ចាប់តាំងពីកំឡុងឆ្នាំ ២០១០ វិស័យកាហ្វេនៅប្រទេសកម្ពុជា មានសន្ទុះលូតលាស់ ពិសេសនោះគឺការរីកដុះដាលស្ទើគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ ហើយតំបន់ដែលមានហាងកាហ្វេច្រើនជាងគេ គឺតំបន់បឹងកេងកង១។ កាលណោះ ម៉ាកហាងកាហ្វេអន្តរជាតិធំៗជាច្រើនបានចូូលមកទីផ្សារកម្ពុជា ដូចជា Gloria Jeans, Brown Coffee, Coffee Bean និង Costa ជាដើម។
ការញ៉ាំកាហ្វេបែបអឺរ៉ុប និងការជួបជុំគ្នានៅហាងកាហ្វេថ្លៃៗ បានក្លាយទៅជាការពេញនិយម និងជាទម្លាប់ថ្មីរបស់អ្នកធុរកិច្ច បុគ្គលិកក្រុមហ៊ុនឯកជន និស្សិត ដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ តាំងពីពេលនោះមក ម៉ាកយីហោកាហ្វេមួយចំនួនបន្តពង្រីកខ្លួនកាន់តែធំឡើងៗ ម៉ាកយីហោមួយចំនួនទៀត អន់ថយ ហើយខ្លះទៀតបិទជាបណ្តើរៗផងដែរ។
ទោះជាយ៉ាងណា សហគ្រិនម្នាក់នៅខេត្តសៀមរាប ក៏សំឡឹងមើលឪកាសរបរហាងកាហ្វេនេះដែរ ដោយលោកបានចាប់ផ្តើមបង្កើតប្រេន (ម៉ាកសញ្ញាខ្លួនឯង) មានឈ្មោះថា Noir coffee ជាហាងកាហ្វេបែបខ្មែរ។
សហគ្រិនគំនិតបែបអភិរក្សវប្បធម៌រូបនេះ គឺលោក ទិត្យ សុធារ៉ា ស្ថាបនិក កាហ្វេ ណ ដែលចាប់ផ្ដើមឡើងនៅខេត្តសៀមរាប និងបានចូលទីផ្សារទីក្រុងភ្នំពេញនៅចុងឆ្នាំ ២០១៩។ ក្រៅពីបទពិសោធម្ហូប និងរសជាតិកាហ្វេបែបខ្មែរ អាជីវកម្មមួយនេះមានគោលការណ៍បង្កើតគុណតម្លៃ៣តាមរយៈសេវាកម្មបុគ្គលិក ដែលជាវប្បធម៌ការងារស្នូលខាងក្នុងធ្វើឲ្យអតិថិជន ទទួលបានអារម្មណ៍ពិសេសម្យ៉ាងខុសពីអាជីកម្មដទៃ និងចង់ត្រឡប់មកជាថ្មីមិនចេះចប់មិនចេះហើយឡើយ។
លោក ទិត្យ សុធារ៉ា បានបង្កើតកាហ្វេ ណ នៅឆ្នាំ២០១៣ ក្នុងគោលបំណងបង្ហាញស្នាដៃកូនខ្មែរដល់បរទេសថា ខ្មែរក៏អាចធ្វើបានដែរ។ ក្រោយមានលោកបានពង្រីករហូតដល់ទៅ ៣សាខានៅខេត្តសៀមរាប។ មែនទែនទៅ លោក សុធារ៉ា ក៏ធ្លាប់បានធ្វើការឱ្យគេរយៈពេល ១២ឆ្នាំមកហើយ ទើបមានគោលបំណងច្បាស់លាស់ចង់រកស៊ីខ្លួនឯង និងមានការជំរុញពីមិត្តភ័ក្តិ រហូតបើកបានកាហ្វេ ណ នេះឡើង។
ក្រៅពីដឹកនាំហាងកាហ្វេ ណ លោក ទិត្យ សុធារ៉ា ត្រូវបានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បោះឆ្នោតជ្រើសរើសជា ប្រធានគណៈកម្មការ ការរកទីផ្សារ សិទ្ធិធ្វើអាជីវកម្មបន្ត និងនីហរណអាហរណ អាណត្តិ ២០២១-២០២៣ ផងដែរ។
តាមរយៈកាហ្វេ ណ តារាសម្ដែង មាន សូនីតា ក៏បានទិញប្រេនឆាយកាហ្វេ ”ណ” NOIR COFFEE មកបើកនៅភ្នំពេញផងដែរ មានទីតាំងនៅផ្លូវ១៣៥ សង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ខណៈដែលនាងជាទូតសុច្ឆន្ទៈ (Brand Ambassador) របស់ ”ណ” NOIR COFFEE ដែលមានប្រភពមកពីខេត្តសៀមរាបនេះស្រាប់ទៅហើយ។
គិតមកដល់ពេលបច្ចុប្បន្ន កាហ្វេ ណ នៅភ្នំពេញស្ទើមានគ្រប់ខណ្ឌទៅហើយ ជាមួយកេរ្តិ៍ឈ្មោះ រសជាតិ ផ្សារភ្ជាប់ជាមួយការរចនាហាង មូដកែវរំលេចវប្បធម៌ និងពាក្យខ្មែរលើកទឹកចិត្តផងដែរ៕