បុរសម្នាក់បោះបង់ការងារធនាគារ ១៨ឆ្នាំ បែរមកចាប់មុខរបរកសិកម្ម

អាជីវកម្ម

មនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានការងារដែលស្រណុកសុខស្រួលនៅក្នុងម្លប់ ឬនិយាយដោយខ្លីធ្វើការក្នុងការិយាល័យ។ ផ្ទុយទៅវិញ បុរសវ័យ៤៣ម្នាក់ នេះបានលះបង់ការងារក្នុងធនាគារ ១៨ឆ្នាំ បែរមកចាប់មុខរបរក្នុងវិស័យកសិកម្ម ដាំដំណាំហូបផ្លែ ដែលជាការងារនឿយហត់ ហាលក្តៅហាលភ្លៀងទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ឆន ឆាវី ជាម្ចាស់ចំការធម្មជាតិ

លោក ឆន ឆាវី ជាម្ចាស់ចំការធម្មជាតិ បានប្រាប់ឧកញ៉ាញូស៍ថា កាលដែលលោកបោះបង់ការងារ​ក្នុងធនាគារ (Bank) ហើយមកចាប់កសិកម្មដោយសារការកើតចេញពីបេះដូង ការស្រលាញ់ផ្ទាល់តែម្តង ដោយលោកបានលើកហេតុផលបីធំៗ ទី១- បរិបទការងារវានឹងប្រែប្រួលទៅតាមបរិបទ ដូច្នេះយើងត្រូវធ្វើអ្វីដែលយើងស្រលាញ់ គឺវិស័យកសិកម្មនេះផ្ទាល់។ ទី២: ដោយមើលឃើញថា នៅស្រុកខ្មែរមានផលប៉ះពាល់ពីរ ទី១គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយរបបចំណីអាហារ កាលណាយើងរស់បែបធម្មជាតិក៏យើងមានអាយុវែង។ ទី៣: ដោយសារធុញថប់នឹងបរិយាសក្នុងវិស័យការងារ។ នេះជាហេតុដែលធ្វើឲ្យលោកលះបង់ការងារធនាគារ ដោយសារក្តីស្រមៃប៉ុណ្ណោះ។

លោកថ្លែងថា បើគិតមកដល់ពេលឥឡូវការប្រកបមុខរបរនេះបានរយៈពេល៣ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នលោក​បាន​ដាំនៅលើផ្ទៃដីប្រមាណ៥ហិកតា រួមមាន ចេកណាំវ៉ា (១០០០ដើម) ខ្នុរការ៉ុត(១៧០០ដើម) ទុរេនមូសាងឃីង (២០០ដើម) លើសពីនេះក៏មានដំណាំបន្ទាប់បន្សំផ្សេងទៀតដូចជា ដូងក្រអូប រំដេញ សាវម៉ាវ ត្របែក ជាដើម។

ម្ចាស់ចំការរូបនេះបានបញ្ជាក់ថា ចំពោះខ្នុរការ៉ុត ដាំតែ១ឆ្នាំកន្លះអាចប្រមូលផលបាន ដោយបច្ចុប្បន្នគឺកុងត្រាឲ្យគេ ប៉ុន្តែកូនខ្នុរគឺបណ្តុះលក់ខ្លួនឯង ហើយមកទល់ពេលនេះមានអតិថិជនបញ្ជាទិញប្រមាណជាង៥០០កូនមកហើយ។ បើគិតជាចំណូលប្រហែល៦០០ដុល្លារក្នុងមួយខែ។ ចំណែកឯទុរេនមូសាងឃីង គឺដាំនៅលើដីប្រមាណ ២ ហិកតា​មានចំនួន២០០ដើមដែលផ្លែទុរេននេះក្នុងមួយគីឡូមានតម្លៃ១០០០០០ម៉ឺនរៀល។

ទុរេនមូសាងឃីង

មូលហេតុដែលជ្រើសរើសយកទុរេនមូសាងឃីងមកដាំ លោកបានឲ្យដឹងថា ភាគច្រើនកសិករខ្មែរនិយមដាំទុរេនម៉ាន់ថង ដោយប្រភេទទុរេនមូសាងឃីងនេះ ភាគតិចមែនទែនដែលមានកសិករខ្មែរដាំ ព្រោះទុរេននេះមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ទម្រាំតែបានមកដល់ខ្មែរគឺមានការដឹកជញ្ជូនតាមកប៉ាល់ទូក ពីរទៅបីយប់ បានមកដល់កម្ពុជា។ ប៉ុន្តែលោកបែរជាយកទុរេននេះមកដាំទៅវិញដោយសារមើលឃើញថា បើប្រៀបធៀបទៅនឹងទុរេនម៉ាន់ថង គឺមូសាងឃីងមានតម្លៃថ្លៃជាងរហូតដល់១០ ០០ ០០ម៉ឺនរៀលក្នុងមួយគីឡូ ហើយក្នុងមួយផ្លែជាមធ្យមជាង៣គីឡូក្រាម ខណៈម៉ាន់ថងមានតម្លៃជាមធ្យម ១៥០០០រៀល មានទម្ងន់ត្រឹមមធ្យម២គីឡូក្រាម។

មិនត្រឹមតែប៉ុណ្ណោះ ផ្លែទុរេនមូសាងឃីងមានរសជាតិឆ្ងាញ់ផ្លែផ្កាយកណ្តាល(គូទ៦ខ្វែង) ដែលជាការសម្គាល់ផ្លែខុសពីទុរេនដទៃ ដាំចន្លោះពី៣ឆ្នាំកន្លះទៅ៤ឆ្នាំអាស្រ័យលើការថែទាំ អ្វីដែលពិសេសគឺធន់នឹងជំងឺ។ ប៉ុន្តែទោះបីជាយ៉ាង ក៏មានបញ្ហាចំពោះដាំទុរេនប្រភេទនេះផងដែរ ដោយមើលឃើញថាទីផ្សាស្រុកខ្មែររាងពិបាកក្នុងការលក់ ពោលគឺភាគតិចមានអ្នកទិញហូប អ្នកទិញភាគច្រើនមានជីវភាពធូរធា។

ចំណែកបញ្ហាដំណាំចេកក៏មានផលពិបាកទៅលើទីផ្សាផងដែរ ដោយមួយស្និតបានតម្លៃខ្ពស់ត្រឹមតែ១៥០០រៀល ជួនកាលមួយស្និត៥០០រៀលក៏មាន នេះដោយសារតែមិនទាន់មានបច្ចេកទេសកែច្នៃ។

លោកបន្ថែមទៀតថា ការចាប់យកមុខរបរកសិកម្ម ក្រោយពីបោះបង់ការងារធនាគារ មិនមែនចេះតែនឹកឃើញទេ ដោយម្ចាស់ចំការថ្មីថ្មោងរូបនេះបញ្ជាក់ថា ដោយសារ​មានចំណូលសម្រាប់ទប់ទល់គ្រួសារហើយបានទៅធ្វើកសិកម្ម ហើយមុខរបរនេះមិនទាន់ហុចផលភ្លាមៗទេព្រោះមានការចំណាយជាច្រើនទៅលើ សាំង ជី ឧបករណ៍កសិកម្មផ្សេងៗ។

យ៉ាងណា លោកក៏លើកទឹកចិត្តចំពោះអ្នកដែលចង់កែប្រែខ្លួនឯង បន្ទាប់ពីឈប់ពីធ្វើការងារឲ្យគេមកធ្វើការងារឲ្យខ្លួនឯង ដោយក្តីស្រមៃ ក្តីស្រលាញ់ ដោយបេះដូង៕

ចំការខ្នុរ
កូនខ្នុរ
ចំការចេក