សណ្ឋាគារ «ហ៊ីម៉ាវ៉ារី» ជួរ​មាត់ទន្លេ​មុខ​វាំង​ មាន​ប្រវត្តិ​ជាង ២០ ឆ្នាំ បង្កើត​ឡើង​ដោយ​គ្រួសារ​អ្នកជំនួញមួយ

អាជីវកម្ម

សណ្ឋាគារ Himawari គឺជាគម្រោងវិនិយោគដែល​គ្រប់គ្រងដោយក្រុមហ៊ុនឯកជនមួយមកពីប្រទេសសឹង្ហបុរីគឺក្រុមហ៊ុន Himawari Pte. Ltd.។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Himawari រួម​បញ្ចូល​លក្ខណៈ​ជាសណ្ឋាគារ និងអាផាតមិន​ មាន​ទីតាំង​ជាប់​មាត់​ទន្លេ​ប្រកប​ទេសភាពស្រស់ស្អាតបែបធម្មជាតិ។

បង្កើតឡើងនៅចុងឆ្នាំ១៩៩៧ សាងសង់រួចរាល់ជាស្ថាពរ និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២០​ខែ មិថុនាឆ្នាំ ២០០១ ដោយដាក់ឈ្មោះថា សណ្ឋាគារ «ម៉ាកាហ្សា»ព្រោះពេលនោះគ្រប់គ្រងដោយក្រុមហ៊ុនចំនួន ២ គឺ ក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនសិង្ហបុរី។ តែក្រោយមកនៅក្នុងអំឡុងឆ្នាំ២០០៥ ក្រុមហ៊ុនសិង្ហបុរីបានកាន់កាប់សណ្ឋាគារនេះទាំងមូល ហើយបានប្ដូរឈ្មោះថ្មីថា សណ្ឋាគារ« Himawari»នេះឯង។

អគ្គនាយកគ្រប់គ្រងសណ្ឋាគារ «ហ៊ីម៉ាវ៉ារី» គឺលោក Andrew Tay មានស្រុកកំណើតនៅប្រទេសសិង្ហបុរី បានដាក់ឈ្មោះសណ្ឋាគារមួយនេះឲ្យដូចទៅនឹងដំណាំដុះនៅលើដីដែលមានជីវជាតិល្អ  ជាពិសេសគឺដំណាំផ្កាឈូករ័ត្នរបស់ប្រទេសជប៉ុន ដែលភាសាជប៉ុនហៅឈ្មោះនេះថា «Himawari»។

ហ៊ីម៉ាវ៉ារី មានទីតាំងស្ថិតនៅក្បែរចំណុចប្រសព្វនៃទន្លេចំនួន៤ធំៗប្រសព្វគ្នា គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប​​ និងទន្លេបាសាក់។ នៅលើដីសណ្ដនៃច្រាំងទន្លេសណ្ឋាគារនេះ ក៏បែរមុខឈមទៅរកទិសរបស់ព្រះអាទិត្យរះពីលើទន្លេចតុមុខយ៉ាងស្រស់ស្អាតនាព្រឹកព្រលឹមគួរជាទីគយគន់។

ហ៊ីម៉ាវ៉ារី ត្រូវបានរៀបចំឡើងឲ្យមានលក្ខណៈប្លែកខុសពីគេ មិនមែនត្រឹមតែជាសណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវទីកន្លែងស្នាក់នៅបែបឯកជនតាមលំនាំជាអាផាតមិន វានឹងផ្ដល់អារម្មណ៍ដល់អ្នកស្នាក់នៅដូចជាផ្ទះផ្ទាល់ខ្លួនរបស់ពួកគេអ៊ីចឹងដែរ។ ភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារ Himawari ភាគច្រើនជាជនជាតិជប៉ុន ចិន  អ្នកធ្វើការនៅតាមបណ្ដាស្ថានទូតផ្សេងៗ អ្នកធ្វើការនៅតាមក្រសួង អង្គការជាតិ និងអន្តរជាតិជាច្រើនទៀត ជាពិសេសតាមកំណត់ត្រារបស់សណ្ឋាគារនេះមានទាំងក្រុមគ្រួសាររាជវង្ស ព្រះអង្គម្ចាស់មកពីបរទេស ឥស្សរជនល្បីៗ និងតារាភាពយន្តហូលីវូដល្បីៗជាច្រើនរូបផងដែរ។

គួររំឮកផងដែរថា បានជាលោក Andrew Tay សម្រេចចិត្តបង្កើតសណ្ឋាគារមួយនេះឡើងនៅប្រទេសកម្ពុជា ព្រោះកាលពីឆ្នាំ១៩៩៥ ឪពុកម្ដាយរបស់លោកមានគម្រោងធ្វើដំណើរកម្សាន្តមកកម្ពុជា។ ក្នុងពេលនោះ គ្រួសាររបស់ លោក​មានជំនួញអាជីវកម្មជាច្រើនមុខនៅតំបន់អាស៊ីភាគអាគ្នេយ៍ ដែលប្រទេសទាំងនោះរួមមាន ភូមា កម្ពុជា ឡាវ ថៃ និងវៀតណាម ខណៈឆ្នាំនោះលោក ជានិស្សិតរៀននៅសហរដ្ឋអាមេរិកកំពុងសិក្សាជំនាញ «ពាណិជ្ជសាស្ត្រអន្តរជាតិ និងឧស្សាហកម្មទេសចរណ៍»នៅឡើយ។ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្ត ឪពុក ម្តាយរបស់លោកបានពិភាក្សាគ្នាអំពីគម្រោងវិនិយោគលើវិស័យសណ្ឋាគារនៅទីតាំងនេះ។ លុះនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ គ្រួសាររបស់លោកបានចាប់ផ្តើមគម្រោងសាងសង់នេះឡើងរហូតបានសម្រេចដូចបំណង ។

កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២២ថ្មីៗនេះដែរ លោក Andrew Tay ក៏បានធ្វើវិធីខួបរំលឹកអនុស្សាវរីយ៍ទី២២ នៃសណ្ឋាគារ Himawari យ៉ាងអធិកអធមផងដែរ៕

អត្ថបទ៖ រ៉ាញែន