ការចាប់មុខរបរលក់ផ្កាចន្ធូ អាចផ្តល់ប្រាក់ចំណូល និងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់កសិករមួយរូបស្ថិតក្នុងខេត្ត កំពង់ចាម។
ផ្តល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ អ្នកស្រី ណែន ដាលីន ជាម្ចាស់ចំការដំណាំចន្ធូ រស់នៅក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានរៀបរាប់ឲ្យដឹងថា មុខរបរដាំផ្កាចន្ធូនេះ អ្នកស្រីចាប់ផ្តើមជាងមួយឆ្នាំមកហើយ។ ក្រៅពីដាំផ្កាចន្ធូលក់ក៏មានលក់ផ្កាលំអជាច្រើនទៀតរួមមាន ផ្កាត្របែកព្រៃជាដើម។

កសិកររូបនេះបន្តថា រៀងរាល់ថ្ងៃសីលក្នុងរយៈពេល ០១ ខែ អ្នកស្រីអាចកាត់ផ្កាប្រមូលផលបានចំនួន ០៤ លើក (០៤ថ្ងៃសីលក្នុងមួយខែ)។ ចំពោះការប្រមូលផលវិញធ្វើឡើង ០១ សប្តាហ៍ម្តង ដែលទទួលបានប្រាក់ ៧០ ០០០រៀល ទៅ ៨០ ០០០រៀល។
បើតាមស្រ្តីរូបនេះ ការដាំចន្ធូរនេះអ្នកស្រីមិនត្រឹមតែលក់ផ្កាប៉ុណ្ណោះទេ ក៏លក់ទាំងមើមផងដែរ ទាំងលក់រាយនិងបោះដុំ។ ដោយតម្លៃរាយរបស់ផ្កា ២០០០០រៀលក្នុងមួយគីឡូក្រាម ចំណែកមើម តម្លៃ ២០០០០រៀលក្នុងមួយគី
ឡូក្រាមដូចគ្នា។
ស្រ្តីអ្នកដាំចន្ធូលក់នេះ ក៏បង្ហាញពីបច្ចេកទេសដាំចន្ធូគឺមិនខុសពីការដាំបន្លែប៉ុន្មានទេ ដោយកាប់ដីឬរណ្តៅ ដាំជាជួរឬរង ដូចជាដំឡូងក៏បាន អាស្រ័យទៅលើចិត្តអ្នកចង់ដាំ និង ទីតាំង បើសិនជាដីលិចទឹកអាចលើករងបាន។
កសិករដាំចន្ធូរលក់រូបនេះ ក៏លើកពីបញ្ហាលំបាកខ្លះដូចជា ទីផ្សាមិនទាន់ទូលំទូលាយ ពិសេសនៅជនបទព្រោះអ្នកស្រីលក់តែក្នុងស្រុក។ ទោះបីជាយ៉ាងណា កសិករវ័យ៣៥ឆ្នាំរូបនេះ មិនផ្អាកឬឈប់ដាំទេ គឺថែមទាំងចង់ពង្រីកចំការនេះឲ្យកាន់តែធំជាងនេះទៀត រកដីមកដាំកាន់តែច្រើន ព្រោះសព្វថ្ងៃ ដីមានលក្ខណៈតូច ចង្អៀត៕