ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ ឬដែលគេស្គាល់ជាទូទៅក្រុមហ៊ុន (ខាំ-ផែន) ជាកុ្រមហ៊ុនផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបានវិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ ដោយចាប់ផ្តើមអាជីវកម្មជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុនផលិតថ្នាំលាបក្នុងស្រុកមួយដែលគួរឱ្យជឿទុកចិត្ត ដោយផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្មឈានមុខគេ ”។
ក្រុមហ៊ុនខាំផែន ផ្តួចផ្តើមបង្កើតឡើងដោយជនជាតិខ្មែរបីរូបគឺ៖ (១). លោក សំ ពូក (២). លោក សោម សម្បត្តិ និង (៣). លោក អ៊ីវ គឹមសួ។

អំពីរោងចក្រ ខំា-ផែន (ថ្នាំពណ៌ជាតិ)
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) បានចាប់ផ្តើមអាជីវកម្មនៅក្នុងឆ្នាំ ២០០៤ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យស្ថាបត្យកម្មសំណង់នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកក្នុងការបង្កើនការផលិតផលិតផលក្នុងស្រុក។

ក្រោមកិច្ចដឹកនាំប្រកបដោយទេពកោសល្យ និងទស្សនវិស័យដ៏ច្បាស់លាស់ពីថ្នាក់ដឹកនាំ ជាមួយនឹងឆន្ទៈតស៊ូ ព្យាយាមដ៏មោះមុតពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ខាំ-ផែន បានប្រែក្លាយពីក្រុមហ៊ុនតូចមួយឈានមកជាក្រុមហ៊ុនធំមួយ ដែលមានឈ្មោះបោះសំឡេងលើទីផ្សារមានការទទួលស្គាល់ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស លើគុណភាពផលិតផល សេវាកម្ម និងកេរ្តិ៍ឈ្មោះលើភាពជាអ្នកដឹកនាំរបស់ស្ថាបនិកក្រុមហ៊ុន។
លើសពីនេះទៅទៀត ខាំ-ផែន ក៏ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានផលិតផលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដែលមានអាយុរាប់រយឆ្នាំបាន។

ការទទួលស្គាល់ជាអន្តរជាតិ
នៅក្នុងឆ្នាំ ២០១៧ ក្រោមកិច្ចសហការរវាងអង្គការផលិតភាពអាស៊ី (APO) ជាមួយមជ្ឈមណ្ឌលផលិតភាពជាតិ (NPCC) របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ក្រុមហ៊ុន ខាំ-ផែន បានទទួលវិញ្ញាបនបត្រលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015។
នៅចុងឆ្នាំ២០១៨ ខាំ-ផែន បានទទួលវិញ្ញាបនបត្រពានរង្វាន់ស៥ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា។ នៅចុងឆ្នាំ២០១៩ ត្រូវបានជ្រើសរើសជាក្រុមហ៊ុនគំរូដើម្បីអនុវត្តប្រព័ន្ធផលិតកម្មលីន (LEAN Manufacturing)។
អំពីផលិតផល
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើម ត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗ ត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។

មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤. ផលិតផលគីមីសំណង់