មុនពេលចាប់ផ្ដើមបើកអាជីវកម្មដំបូង ដើម្បីឱ្យម្ចាស់អាជីវកម្មកាន់តែមានភាពជឿទុកចិត្តក្នុងការដឹកនាំអាជីវកម្មរបស់ខ្លួនឱ្យមានភាពរីកចម្រើនឆាប់រហ័សដែលអាចពង្រឹង និងពង្រីកបានលឿន ចាំបាច់ណាស់ត្រូវយល់ច្បាស់ពីបរិបទ និងរបៀបនៃការដឹកនាំអាជីវកម្ម ។ ជាការពិតណាស់ការដឹកនាំអាជីវកម្មមួយឱ្យឆ្ពោះទៅរកភាពជោគជ័យ មិនមែនជារឿងងាយស្រួល ហើយធ្វើតែមួយភ្លែតនោះទេ គឺវាទាមទារនូវការអនុវត្តកត្តាច្រើន។
នៅថ្ងៃនេះ សារព័ត៌មានឧកញ៉ា ញ៉ូស នឹងណែនាំលោកអ្នកឱ្យស្គាល់ លោក ប៉េស ផល្លី ម្ចាស់ឃ្លាំង អេអឹម (AM) មានដេប៉ូ លក់ដុំ-រាយ ភេសជ្ជៈ និងស្រាបៀរ ដែលលោកបានធ្វើការចែករំលែកនៅចំនុចធំចំនួន៥ ដើម្បីកសាងខ្លួនពីតូបលក់ដូរតូចតាចទៅជាដេប៉ូបោះដុំទំនិញ។

លោកបានលើកឡើងថាវិធីទាំងនោះរួមមាន៖
វិធីទី១.រៀបចំខ្លួន រៀបឫក រៀបពាឱ្យសមជាអ្នកលក់៖ ក្នុងនេះលោក ប៉េស ផល្លី បានពន្យល់ថា ត្រង់ហ្នឹងនិយាយពីទឹកមុខ និងការចេះប្រើពាក្យសម្តី ទឹកមុខមានអំណោយទាន ញញឹមញញែម សម្តីមានខ្លឹមសារ មិនគំរោះគំរើយ យល់ពីរបៀបដោះស្រាយ របៀបធ្វើការទំនាក់ទំនង របៀបកសាងក្រេឌីតជាមួយក្រុមហ៊ុនធំៗ បណ្តើរៗឱ្យហើយ។
វិធីទី២.កន្លែងលក់ដូរត្រូវតែមានរបៀប៖ ចំនុចនេះ លោកបានផ្តោតសំខាន់លើការរៀបចំទាក់ទាញក្រសែភ្នែកអ្នកទិញឱ្យចង់មើល និងងាយស្រួលរកមើលទំនិញ ព្រោះពេលខ្លះយើងមានទំនិញច្រើន តែបើមិនចេះរៀបចំ គឺឃើញអីវ៉ាន់តិច ។ យើងរៀបចំបានល្អងាយស្រួលតាមដានដឺលេ ត្រូវប្រើស្តាយលក់ ទិញចូលមុនលក់មុន ទិញចូលក្រោយលក់ក្រោយ(first in first out) ទាំងអស់នេះមានគោលដៅតែមួយគត់គឺពង្រីកការលក់ដូរ បង្កើនអតិថិជនរាល់ថ្ងៃ ដើម្បីចំណូលកើនឡើង យើងឆាប់មានលុយបង្វិលលឿនៗ លុយកាន់តែវិលលឿន ចំនេញកាន់តែច្រើន។
វិធីទី៣.វិធីសាស្ត្រលក់ដូរ៖ចំពោះវិធីទី៣នេះ លោកថា ការលក់ដូរមិនមែនចេះធ្វើតាមតែអំពើចិត្តទេ វាត្រូវតែធ្វើតាមក្បួនខ្នាតត្រឹមត្រូវ មានពាក្យមួយឃ្លាចង់ឲ្យដឹង” ស៊ូលក់ធូរ កុំលក់ជឿ” ហេតុនេះលក់កុំជំពាក់ តែជំពាក់ដឹងតែរឿងហើយ ឈ្លោះគ្នា អន់ចិត្តគ្នា មុននឹងក្រោយប៉ុណ្ណោះ ជៀសមិនផុតឡើយ។លក់ជំពាក់ ដូចយកលុយទៅចោលចឹង គ្មានការរកស៊ីណា រីកចម្រើនដោយសារតែគេជំពាក់ទេ។
វិធីទី៤.ហាងឆេងទំនិញត្រូវតែច្បាស់លាស់៖ ចំនុចនេះ លោកចង់និយាយថា លក់ដូរត្រូវតាមឱ្យទាន់ហាងឆេង ឆ្លាតរឿងកាត់ស្តុក ដឹងចរន្ត ដឹងរដូវលំហូរនៃទំនិញមួយចំនួន តាមខែនីមួយៗ ពេលណាត្រូវទិញទុកស្តុក ពេលណាត្រូវបញ្ចេញទំនិញវិញ?
និងវិធី.ទី៥ឱ្យយតម្លៃមនុស្សជំវិញខ្លួន៖ ចំពោះវិធីទី៥នេះវិញ ម្ចាស់ហាងឆេងបោះដុំទំនិញចាប់ហួយទូទាំងប្រទេស🇰🇭 ដេប៉ូ អេអឹម (AM)រូបនេះ បានលើកឡើងថា ពិតណាស់មនុស្សគ្រប់គ្នា សុទ្ធតែមានសក្តានុពល ចំនុចខ្លាំងរៀងខ្លួន មនុស្សខ្លាំងចេះប្រើមនុស្ស ចេះឆ្កឹះចេញយកមកប្រើបាន អ្នករកស៊ីស៊ូ ត្រូវចិត្តធ្ងន់ បន្តិច មិនខ្វើកតាមខ្យល់ដង្ហើមគេឡើយឱ្យតម្លៃសែលក្រុមហ៊ុន (អ្នកខ្លះអត់សូវឱ្យតម្លៃមែន) ហាងឆេងពេលខ្លះក៏ឡើងថ្លៃ មិនឲ្យយើងដឹងមុនទេ តាមរយៈពួកគាត់ហ្នឹងឯង៕



អត្ថបទ៖រង្សី