លោក វង្ស តារា ចិញ្ចឹម​សាច់គ្រំចំពុះទា​ជាង ២៧ ឆ្នាំ ទើប​បើក​ជាសហគ្រាស​ នាំ​ចេញ​ទៅលក់ក្រៅប្រទស

អាជីវកម្ម

ណែនាំឱ្យស្គាល់សិប្បកម្មកែច្នៃសាច់គ្រំ ចំពុះទានិងបង្គារក្រៀមមួយកន្លែង ដែលមានទីតាំងនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សហគ្រិនដ៏ចំណានពោរពេញដោយបទពិសោធនេះ​គឺ​លោក វង្ស តារា ម្ចាស់សហគ្រាស សាច់គ្រំចំពុះទានៅភូមិ​​ពាមក្រសោប ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក វង្ស តារា

ផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ម្ចាស់សហគ្រាសសាច់គ្រំចំពុះទា លោក វង្ស តារា បាន​ឲ្យ​ដឹង​ថា លោកចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ។ ថ្មីៗនេះលោកបានចាប់ផ្ដើមបើកជាសហគ្រាសផលិត​និងកែច្នៃសាច់គ្រំ ចំពុះទាជាលក្ខណៈស្ដង់ដារ ដើម្បី​នាំចេញទៅក្រៅប្រទេស។

សាច់គ្រំចំពុះទារបស់លោក វង្ស ដារា៉ បាន​នាំចេញទៅ​លក់នៅ​ក្រៅប្រទេសជាង ៨០% ក្នុង​នោះ​មានទៅ​ប្រទេសថៃ និងប្រទេសវៀតណាម។

ក្នុងដំណើរការកែច្នៃសាច់គ្រំដើម្បី​នាំចេញ សិប្បកម្ម​របស់​លោក​មាន​លក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម ១០ខែទៅ១២ខែ ទើបអាចប្រមូល​ផល​យក​មកលក់នៅលើទីផ្សារបាន។

សហគ្រិនវ័យ ៥៧ ឆ្នាំ បាន​បញ្ជាក់ថា ក្នុងការលក់ទាំងមូលគឺនៅពេលប្រមូលគ្រំពីក្នុងទឹក ត្រូវយកមកលាងដុស កាត់ព្រុយឱ្យស្អាតកុំឱ្យជាប់ខ្យងច្រើន​ដែលលាយឡំមកជាមួយ។ ក្នុងការយកទៅលក់ទៀតសោតតម្រូវតាមទីផ្សារ គឺមានវេចខ្ចប់ពី ១ គីឡូក្រាម ទៅ ៥ គីឡូក្រាម ដែលអាចលក់បានក្នុងតម្លៃ១គីឡូ ៧០០០រៀល។

ការលក់ពុះសំបកមួយចំហៀងវិញ​ ការលក់បែបនេះតម្រូវលាងទឹកឱ្យស្អាតរួចចាប់ផ្ដើមពុះសំបកមួយចំហៀងចេញ ហើយរៀបចំវេចខ្ចប់ទៅតាមតម្រូវការទីផ្សារ មានដូចជា កន្លះគីឡូក្រាមនិង ១គីឡូក្រាម ដើម្បីងាយស្រួលដាក់កេះបញ្ជូនមកឱ្យអតិថិជន។ គ្រំលក់ក្នុងប្រភេទនេះមានតម្លៃ ២០០០០រៀលក្នុង១គីឡូក្រាម។

ចំណែក​ការ​លក់ជា​សាច់សុទ្ធ មុននឹងអាចយកទៅលក់បានត្រូវលាងសម្អាតឱ្យស្អាត រួចដាក់ស្ងោរឱ្យឆ្អិន បន្ទាប់មកទៀតពុះសំបកចេញ យកសាច់ដែលពុះបានទៅលាងទឹកពីរឬបីដងទៀតឱ្យស្អាត។ សាច់គ្រំសុទ្ធនេះវេចខ្ចប់លក់ក្នុងទម្ងន់កន្លះគីឡូកា្រម ព្រោះងាយស្រួលក្លាសេឱ្យត្រជាក់សព្វសាច់ ហើយដែល​អាចលក់បាន​តម្លៃ ៤០០០០រៀលក្នុងមួយគីឡូក្រាម។

បើតាម​លោក វង្ស តារា សាច់គ្រំចំពុះទា គេអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនយ៉ាងដូចជា ស្ងោរស៊ុប ស្លរម្ជូរគ្រឿង ដាក់ជាមួយភីហ្សា ញាំ ឆាក្ដៅជាដើម។

ការ​ចិញ្ចឹម​សាច់គ្រំចំពុះទានេះ លោក វង្ស តារា ក៏​បាន​លើកពី​កត្តាប្រឈមខ្លះដែរគឺពេលចិញ្ចឹមបានមិនសូវមានទីផ្សារ។ មួយវិញទៀតកត្តាធម្មជាតិ នៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗ បាន​នាំយកទឹកសាបមកជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងសាបបាន។

គួរ​បញ្ជាក់ថា សិប្បកម្មសាច់គ្រំ ចំពុះទារបស់​វង្ស តារា ថ្មីៗ​នេះបានទទួលកញ្ចប់វិនិយោគមកពី UNIDO ដើម្បីគាំទ្រ​ដំណើរការផលិតកម្ម ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕