ពិព័រណ៍សហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាប រៀបចំឡើងដើម្បីលើកស្ទួយដល់ផលិតផលកែច្នៃក្នុងស្រុក ក៏ដូចជាលើកទឹកចិត្តដល់សហគ្រិនថ្មីថ្មោងដែលទើបនឹងចាប់ផ្ដើមអាជីវកម្ម និងរួមគ្នាផ្សព្វផ្សាយផលិតផលទាំងនោះឲ្យកាន់តែទូលំទូលាយ។

ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ កាលពីថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលផ្ដួចផ្ដើមឡើងដោយអង្កការ និងស្ថាប័នចំនួន ៤ ក្នុងខេត្តសៀមរាបរួមបញ្ចូលគ្នាមានដូចជា អង្កការលើកកម្ពស់យុវជនហៅកាត់ផេពពី អង្កការគាំទ្រសហគ្រិនស្ត្រី សហគ្រាសសហ និងសហគ្រាសអេនធើប្រាយ វីសិន។

លោក ឃុត សុខាន សហស្ថាបនិកនៃសហគ្រាស សហ បានប្រាប់មកកាន់ឧកញ៉ាញូស៍ឲ្យដឹងថា ពិព័រណ៍សហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាបនេះ មានទិសដៅរួមមួយគឺគាំទ្រ និងលើកទឹកចិត្តសហគ្រិនទាំងអស់ក្នុងខេត្តសៀមរាប។
ក្នុងព្រឹត្តិការណ៍នេះមានម្ចាស់សហគ្រាសរហូតដល់ ៣៨រូបមកធ្វើការដាក់តាំងពីព័រណ៍ផលិតផលរបស់ខ្លួន មានខ្លះជាធុរកិច្ចទើបតែបង្កើតថ្មី (ផ្ដើមអាជីវកម្មដំបូង) ខ្លះទៀតជាសហគ្រិនដែលបានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនបានមួយរយៈ និងមួយចំនួនទៀតជាសហគ្រិនដែលចាប់ផ្ដើមអាជីវកម្មជាយូរមកហើយ ដោយពួកគាត់មានគោលដៅរួមមួយគឺចង់ស្វែងយល់អំពីតម្រូវការរបស់អតិថិជន ជាពិសេសគឺដើម្បីឲ្យផលិតផលក៏ដូចជាស្លាកយីហោររបស់ពួកគាត់កាន់តែរីកចម្រើន និងមានឱកាសទទួលបានការឆ្លើយតបពីតម្រូវការអតិថិជនដែលទៅចូលរួមទស្សនាពិព័រណ៍នេះផងដែរ។


លោកបានបញ្ជាក់បន្ថែមថា ពិព័រណ៍នេះក៍បានផ្ដល់ឱកាសឲ្យអ្នកដែលមកចូលរួមទស្សនាជាពិសេសគឺយុវជនក្មេងៗ ដែលមានចិត្តស្រលាញ់ខាងវិស័យអាជីវកម្ម មានឱកាសបានសួរនាំអំពីរឿងរ៉ាវ ក៏ដូចជាដំណើរការនៃភាពជាសហគ្រិន ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទុកជាគ្រឹះ ដល់អ្នកដែលចង់ក្លាយជាសហគ្រិនឬម្ចាស់អាជីវកម្មដោយខ្លួនឯង។ លោកគិតថា ទាំងអស់នេះជាការរួមចំណែកមួយក្នុងការជួយអភិវឌ្ឍន៍សហគមន៍ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកទាំងមូល។

លោក ឃុត សុខាន បានបង្ហើបប្រាប់មកកាន់ឧកញ៉ាញូស៍បន្ថែមថា ព្រឹត្តិការណ៍នេះអាចនឹងបង្កើតឡើងម្ដងទៀតនៅពេលក្រោយ ព្រោះពិពរណ៍ដែលកន្លងទៅកាលពីថ្មីៗនេះ ទទួលបានឱកាសច្រើន ទាំងសហគ្រិន និងអ្នកចូលរួមទស្សនា តែខាងអ្នករៀបចំពិព័រណ៍មិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ៕


