​​ខេត្ត​សៀមរាប នឹងមាន​សួនសត្វ​ធំ​បំផុត​ គ្រោង​បើក​ដំណើរការ​នៅ​ចុងឆ្នាំនេះ

អាជីវកម្ម

ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក គ្រោង​នឹង​បើក​ដំណើរការ​សួនសត្វ​ធំ​បំផុត​នៅលើទឹកដីខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉េង ហៀង នាយកចាត់ការទូទៅបាន​ឲ្យ​ដឹង​ថា ការបង្កើតសួនសត្វនេះ គឺចង់ដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងមានដោយកម្រ។

លោក ម៉េង ហៀង បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ ហត។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើគោកសម្រេចបានប្រមាណ ៧០%។

បើ​តា​មប្រធាន​ក្រុមហ៊ុន ថ្ងៃ​ខាងមុខ​នេះ​សួន​សត្វ​នឹង​ស្នើសុំនាំចូលខ្លះបើមានការចាំចាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំគ្រប់ថ្នាក់ (សិស្សានុសិស្ស) នៅកម្ពុជាចូលមកទស្សនា។ ម្យ៉ាងទៀតក៏​ដើម្បីអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វទាំងក្នុងទឹក និងក្នុងព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង និងការជួញដូរខុសច្បាប់ជាដើម។

សួនសត្វ អង្គរវ៉ាយដ៏ឡាយហ្វ៍ សាងសង់​ឡើង​នៅលើ​ផ្ទៃ​ដី​ទំហំ ២២ហត ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទ​សត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។

បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន បានចំណាយប្រមាណជា ១៨ លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹង​បើក​សម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ៕