ភោជនីយដ្ឋាន ១១ កន្លែង ប្រកាស​​ស្ម័គ្រចិត្ត​បញ្ឈប់លក់មុខម្ហូបពីសាច់សត្វព្រៃ

អាជីវកម្ម

យ៉ាងហោចណាស់មានភោជនីយដ្ឋានចំនួន ១១ នៅខេត្តព្រះវិហារ និងខេត្តក្រចេះ បានស្ម័គ្រចិត្តចូលរួមបញ្ឈប់ការលក់មុខម្ហូបពីសាច់សត្វព្រៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នេត ភក្រ្តា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ដើម្បីចូលរួមក្នុងបញ្ឈប់ការបរបាញ់សត្វព្រៃ និងបញ្ឈប់ការលក់ដូរសាច់សត្វព្រៃខុសច្បាប់ ភោជនីយដ្ឋាន និងហាង​អាហារ​ចំនួន ១១ កន្លែង នៅខេត្តព្រះវិហារ និង​ក្រចេះ បាន​ចូលរួម​បញ្ឈប់​ការ​លក់​ម្ហូប​ពី​សត្វព្រៃ។

ភោជនីយដ្ឋានដែល​បានស្ម័គ្រចិត្តចូលរួមបញ្ឈប់ការលក់មុខម្ហូបពីសាច់សត្វព្រៃរួមមាន​នៅ​ខេត្តព្រះវិហារ មាន​ភោជនីយដ្ឋានភ្នំត្បែង លី ហួត ម្លប់ឫស្សីដងអូរ សិលាចន្ទ្រា អាម៉ាហ្សូនផាប់ និងនៅ​ខេត្តក្រចេះ មាន​ភោជនីយដ្ឋានឧត្តមសម្បត្តិ ផ្កាយមាស ហេងហេង ស្រីទូចគោដុត និងRural stay​។

ជារៀងរាល់ថ្ងៃ សត្វព្រៃត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងកាំភ្លើងកែច្នៃសម្លាប់ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។

សត្វព្រៃមួយក្បាលៗដែលបានសម្លាប់ បើគិតជាសាច់មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិមិនឆ្ងាញ់ឡើយ ហើយក៏មិនមែនពិសាទៅធ្វើឱ្យមាន សុខភាពល្អ ជីវិតអមតៈដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ។

លោក​ នេត ភក្រ្តា​បាន​បន្ត​ថា សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដី។ ប្រសិនបើសត្វមួយក្បាលដែលអ្នកសម្លាប់ នៅរស់ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សារ៕