ត្រឹមពាក់កណ្ដាលឆ្នាំ ២០២២ មានផលិតផលតាមខេត្តនិងតំបន់មួយចំនួន ត្រូវបានទទួលការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាសមូហភាព និងចុះបញ្ជីម៉ាកវិញ្ញាតកម្ម។

ក្នុងសន្និសិទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងពាណិជកម្មកាលពីម្សិលមិញនេះបានឲ្យដឹងថា គិតត្រឹមឆមាសទី ១ នៃឆ្នាំ ២០២២ មានផលិតផលមួយចំនួនទទួលបានការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម ដែលក្នុងនោះមានដូចជា៖
ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ (ខេត្តក្រចេះ) ប្រហុកសៀមរាប បង្គាក្រៀមកោះកុង បង្គាក្រៀមកំពង់សោម និងទឹកឃ្មុំមណ្ឌលគិរី បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញពីក្រសួងពាណិជ្ជកម្ម។

ដោយឡែក គុយទាវភ្នំពេញ អំបុកកំពង់ធំ និងអង្ករព្រះវិហារ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាម៉ាកសមូហភាព។ ចំណែកចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល ក្រូចពោធិ៍សាត់ ដូងខ្ទឹះបាត់ដំបង និងនំបញ្ចុកសៀមរាប កំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាព។
ជាមួយគ្នានេះ សហគ្រាសម្លិះអង្គរ ( Malys Angkor ) ក៏ទទួលបានការចុះបញ្ជីម៉ាកវិញ្ញាតកម្ម ពីក្រសួងពាណិជ្ជកម្មរួចរាល់ផងដែរ។
ផលិតផលមួយចំនួនដែលកំពុងសិក្សាប្រមូលព័ត៌មាន និងរៀបចំចុះបញ្ជីម៉ាកមានដូចជា ទឹកត្រីកំពត-កែប បង្កងតាកែវ អំបិលនិងផ្កាអំបិលកំពត-កែប ក្ដាមថ្មកោះកុង ស្មូនឆ្នាំងដី-ខេត្តកំពង់ឆ្នាំង ពងទាកូនស្រែរនោង-ខេត្តតាកែវ សូត្រភ្នំស្រុក អង្ករស្មាច់ស្វាយរៀង ទុរេនកំពត ទុរេនសំឡូត មៀនប៉ៃលិន និងអង្ករនាងអំ។


គួររំឮកថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងពាណិជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសញ្ញាពាណិជ្ជកម្មចំនួន ២៩,០៨៤ពាក្យស្នើសុំ។ ក្នុងឆមាសទី១ ឆ្នាំ ២០២២នេះបានចំនួន ១២២៦ពាក្យស្នើសុំ កើនឡើង២១% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕


