សិប្បកម្មសំណាងសុធា គឺជាសិប្បកម្មមួយដែលកែច្នៃត្រីគ្រប់ប្រភេទធ្វើជា ផ្អក ប្រហុក មាំ ត្រីងៀត ពងត្រីដោយគ្មានផ្ទុកសារធាតុគីមី ប្រកបដោយអនាម័យ ស្តង់ដា ទំនុកចិត្ត មានទីតាំងស្ថិតនៅភូមិអារញ្ញ សង្កាត់សៀ
មរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោក យន់ សំណាង ជាម្ចាស់សិប្បកម្មសំណាងសុធា បានប្រាប់ឧកញ៉ាញូស៍ឲ្យដឹងថា លោកប្រកបមុខរបរនេះជាង ១៩ ឆ្នាំមកហើយតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ដោយចំណាយទុនត្រឹមតែ ១០០ ដុល្លារ (៤០ម៉ឺនរៀល) តែប៉ុណ្ណោះ។
លោក យន់ សំណាង បានរំលឹកការបង្កើតឡើងដំបូង មិនទាន់់មានជាសិប្បកម្មអីនោះទេ លុះចំណូលចេះតែកើនក៏ពង្រីកកាន់តែធំរហូតក្លាយជាសិប្បកម្មដល់សព្វថ្ងៃ។
សិប្បកម្មរបស់លោក យន់ សំណាងប្រើប្រាស់វត្ថុធាតុកែច្នៃដោយខ្លួនឯងផ្ទាល់ ដែលរួមមានផ្អក ប្រហុក ត្រីផាត់ ត្រីងៀតគ្រប់ប្រភេទ មាំ និងពងត្រីជាដើម។ ក្នុងមួយថ្ងៃអាចកែច្នៃបានចាប់ពី ៨០ទៅ ១០០ គីឡូក្រាម (ផលិតផលសម្រេច) ដែលទទួលបានចំណូល ២ លាន ទៅ ២ លាន ៥០ ម៉ឺន រៀលក្នុងមួយថ្ងៃ បើគិតជាការចំណេញខ្ទង់ ៣០ ទៅ ៤០ ម៉ឺនរៀល (ជាមធ្យម)។
ម្ចាស់សិប្បកម្មរូបនេះបានបន្តថា ចំណុចពិសេសដែលធ្វើឲ្យអតិថិជនចូលចិត្ត និងមានការគាំទ្រខ្លាំងគឺទី ១ ទីតាំងកែច្នៃមានគោលការណ៍ ទាក់ទងផលិតផលមានអនាម័យ គុណភាពដល់អតិថិជន។ ទី២ មានទំនួលខុសត្រូវលើផលិតផល កាលណាមានទំនុកចិត្តគ្នានោះកាន់តែមានភ្ញៀវគាំទ្រ។ ទី៣ រសជាតិគឺភ្ញៀវអាចទទួលយកបានច្រើន អ្វីដែលពិសេសអតិថិជនអាចកម្មង់រសជាតិតាមអ្វីដែលអតិថិជនចង់បាន។
ម្ចាស់សិប្បកម្មរូបនេះបានលើកហេតុផល ដែលជំរុញឲ្យមានការបង្កើតសិប្បកម្មមួយនេះឡើង ទី១ តម្រូវការភ្ញៀវកាន់តែច្រើនដោយពីមុនលក់ត្រឹមតែត្រីស្រស់ ប៉ុន្តែដោយសារលក់មិនសូវដាច់ ក៏មានគំនិតកែច្នៃទៅជា ប្រហុក
មាំ ផ្អករហូតដល់ឥឡូវ។ ទី២ ដោយមើលឃើញសក្កានុពលតម្រូវការច្រើន ក៏បង្កើតកាន់តែធំ។ ទី៣ ទាក់ទងចំណីអាហារ គុណភាព ដោយមានការមើលឃើញផលិតផលខ្លះអតិថិជនពិបាកទទួលយកបានទី១ អនាម័យ ទី២ ប្រើសារធាតុផ្សេងៗ ដោយសារបែបនេះទើបសិប្បកម្មសំណាងសុធាសម្រេចបើកសិប្បកម្ម ដោយតាំងចិត្តឲ្យមានអនាម័យ និងសុវត្ថិភាពដល់ភ្ញៀវ ពោលគឺគិតសុខភាពភ្ញៀវជាចម្បង បានបង្កើតមកដល់បច្ចុប្បន្ន។

ម្ចាស់សិប្បកម្មវ័យ ៤០ ឆ្នាំរូបនេះបានបន្ថែមថា កន្លងទៅខាងសិប្បកម្មសំណាងសុធា ក៏ធ្លាប់ទទួលបានកញ្ចប់វិនិយោគយូនីឌូ (UNIDO) កាលពីថ្ងៃទី០៥កក្កដានេះ ដោយសារខាងសិប្បកម្មលោកមានបទពិសោធន៍ច្រើនមានការយល់ដឹងច្រើន មានឆន្ទៈឆ្ពោះទៅរកស្តង់ដា សុវត្ថិភាពក្នុងស្រុកខ្មែរ។ ហើយខាង UNIDO ក៏មានការជួយជំរុញ ផ្តល់ចំណេះដឹង ការបង្រៀនទាក់ទងអនាម័យ ស្តង់ដា និងផ្តល់សម្ភារៈផ្សេងៗទៀត។
ចំពោះបញ្ហាប្រឈមលោកលើកឡើងថា គឺការកែច្នៃមិនមានការចោទជាបញ្ហាទេ ប៉ុន្តែទីផ្សារាងចង្អៀតបន្តិច អតិថិជនមានការរិតត្បិតតម្លៃ ដោយសារអតិថិជនមិនទាន់យល់ដឹងច្បាស់ពីអនាម័យ សុវត្ថិភាព ដូច្នេះតម្លៃក៏រាងថ្លៃទៅតាមផលិតផល ទាំងហ្នឹងជាផលលំបាកដែលយើងត្រូវគិតដែរ។
ប៉ុន្តែសិប្បកម្មសំណាងសុធា ខិតខំរកវត្ថុធាតុដើមណារៀងធូរថ្លៃ ដើម្បីការច្នៃសមស្របទៅនឹងទីផ្សាផងដែរ។ ទោះបីជាយ៉ាងណា លោកក៏សំណូមពរឲ្យអតិថិជនទាំងអស់ យល់ដឹងពីសុវត្ថិភាពចំណីអាហារណាដែលអាចទទួលទាន
ទៅមានសុវត្ថិភាព ដើម្បីចៀសវាងយកជំងឺមកដាក់ក្នុងក្រុមគ្រួសារ ឲ្យមានការយល់ដឹងបានច្រើនទាក់ទងសុវត្ថិភាពចំណីអាហារ៕



