សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ជាសណ្ឋាគារដ៏ប្រណិតដែលបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិ បានប្រកាសបើកដំណើរការឡើងវិញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលឧកញ៉ាស៍ទទួលបាន អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប លោកស្រី Rina Mariani បានបញ្ជាក់ថា ពេលនេះសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់ទីកន្លែងស្នាក់នៅដ៏ប្រណីត ក្នុងទឹកដីអច្ឆរិយវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

ការចាប់បើកដំណើរការសណ្ឋគារ ផាកហៃយ៉ាត់ សៀមរាបឡើងវិញនេះ ភ្ញៀវអាចជ្រើសរើសបន្ទប់ដែលផ្តល់ជូននូវកន្លែងគេងដ៏ធំទូលាយ បន្ទប់ទឹកថ្មម៉ាបអ៊ីតាលីដ៏ប្រណីត និងការតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងស្នាដៃសិល្បៈបែបខ្មែរ។
បន្ថែមពីលើការជ្រើសរើសបន្ទប់ដ៏ធំទូលាយ និងបន្ទប់គ្រែពីរ បន្ទប់ស្វីតរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ផ្តល់ជូននូវជម្រើសដ៏ពិសេសជាច្រើន សម្រាប់អ្នកធ្វើដំណើរ រួមទាំង Rooftop Garden Suite ដែលអាចមើលឃើញទេសភាពក្នុងទីក្រុង និងបន្ទប់ Presidential Suite ដែលមានបន្ទប់គេង២ ទំហំ ២៥០ម៉ែតការ៉េ (២,៦៦៩ sq ft) ដោយមានកន្លែងគេងដ៏ស្រស់ស្អាត និងទីធ្លាដ៏ខៀវស្រងាត់ចំនួនពីរ សម្រាប់អ្នកដែលចង់បានទីតាំងបែបឯកជន។



ដើម្បីស្វាគមន៍គម្រោង ‘Welcome Back’ សណ្ឋាគារក៏នឹងផ្តល់ជូននូវអាហារប្រកបដោយឱជារស នៅកន្លែងទទួលទានអាហារចំនួនបី គឺ The Dining Room, The Living Room និង The Glasshouse។ ទន្ទឹមនឹងនោះ ភ្ញៀវក៏អាចរីករាយ នឹងការធ្វើម្ហូបដ៏ពិសេស ជាមួយនឹងការលាយបញ្ចូលគ្នានៃម្ហូបខ្មែរបែបប្រពៃណី និងម្ហូបអន្តរជាតិ ដែលបង្កើតឡើងដោយប្រធានផ្នែកចុងភៅខ្មែរ គឺលោក Pisith Theam៕