ដោយមើលឃើញកសិផលនៅក្នុងស្រុកសល់ច្រើនព្រោះមិនសូវមានទីផ្សារ ទើបជម្រុញទឹកចិត្តឲ្យលោកស្រី នុន ចាន់នី បង្កើតសិប្បកម្មចេកឆាបឡើង ដែលអាចនាំចេញលក់លើទីផ្សារក្នុងស្រុកពី ៥០០-៦០០កេះក្នុងមួយខែ។

លោកស្រី នុន ចាន់នី ម្ចាស់សិប្បកម្មចេកឆាបរាជនី ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនជិត៤ឆ្នាំមកហើយ ដែលកែច្នៃចេកស្រស់ ឲ្យក្លាយជាចេកឆាបមានរសជាតិឈ្ងុញឆ្ងាញ់ អាចពង្រីកសក្តានុពលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ចែកចាយបន្តដល់ រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួដូចជា ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តកណ្ដាល និងថ្មីៗនេះនាំចេញទៅដល់ខេត្តកោះកុង ថែមទៀតផង។

បើតាមម្ចាស់សិប្បកម្មរូបនេះបានឲ្យឧកញ៉ាញូស៍ដឹងថា ផលិតផលនៅលើទីផ្សារនាំមុខគេ គឺចេកឆាប ដោយក្នុងមួយថ្ងៃអាចផលិតបានពី ១៥០-១៦០គីឡូកា្រម ហើយមួយខែលក់ចេញបានពី ៥០០ ទៅ ៦០០កេះ ដោយក្នុង ០១ កេះមាន ១៦ដុំ និង០១ដុំៗមាន១២កញ្ចប់។ ក្រៅពីនោះមានចេកសម្ងួតជាផលិតផលទី ០២ និងឆៃប៉ូវ ជាផលិតផលទើបតែសាកល្បងច្នៃថ្មី។

លោកស្រីបានបន្ថែមថា សិប្បកម្មមួយនេះមិនត្រឹមតែជួយឲ្យលោកស្រីរកប្រាក់ចំណូលបាននោះទេ ប៉ុន្តែអាចជួយដល់សង្គមបានដូចគ្នា មិនថាទាំងអ្នកដាំចេក អ្នកធ្វើការនៅក្នុងសិប្បកម្ម និងសូម្បីតែអ្នកញាំក៏ទទួលបានអត្តប្រយោជន៍ផងដែរ ព្រោះពួកគាត់អាចទទួលបានផលិតផលដែលមានគុណភាពពី ចេកឆាបរាជនី។

លើសពីនោះ លោកស្រី នុន ចាន់នី បានបញ្ជាក់បន្ថែមថា គាត់ពិតជាសប្បាយចិត្តនូវអ្វីដែលគាត់ធ្វើឡើងចេញជាផ្លែផ្កាបែបនេះ និងសំណូមពរឲ្យអតិថិជននៅតែបន្តការគាំទ្រផលិតផល ចេកឆាបរាជនីនេះបន្តទៀត ជាពិសេសសូមផ្ញើផលិតផលដែលផលិតចេញពីក្រុមស្ត្រីជនបទទៅកាន់បេះដូងអតិថិជនគ្រប់ៗគ្នា៕


