ក្រុមហ៊ុននំស្រួយ លីលី គឺជាក្រុមហ៊ុនផលិតនំស្រួយដំបូងគេនៅកម្ពុជាដែលអាចនាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស ខណសហគ្រាសក្នុងស្រុកនេះ កំពុងបន្តបង្កើនផលិតផលនំរបស់ខ្លួនឲ្យកាន់តែមានច្រើនរសជាតិ ច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក។

នំស្រួយ លីលី បាននាំចេញទៅលក់ក្រៅប្រទេសរួមមាន ប្រទេសអូស្ត្រាលី វៀតណាម ថៃ ចិន ភូមា អាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណស៊ី អ៊ីតាលី កាណាដា អាហ្វ្រិក និងនូវែលសេឡង់ ជាដើម។
ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី មានរោងចក្រចំនួន ២។ មួយស្ថិតនៅរាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតនំបានជាង ៣០ ប្រភេទរួមមាន៖ នំផេនីរសជាតិពោតផ្អែម, នំអេណូរសជាតិមឹក, នំកូកូរសជាតិសូកូឡា, នំPop (រសជាតិមឹកហឹរ សាច់អាំង និងប៉េងប៉ោះ), នំដាយណូស័រ (រសជាតិខ្ទឹមបារាំង និងសារ៉ាយសមុទ្រ), នំកងហឹរ, នំប៉េងប៉ោះ, នំមឹកយក្ស, នំ Moon, នំមីនី, នំគោ, នំមានទឹកជ្រលក់(រសជាតិដំឡូងស្វាយ សារ៉ាយសមុទ្រ និងបន្លែ) , នំព្រិល និងនំបន្លែជាច្រើនប្រភេទទៀត។

លោកជំទាវ ឧកញ៉ា កែវ មុំ ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុននំស្រួយលីលី ទទួលបានពានរង្វាន់ជា «សហគ្រាសល្អបំផុត» ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១៥ លើជោគជ័យអាជីវកម្មផលិតនំស្រួយ ចែកចាយទាំងលើទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ស្របតាមស្ដង់ដារគុណភាពប្រទេសជប៉ុន៕




