ផ្លូវជាតិលេខ ១ កាន់តែ​មមាញឹក អាជីវករ​​តូចធំ​តាម​ដង​ផ្លូវ​ប្រាប់​ថា ងាយស្រួលលក់ដូរ​​ មាន​អតិថិជន​ច្រើន

អាជីវកម្ម

នៅតាមដងផ្លូវជាតិលេខ១សម្បូរទៅដោយប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះផងដែរតាមដងផ្លូវក៏សម្បូរទៅដោយអ្នកលក់ដូរជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ាញូសន៍បាន​ចុះ​សម្ភាសន៍អាជីវករ​មួយ​​ចំនួន​ ដែលប្រកប​មុខ​របរ​លក់ដូរ​តាម​ដង​ផ្លូវ​ជាតិ​លេខ ១ ចាប់ពី​គល់ស្ពាន​ច្បារអំពៅ ដោយ​ពួកគាត់​បានលើ​កឡើង​ពី​សក្តានុពលលក់ដូរ​លើ​ដង​ផ្លូវ​មួយ​នេះ​។

លោកស្រី សាន់ សៀម ប្រកបរបរលក់ផ្លែទុរេននៅលើដងផ្លូវជាតិ​លេខ ១ ក្បែរ​វត្ត​និរោធន៍​អស់រយៈពេល ៥ ឆ្នាំមកហើយ។ បើតាមអាជីវករវ័យ ៤០ ឆ្នាំរូបនេះបានឱ្យដឹងថា ការលក់ផ្លែទុរេននេះជារបរសុចរិតដែលគាត់និងប្ដីបានរកស៊ីជាយូរ។ ការលក់ផ្លែទុរេនក្នុងរដូវនេះមានបងប្អូនអាជីវករលក់ច្រើន តែលោកស្រីនៅតែសប្បាយចិត្តព្រោះមានអ្នកលក់ច្រើន អ្នកទិញក៏ច្រើនដែរ។

លោកស្រីបើកលក់តាំងពីម៉ោង ៦ព្រឹកដល់ម៉ោង១០យប់។ លោកស្រីបានបញ្ជាក់ប្រាប់ថា ថ្ងៃដែលលក់ដាច់ខ្លាំងគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ លក់មួយថ្ងៃបាន ៨០ គីឡូក្រាមទៅ ៩០ គីឡូក្រាមក្នុងមួយថ្ងៃដោយក្នុងមួយគីឡូតម្លៃ​១៥០០០ រៀល។ ការលក់ដូរនេះមិនមានបញ្ហាចោទខ្លាំងក្នុងការធ្វើដំណើរមកលក់នោះទេ ព្រោះគ្រួសារលោកស្រីជួលបន្ទប់ស្នាក់នៅនៅក្បែរនោះ។

ចំពោះកញ្ញា វ៉ុន ស្រីរ៉ា ដែលជាអាជីវករលក់ផ្លែទុរេនម្នាក់​ទៀត ក៏បានប្រាប់ឧកញ៉ាញូស៍ទាំងទឹកមុខរីករាយផងដែរថា គាត់លក់ក្នុងរដូវទុរេន៦ខែក្នុងមួយរដូវ ចាប់ពីខែ ៦ រហូតដល់ខែ១១ដែលក្នុងមួយថ្ងៃអាចលក់បានចាប់ពី ១០០ គីឡូក្រាមរហូតដល់២០០គីឡូក្រាម។

កញ្ញាវ័យ២៦រូបនេះក៏បានបញ្ជាក់ផងដែរថា តាមផ្លូវ​ជាតិលេខ ១ កកកុញដោយហាង​អាជីវកម្ម និង​អ្នក​ដំណើរ ហើយ​ការលក់ដូរដាច់ច្រើន​ព្រោះតែមានអតិថិជនច្រើនកុះករមកពីទីជិត ឆ្ងាយ ដែលធ្វើដំណើរលើដងផ្លូវនេះ។

រីឯកំលោះវ័យ២៤ឆ្នាំដែលប្រកបរបរលក់បង្អែមអស់រយៈពេល ៤ ឆ្នាំលើដងផ្លូវជាតិលេខមួយនេះក៏បានបង្ហាញពីភាពរីករាយផងដែរ។ ប្រាប់ឧកញ៉ាញូស៍ បុរសវ័យ​ក្មេង​រូប​នេះ​ប្រាប់​ឧកញ៉ាណ៍​ថា ក្នុងមួយថ្ងៃគាត់អាចលក់បង្អែមបានចាប់ពី ៥០០ ប្រអប់ឡើងទៅ។ បង្អែមរបស់គាត់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបងប្អូននៅក្បែរនោះព្រោះ​តែរសជាតិ គុណភាព អនាម័យរួមទាំងតម្លៃសមរម្យ។

បង្អែមរបស់គាត់មានរហូតដល់ ២០ មុខជាងរួមមាន ចាក់កចាន់ ត្រាវ បាក់បិន នំកូរសណ្ដែក បាយដំណើបខ្នុរ បាយដំណើបសង្យាចេក ពោតក្រឡុក ត្រាវក្រឡុក ចេកក្រឡុក លម្អងចេកស្នូលដូង​ អាកោខ្ទិះ ក្រឡរជីស្នូលដូងល្ងរខ្មៅ នំផ្លែអាយ ចំពោះបង្អែមទាំងនេះគាត់លក់តែមួយប្រអប់៣០០០រៀលតែប៉ុណ្ណោះ ។កម្លោះរូបនេះក៏បានបញ្ជាក់ថាបង្អែមទាំងអស់ ដែលលក់ដាច់ជាងគេគឺ អាកោខ្ទិះ ដំឡូងដុត នំផ្លែអាយ និងក្រឡរជីស្នូលដូងល្ងរខ្មៅ ។

បើតាមស្រ្តីវ័យ ៤៥ ឆ្នាំដែលជាអតិថិជនបានឱ្យដឹងថា ការមានអ្នកលក់ដូរតាមដងផ្លូវច្រើនបែបនេះងាយស្រួលក្នុងការរកទិញ មិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការទិញនោះទេ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា ការមានអ្នកលក់ច្រើនធ្វើឱ្យអាជីវករទាំងមានការប្រកួតប្រជែងគ្នាលើគុណភាព រសជាតិ អនាម័យព្រមទាំងតម្លៃផងដែរ។

គួររំឭកផងដែរថាផ្លូវជាតិលេខមួយនេះជាខ្សែរផ្លូវឆ្ពោះទៅព្រំដែនវៀតណាម កាត់តាមអ្នកលឿង និងខ្ពស់ទៅខេត្តព្រៃវែង ស្វាយរៀង ដែលផ្លូវនេះមានប្រវែង ១៦៧,១០ គីឡូម៉ែត្រ។ តាម​ដងផ្លូវលេខ ១ ចាប់ពី​គល់ស្ពាន​ច្បារអំពៅ​មាន​ភាពមមាញឹក ដោយប្រមូលផ្តុំដោយ​ហាង​អាជីវកម្ម​តូចធំ ខណៈកំណើន​ពលរដ្ឋមក​រស់នៅកាន់តែច្រើន ដោយសារ​មាន​ការ​សាងសង់​បុរី​ធំៗ រួមទាំងគម្រោងអភិវឌ្ឍ​ជាច្រើនទៀត​មក​តំបន់​ផ្លូវជាតិ​មួយ​នេះ៕