ធ្លាប់តែដឹងពីចង្កឹះដែលធ្វើពីដើមឫស្សី ឥលូវសិប្បកម្មខ្មែរមួយនៅខេត្តព្រះវិហារបានច្នៃដើមទ្រាំងធ្វើជាចង្កឹះលក់ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកតែម្តង។
លោកមាស ហឿ ប្រធានក្រុមផលិតចង្កឹះពីដើមទ្រាំង ប្រាប់ពីមូលហេតុបង្កើតសិប្បកម្មផលិតចង្កឹះពីដើមទ្រាំងនេះ ដោយសារបច្ចុប្បន្នមានបងប្អូនជាច្រើនពេញនិយមលើការប្រើប្រាស់ចង្កឹះជារៀងរាល់ថ្ងៃ។ មួយវិញទៀតលោកមើលឃើញថាចង្កឹះរាល់ថ្ងៃមានតែធ្វើឡើងពីដើមឫស្សី ក៏ដូចជាធ្វើពីជ័រតែប៉ុណ្ណោះ។
ការបើកសិប្បកម្មផលិតចង្កឹះរបស់លោកមាស ហឿ កាលពីដើមឡើយធ្វើជាលក្ខណៈគ្រួសារទេ ទើបមានអង្គការ NTFP-EP ដែលជាអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើ មកជួយជ្រោមជ្រែងដោយផ្ដល់ជាសម្ភារៈ ក៏ដូចជាការបណ្ដុះបណ្ដាលបច្ចេកទេសផ្សេងៗនិងមានកញ្ចប់ថវិការផ្គត់ផ្គង់មួយចំនួនផងដែរ។
សិប្បករវ័យ៦០រូបនេះ បានបញ្ជាក់ថា ការផលិតមិនសូវជាចំណាយអស់ច្រើនទេ ព្រោះមានវត្ថុធាតុដើមស្រាប់។ ក្រៅពីការផលិតចង្កឹះ ក៏មានផលិតចេញជាឈើច្រត់ វែកបាយ វែកឆា ស្លាបព្រា សម ដាវ ព្រះខ័នជាដើម។
យ៉ាងណាមិញ លោកបានលើកពីកង្វល់នៅពេលផលិតបានហើយ គឺមិនសូវសម្បូរទីផ្សារទូលំទូលាយ។ រីឯសម្ភារៈទំនើបៗដែលជំនួយដល់ការផលិតនោះទៀតសោត ក៏នៅមានភាពខ្វះខាត។ ចំណុចសំខាន់មួយទៀតនោះគឺ ធនធានដើមទ្រាំង កំពុងបាត់បង់បណ្ដើរៗ តែទោះជាមានបញ្ហាយ៉ាងនេះក្ដីក៏ក្រុមសិប្បករបាននាំគ្នារកដំណោះស្រាយឡើងវិញគឺរួមគ្នាដាំដើមទ្រាំង កុំឱ្យមានការបាត់បង់កើតឡើង។
ដោយទឹកមុខរីករាយ សិប្បកររូបនេះក៏កំពុងខិតខំកែច្នៃដើមទ្រាំង ឱ្យចេញជារូបរាងផ្សេងៗទៀតដើម្បីតម្រូវការទីផ្សារ។
សមាគមន៍ផលិតចង្កឹះទ្រាំងនៅស្រុកឆែប ខេត្តព្រះវិហារ មានចំនួន ៥ ក្នុងនោះនៅឃុំឆែប ១ មានចំនួន ៣ សហគមន៍ និងឃុំសង្កែមានចំនួន ២ សហគមន៍។
ចំពោះតម្លៃវិញ ចំពោះចង្កឹះមួយបាច់ដែលច្នៃពីដើមទ្រាំងលក់ក្នុងតម្លៃ ៨០០០រៀល។ តាមរយៈឧកញ៉ាញូស៍ លោកមាស ហឿ សំណូមពរដល់បងប្អូនទាំងអស់ចូលរួមលើកស្ទួយផលិតផលខ្មែរ ដើម្បីបង្កើនការងារដល់ប្រជាជនមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក៕
អត្ថបទ៖ សុកធា