កសិដ្ឋាន ៤០០ មានទីតាំងនៅខេត្តមណ្ឌលគិរីដែលកសិដ្ឋាននេះក្រៅពីចិញ្ចឹមសត្វជាង ៤០០ ប្រភេទ សម្រាប់លក់លើទីផ្សារ ក៏ផ្ដល់ដំណោះស្រាយសេវាកម្មបច្ចេកទេសកសិកម្ម ដំណោះស្រាយប្រឹក្សាយោបល់លើការបង្កើតអាជីវកម្មកសិកម្ម ដំណោះស្រាយផ្ដល់សេវាសម្ភារៈ ថ្នាំសត្វ និងម៉ាស៊ីនកសិកម្ម និងដំណោះស្រាយជួយរកទីផ្សារលើផលិតផលកសិកម្ម។

លោក ហាច ឆន ស្ថាបនិក និងអគ្គនាយកកសិដ្ឋាន ៤០០ បានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា កសិដ្ឋាន ៤០០ ចាប់ផ្ដើមបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដែលកសិដ្ឋាននេះមានសត្វជាង ៤០០ ប្រភេទ ក្នុងនោះសត្វក្នុងទឹកមានប្រហែល ១០ ប្រភេទ សត្វបក្សីមានជាង ៣០០ ប្រភេទ ដូចជាមាន់ ក្រូច ក្ងាន ទា ព្រាបជាដើម។
ស្ថាបនិកកសិដ្ឋានបានប្រាប់បន្តថា ពូជសត្វទាំងនោះលោកបានមកពីក្នុងស្រុក ដោយដើរប្រមូលគ្រប់ទីកន្លែងទើបធ្វើឱ្យកសិដ្ឋានមានពូជសត្វច្រើនប្រភេទ។

បើតាមម្ចាស់កសិដ្ឋានរូបនេះ នៅកសិដ្ឋាន ៤០០ បច្ចុប្បន្នខ្យងកំពុងមានទីផ្សារខ្លាំង ហើយព្រាបក៏កំពុងមានសន្ទុះផងដែរ ដែលមានខ្លះទិញយកទៅលម្អ មួយចំនួនទៀតទិញយកទៅច្នៃធ្វើជាម្ហូប។
ខ្យងប្រភេទប័រ និងខ្យងធុរេន ក្នុងមួយគីឡូ មានតម្លៃ ១០០ ដុល្លារ។ ព្រាបក្នុងមួយគូ ១៥០០ ដុល្លារទៅ ២០០០ដុល្លារ។ មិនត្រឹមតែខ្យងនិងព្រាបប៉ុណ្ណោះទេ ដែលទទួលបានការគាំទ្រខ្លាំង មាន់ស្រែក៏ទទួលបានការគាំទ្រមិនចាញ់គ្នានោះដែរ។


ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះបានបង្ហើបពីដើមទុន មកដល់ពេលនេះលោកចាយអស់ជាង ៥០ម៉ឺនដុល្លារ ដោយខ្លួនឯងផ្ទាល់។
ចំពោះកសិដ្ឋាននេះលោកនឹងពង្រីកឱ្យកាន់តែធំទៀត ដែលបច្ចុប្បន្នមានត្រឹមជាងមួយហិតតា ហើយនៅថ្ងៃអនាគតនឹងពង្រីកឲ្យបាន ១៥ ហិតតា ដែល ៥ ហិតតាផ្ដោតសំខាន់លើការចិញ្ចឹមគោ។ រីឯ ១០ ហិតតាទៀតគឺផ្ដោតលើសត្វចំរុះ។

មុនឈានមកដល់ដំណាក់កាលនេះ លោកហាច ឆន បានសិក្សាររៀនសូត្រពីអង្គការ ២-៣ អង្គការមកហើយដែលធ្វើឱ្យលោកឆ្អិនខាងវិស័យនេះគួរឱ្យកត់សម្គាល់។
សហគ្រិនកូនបីរូបនេះបានប្រាប់ឧកញ៉ាញូស៍ដោយទឹកមុខរីករាយថា កសិដ្ឋាន៤០០នេះកំពុងដំណើរការទៅមុខយ៉ាងរលូន ដោយមិនមានបញ្ហាប្រឈមនោះទេ ដោយសារលោកយល់លើអាជីវកម្មនេះច្បាស់ រីឯតម្លៃទីផ្សារទៀតសោតគឺលោកជាអ្នកកំណត់តម្លៃដោយខ្លួនឯងគឺមិនឱ្យឈ្មួញកេងចំណេញពីលើនោះឡើយ។
គូររំលឹកផងដែរថា កសិដ្ឋាន៤០០ មានទីតាំងនៅភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕









