ខេត្តក្រចេះមានទីតាំងភូមិសាស្រ្តជាប់ដងទន្លេមេគង្គ។ ក្រៅពីសក្តានុពលផ្នែកកសិកម្ម ខេត្តជាប្រភពនៃត្រីផ្សោតទន្លេនេះ ក៏មានក្រុមហ៊ុននិងសហគ្រាសតូចធំជាច្រើន កំពុងបើកដំណើរការបង្កើតចរន្តសេដ្ឋកិច្ចជំរុញការអភិឌ្ឍដល់ខេត្ត។
លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ មានក្រុមហ៊ុនពាណិជ្ជកម្ម ចំនួន១១៩ក្រុមហ៊ុន, សាខាក្រុមហ៊ុន ចំនួន៣៨សាខា, សហគ្រាសពាណិជ្ជកម្ម ចំនួន១១១សហគ្រាស និងអាជីវករលក់ដូរចំនួន១,៦២៣ មូលដ្ឋាន ក្នុងនោះមានច្បាប់អនុញ្ញាត ៥៥៥មូលដ្ឋាន។
ដោយឡែកវិស័យឧស្សាហកម្ម និងសិប្បកម្ម ខេត្តមានរោងចក្រចំនួន១១កន្លែង សហគ្រាសផលិតទឹកសុទ្ធចំនួន ៤៥ កន្លែង សហគ្រាសផលិតទឹកត្រីទឹកស៊ីអីវ ចំនួន ១ កន្លែង សិប្បកម្មឡឥដ្ឋក្បឿងចំនួន ២៥ កន្លែង។
បើតាមលោកអភិបាលរងខេត្ត អាជ្ញាធរខេត្តកំពុងជំរុញដល់អាជីករលក់ដូរ ដែលពុំទាន់មានច្បាប់អនុញ្ញាត ត្រូវមកបំពេញបែបបទដើម្បីចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសក្រុមហ៊ុន ចុះបញ្ជីម៉ាក និងសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រកបរបអាជីវកម្ម។
ថ្មីៗនេះក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបានរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញការយល់ដឹងឲ្យកាន់តែទូលំទូលាយ ជូនដល់ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដែលកំពុងប្រកបអាជីវកម្មដើម្បីស្វែងយល់អំពីច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងកម្ពុជា។
សិក្ខាសាលានាពេលនេះធ្វើឡើងក្នុងគោលបំណងឲ្យម្ចាស់ឧស្សាហកម្ម សិប្បកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីដ្ឋាន ពាណិជ្ជករ អាជីវករ និងសេវាករ នៅក្នុងខេត្តក្រចេះ ក៏ដូចទូទាំងប្រទេស ទទួលបានការយល់ដឹងកាន់តែច្បាស់ មានភាពងាយស្រួល និងមានទំនុកចិត្តធ្វើអាជីវកម្មរបស់ខ្លួន៕