ហាងកាហ្វេ Maison MC Café គឺជាហាងកាហ្វេមួយដែលទើបតែលេចចេញជារូបរាងថ្មី ក្រោមស្នាដៃកែច្នៃពីផ្ទះបុរាណមានសភាពចាស់មកក្លាយជាស្លាកយីហោកាហ្វេមួយដ៏ទាក់ទាញលើទឹកដី ភូមិអូរតាគាំ៣ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្ន Maison MC Café កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសអតិថិជនក្នុងខេត្តបាត់ដំបងផ្ទាល់តែម្តង ដែលហាងកាហ្វេមួយនេះបើកដំណើរការនៅអំឡុងខែមិថុនា ឆ្នាំ២០២២។
ផ្តល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ កញ្ញា អិន ដារ៉ាណែត ជាម្ចាស់ហាងកាហ្វេ Maison MC Café បានលើកឡើងថាការសម្រេចចិត្តបើកហាងកាហ្វេមួយនេះ ដោយសារកញ្ញាយល់ឃើញថារយៈពេលនៃការរាតត្បាតជំងឺកូវីដ ១៩ មិនដឹងថាគួររកអ្វីក៏ងាកមកមើលផ្ទះបុរាណ ដែលមានមនោសញ្ចេតតាំងពីក្មេងបន្សល់ពីលោកតា ហើយក៏ជាផ្ទះចាស់មួយដែលធ្លាប់រស់នៅកម្សត់កម្រ យកមកកែច្នៃឡើងវិញរក្សាទ្រង់ទ្រាយដើមបើកជាហាងកាហ្វេ ដោយមានការដុះខាត់ រុះធ្វើជាអាជីវកម្មមួយនេះឡើង។ ការបើកហាងនេះ កញ្ញាគិតថាបើកលក្ខណៈតូចទេ ប៉ុន្តែមិននឹកស្មានថាមានអ្នកគាំទ្រច្រើនមកដល់ឥឡូវ។

កញ្ញាបានបន្តថា កត្តាដែលធ្វើឲ្យ Maison MC Café ទទួលបានជោគជ័យជារឿងចម្បងគឺការស្រលាញ់និងក្តីស្រម៉ៃផ្ទាល់ខ្លួន ដោយផ្អែកលើកត្តាសំខាន់ៗពីរ។ ទី១ អ្វីដែលយើងមានស្រាប់គឺផ្ទះឈើដែលសង់ផុតពីដីរបៀបលក្ខណៈបុរាណ។ ទី២ ព្យាយាមធ្វើការកែច្នៃរបស់ចាស់ៗ ដូចជា ទ្វារ បង្អួច កែច្នៃ(ដេគ័រ)តួយ៉ាងតុកាហ្វេកើតចេញពីចង្រឹងទ្វាជាដើមជារួមគឺកញ្ញាផ្តោតលើការគិត និងកែច្នៃដែលជារបស់មានស្រាប់ពោលបង្កើតរបស់ចាស់ច្នៃទៅជាអ្វីដែលយើងអាចប្រើបាន។
ចំពោះការចំណាយដើមទុន ក្នុងការបង្កើតអាជីវកម្មមួយនេះឡើង ដារ៉ាណែតបានបង្ហើបថា ចំណាយដើមទុនប្រហែលជា ៣ ទៅ ៤ ម៉ឺនដុល្លារ ដែលជាការធ្វើបន្តិចម្តងៗ ទៅតាមលទ្ធភាព។ ដារ៉ាណែតគិតថា ដើមទុនប៉ុណ្ណឹង ជារឿងធម្មតាសម្រាប់គេ ប៉ុន្តែជារឿងមិនធម្មតាសម្រាប់កញ្ញាឡើយ។
បើនិយាយរឿងសេវាកម្ម ម្ចាស់ហាងកាហ្វេវ័យក្មេងរូបនេះបានឲ្យដឹងថា Maison MC Café ផ្តោតសំខាន់ទៅលើគ្រឿងទឹក ឬកាហ្វេ រួមមាន៖ ប្រភេទ អាយឡាតេ ហតកាហ្វេ ។ល។ដោយមានការតម្រូវទៅលើរសជាតិសម្រាប់ភ្ញៀវជាពិសេស ហើយអ្វីដែលអតិថិជនពេញចិត្តជាប្រចាំគឺ កាហ្វេក្តៅ អាយឡាតេ តែបៃតង ស្តបប៊ើរី ជាដើម ហើយអ្វីដែលសំខាន់ ធ្វើយ៉ាងណាឲ្យភ្ញៀវពេញចិត្ត។

ទាក់ទងបញ្ហាប្រឈមចំពោះការបើកហាងកាហ្វេមួយនេះ កញ្ញាដារ៉ាណែតបានលើកឡើងថា មានបញ្ហាសំខាន់ៗពីរ។ ទី១: មានការពិបាកបន្តិចដោយសារជាការចាប់ផ្តើមថ្មី មិនមានអ្នកស្គាល់ច្រើន។ ទី២: បញ្ហាទីតាំងហាង គឺមិនទាន់មានកន្លែងចតរថយន្តគ្រប់គ្រាន់នៅឡើយ ដោយសព្វថ្ងៃខ្ចីកន្លែងអ្នកជិតខាងធ្វើជាចំណតរថយន្តបណ្តោះអាសន្ន។
ម្ចាស់ហាងវ័យក្មេងរូបនេះញាក៏បានបញ្ជាក់ថា ការបើកលក់នេះមិនមែនរូបភាពសហការវិនិយោគឬការចូលហ៊ុនជាមួយមិត្តភក្តិនោះទេគឺជាការបើកជាលក្ខណៈគ្រួសារចូលទុនជាមួយបងប្អូនគ្រួសារជាមួយគ្នា ដើម្បីលេចចេញជារូបរាងឡើងដូចនេះ។
ជាចុងក្រោយ ដារ៉ាណែត បានសម្តែងការអរគុណដល់អតិថិជន Maison MC Café ដែលតែងតែគាំទ្រ ហើយកញ្ញាក៏សម្តែងការរំភើបចំពោះភ្ញៀវ ជាពិសេសក្មេងៗ ដែលចូលចិត្តនិងស្រលាញ់ របស់ចាស់ៗដែលជាការកែច្នៃ ក្នុងហាង Maison MC Café ៕





