្រទេសផងដែរ។
ជាមួយគ្នានេះ លោកស្រីបន្តបញ្ជាក់ថា នៅថ្ងៃដដែលនោះ ក្រុមហ៊ុនលោកស្រីក៏បានបើកកិច្ចសហការផងដែរជាមួយគ្រប់បណ្តាមន្ទីរពេទ្យធំៗក្នុងប្រទេសថៃ សម្រាប់កិច្ចសហការរបស់ K Air Ambulance ថែមទៀត។
សូមបញ្ជាក់ថា K-Air Ambulance ជាផ្នែកមួយឋិតក្រោមក្រុមហ៊ុន JFT Jet ដែលផ្តោតលើសេវាហោះហើរបន្ទាន់ ( Air Ambulances ទៅគ្រប់ប្រទេស)និងបើកដំណើរការចាប់ពីថ្ងៃទី១ មិថុនា នេះទៅ។
K-Air Ambulance នឹងមានផ្តល់សេវានូវយន្តហោះឯកជនគ្រប់ប្រភេទប្រដាប់ដោយសម្ភារៈពេទ្យ និងអមដំណើរដោយក្រុមវេជ្ជបណ្ឌិត ដើម្បីដឹកអ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺទៅប្រទេសថៃ សិង្ហបុរី ឥណ្ឌា បារាំង និងប្រទេសផ្សេងៗទៀត។

ក្រៅពីមានសេវាយន្តហោះឯកជន លំដាប់ VIPហើយនោះ។ K-Air Ambulance ក៏នឹងបើកឲ្យដំណើរការរថយន្តសង្រ្គោះបន្ទាន់លំដាប់ VIP ដែលបំពាក់ដោយឧបករណ៍បរិក្ខាពេទ្យទំនើបក្នុងរថយន្តសម្រាប់ការធ្វើដំណើរតាមច្រកព្រំដែនគោក ប៉ោយប៉ែត កោះកុង និង បាវិត ដោយមានកិច្ចសម្របសម្រួលពីមន្រ្តីនៃច្រកព្រំដែននីមួយៗថែមទៀតផងដែរ។យ៉ាងណា តំណាងក្រុមហ៊ុនខាងលើ បានបង្ហាញក្តីរំពឹងថា K-Air Ambulance នឹងក្លាយជាទីទុកចិត្តដ៏ល្អបំផុតនៅកម្ពុជា៕



