លោកវេង សាខុន៖ វិស័យ​ឯកជន ជាស្ពាន​ចម្លង​​នាំផលិតផលកសិករ ទៅកាន់ទីផ្សារក្រៅប្រទេស

អាជីវកម្ម

ថ្លែងក្នុងកម្មវិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយប្រមូលផលកាលពីម្សិលមិញនេះ លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានលើកឡើងថា វិស័យឯកជនគឺជាស្ពានចម្លងដែលនាំផលិតផលកសិករ អ្នកផលិត ទៅកាន់ទីផ្សារក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងន័យនេះ លោក​រដ្ឋមន្រ្តី​ចង់ស្រាយបញ្ជាក់ថា រាល់ផលិតផលដែលកសិករ ផលិតករ ធ្វើបានគឺមិនអាចដាក់ល្អី ដាក់កញ្ជើយកទៅលក់នៅក្រៅប្រទេសបានទេ បញ្ហានេះទាក់ទងទៅនឹងលទ្ធភាពនៃការនាំចេញរបស់ កសិករនិងផលិតករ។

ប្រសិនបើវិស័យឯកជនមិនមានសមត្ថភាព​ក្នុងការគ្រប់គ្រង កែច្នៃ ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារនោះទេ ប្រាកដណាស់ថាគ្មានការគ្រាំទ្រចំពោះស្ថាប័ននោះឡើយ។

ក្នុងនេះផងដែរលោក វេង សាខុន ក៏បានសំណូមពរដល់ផលិតករ អ្នកផលិតទាំងអស់សូមពិនិត្យឡើងវិញនូវគុណភាពរបស់ផលិតផល ភ្ជាប់ជាមួយនិងរសជាតិផងដែរ។ បញ្ហារសជាតិនេះជារឿងសំខាន់ណាស់ ដែលត្រូវតែស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់និងស៊ីជម្រៅ។

លោក​បាន​លើកជា​ឧទាហរណ៍ “មិនគួរធ្វើប្រៃពេកទេព្រោះអាចធ្វើឱ្យអ្នកបរិភោគកើតជំងឺមហារីក ក៏មិនគួរធ្វើផ្អែមពេកដែរ។បច្ចុប្បន្ននេះ UNIDO កំពុងតែគិតគូរលើបញ្ហានេះសម្រាប់អាជីវករ”។

សហគ្រាសចំនួន ១៧ នៅកម្ពុជា ទទួលបានថវិកាសរុបប្រមាណ៥0ម៉ឺនដុល្លារពីកញ្ចប់វិនិយោគកម្មវិធី VCIS ដើម្បីគាំទ្រដល់ ដំ​ណើរការ​ផលិតកម្មផលជលផល។ ពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផល​ក្រោយពេល​ប្រ​មូល​​ផល រៀប​​ចំឡើង​​ដោយ​​រដ្ឋបាលជលផល សហការជាមួយអង្គការ UNIDO ក្រោមវត្តមានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះ។

VCIS គឺជាយន្តការសហវិនិយោគ រវាងកម្មវិធីជាមួយសហគ្រិនជលផលក្រោយប្រមូលផលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការជាមួយគ្នាក្នុងការកែលម្អប្រតិបត្តិការអាជីវកម្មរបស់ពួកគេឱ្យអនុលោមទៅតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ។

យន្តការនេះនឹងជួយឱ្យអាជីវកម្មក្នុងស្រុករីកចម្រើនប្រកបដោយ ចីរភាព និងផ្ដល់ផលប៉ះពាល់ជាវិជ្ជមានដល់សង្គម សេដ្ឋកិច្ច និង បរិស្ថាន៕