សព្វថ្ងៃនេះការប្រកបមុខរបរលក់ចល័តតាមផ្លូវ ឃើញថាមានសន្ទុះកើនឡើងខណៈអាជីវកម្មក្រៅប្រព័ន្ធនេះក៏ចំណាយដើមទុនតិច។
ថ្ងៃនេះឧកញ៉ាញូស៍សូមបើកបង្ហាញពីប្រាក់ចំណូលអ្នករបរលក់ចេកអាំងចល័តក្នុងរាជធានីភ្នំពេញ។
លោក ហេង សៀម ដែលប្រកបរបរលក់ចេកអាំងអស់រយៈពេល ១០ ឆ្នាំបានប្រាប់ឧកញ៉ាញូស៍ថា មួយថ្ងៃលោកអាចរកចំណូលបានពី ៣០ ទៅ ៤០ម៉ឺនពីមុខរបរលក់ចេកអាំងតាមផ្លូវ។ បើកាត់កងការចំណាយ បុរសរូបនេះបង្ហើបមិនលាក់លៀម អាចសល់ជាង ១០ ម៉ឺនដែរ។
ចេកអាំងចល័តដែលបុរសរូបនេះប្រកបជាង ១០ ឆ្នាំ គឺចាប់បើកលក់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៦ ល្ងាច។ ចំពោះទីតាំងលក់គឺចាប់ពីស្ពានក្បាលថ្នល់រហូតដល់ផ្សារបឹងត្របែក។
លោក ហេង សៀម បានបង្ហើបថា ចេកអាំងរបស់លោកទទួលការគាំទ្រខ្លាំងពីបងប្អូនតាមដងផ្លូវ ដោយសាររសជាតិ គុណភាពបូកផ្សំនឹងតម្លៃផងដែរ។
បុរសវ័យ ៣៧ ឆ្នាំរូបនេះបន្តថា ក្នុងមួយថ្ងៃគាត់ត្រូវចំណាយថវិកាទិញចេកម្ដង ៤០ ស្និត ដំឡូង ស្ករ និងអង្ករដើម្បីធ្វើនំ។ ទោះបីត្រូវហាលក្តៅហាលភ្លៀងជួបការលំបាក និងហត់បន្តិច លោក ហេង សៀម ប្រាប់ដោយមិនស្ទាក់ស្ទើរថា លោកសុខចិត្តតស៊ូជាមួយមុខរបរនេះដែលជាការងារសុចរិត មានឯករាជ្យលើខ្លួនឯង មិនរស់នៅក្រោមសម្ពាធរបស់នរណាម្នាក់។
តាមរយៈឧកញ៉ាញូស៍ លោក ហេង សៀប ក៏ផ្ដាំផ្ញើផងថា ការងារណាក៏ល្អដែរ ឱ្យតែសុចរិតមិនកេងប្រវ័ញ្ចអ្នកដទៃព្រោះតែប្រយោជន៍សួនតួនោះ៕