របរលក់ផ្លែទុរេនតាមចិញ្ចើមផ្លូវ បានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃស្រ្តីមួយរូបដែលមានស្រុកកំណើតនៅខេត្តព្រៃវែង។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយឧកញ៉ាញូស៍ អ្នកស្រី សាន ស្រីមុំ ដែលមានស្រុកកំណើតនៅភូមិ អន្លង់ទ្រា ឃុំ ព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែងបានលើកឡើងថា អ្នកស្រីប្រកបមុខរបរលក់ផ្លែទុរេននេះអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។ របរនេះជាប្រភពចំណូល ដែលបានជួយដោះស្រាយជីវភាពមួយភាគធំក្នុងគ្រួសារ។
បើតាមស្រ្តីរូបនេះ ផ្លែទុរេននាំមកលក់មានប្រភពមកពីខេត្តកំពង់ចាមជាប្រភេទទុរេន “ម៉ាន់ថង”តម្លៃ ១៥០០០ រៀលក្នុងមួយគីឡូក្រាម។
ស្រី្តវ័យជាង៤០ឆ្នាំរូបនេះ បានបន្តដោយទឹកមុខរីករាយថា ក្នុងមួយថ្ងៃលក់បានជាមធ្យមជាង ៥០ ទៅ ៦០ គីឡូក្រាម អាចចំណេញបានជាង១០ម៉ឺនរៀល បើថ្ងៃណាដែលដាច់ខ្លាំងឈានដល់ ១០០ គីឡូក្រាមអាចចំណេញជាង ២០ ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយអ្នកមកទិញភាគច្រើនយកផ្លែតូច ផ្លែធំលាយចូលគ្នា។

ចំពោះបញ្ហាប្រឈមក្នុងការប្រកបមុខរបរនេះគឺ មិនមានផ្លែទុរេនលក់ ផ្លែមិនទាន់ នៅពេលសម្បូរក៏សប្បាយចិត្ត ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថា មិនប្តូរការលក់ទេ ព្រោះរដូវទុរេនក្នុងមួយឆ្នាំ ទំនេរតែ ៣ទៅ៤ខែ តែប៉ុណ្ណោះ។
ជាចុងក្រោយអ្នកស្រី បានអំពាវនាវ ដូចជាការ សំណូមពរជួយទិញ និងគាំទ្រផ្លែទុរេនខ្មែរឲ្យកាន់តែច្រើន៕

