ពីអ្នកលក់នំធម្មតាម្នាក់លោកស្រី ពុំ ពិចិត្ត អាចកែប្រែជីវភាពក្លាយជាម្ចាស់សហគ្រាសម្សៅត្រីល្អិតដ៏ល្បីប្រចាំខេត្តពោធិ៍សាត់ ដោយដើមទុនបើកសិប្បកម្មដំបូងចំណាយថវិការអស់ត្រឹមតែ៥០០ ដុល្លារ បំុណ្ណោះ។

លោកស្រី ពុំ ពិចិត្ត មានអាយុ ៥២ ឆ្នាំ ជាម្ចាស់សហគ្រាសម្សៅត្រីល្អិត ស្ថិតនៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលចាប់ផ្ដើមសិប្បកម្មមួយនេះអស់រយៈពេល ៦ ឆ្នាំមកហើយ។

បើតាមសម្តីស្រ្តីវ័យ ៥២ ឆ្នាំរូបនេះបានឲ្យឧញ៉ាញូស៍ដឹងថា អាជីវកម្មរបស់អ្នកស្រីប្រើដើមទុនដំបូងចំណាយអស់ត្រឹមតែ ៥០០ ដុល្លារ ដែលកាលនោះត្រឹមជាសិប្បកម្មខ្នាតតូច។ ដោយមានការគាំទ្រច្រើន លោកស្រីបានបន្តកែច្នៃម្សៅត្រីល្អិតបានជាង ២០០ កំប៉ុងក្នុងមួយថ្ងៃ និងលក់ចេញលើទីផ្សារបានប្រមាណជាង ១០០០ កំប៉ុងក្នុងមួយខែ។
លោកស្រីបានបន្តថា មកដល់ពេលនេះមានអ្នកទទួលទិញយកទៅលក់បន្តមានច្រើនគួរសម ដែលក្នុងនោះរួមមាន ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកំពង់ធំ និងតាមបណ្តាផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ។
លក្ខណៈពិសេសរបស់ម្សៅត្រីល្អិតគឺសម្បូរទៅដោយសារធាតុចិញ្ចឹមរួមមាន ជាតិកាល់ស្យូម ប្រូតេអ៊ីន និងវិតាមីនផ្សេងៗជាច្រើនទៀតដែលជួយឲ្យកុមារមាន ឆ្អឹងរឹងម៉ាំ ការពារពុកឆ្អឹង នឹងមានសុខភាពល្អ។

សម្រាប់ការកែច្នៃលោកស្រីសម្រេចចិត្តយកត្រីល្អិតពីរប្រភេទគឺ ត្រីបណ្ដូលអំពៅ និងត្រីជន្លួញមាន់ ដែលទិញបន្តពីគេ យកមកសម្អាតជាមួយនឹងទឹកស្អាត រួចយកទៅចំហុយឲ្យអស់ខ្លាញ់ បន្ទាប់មកធ្វើការលីងឬសម្ងួតឲ្យស្ងួតល្អ និងស្រួយ ទើបយកទៅកិនឲ្យក្លាយជាម្សៅ និងធ្វើការវេចខ្ចប់ជូនអតិថិជន។ បន្ថែមលើនោះម្សៅត្រីល្អិតអាចយកទៅធ្វើជាមុខម្ហូបអាហារដូចជា ចៀនជាមួយពងទា ម្ហូបទឹកគ្រឿង សម្លរប្រហើរ ធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់កុមារ និងអាចរក្សាទុកបានយូររហូតដល់ ២ ឆ្នាំ។

ម្ចាស់សហគ្រាសរូបនេះបានបន្ថែមថា ការលំបាកដែលជួបប្រទះក្នុងសិប្បកម្ម គឺកង្វះថវិកាសម្រាប់ធ្វើរោងសម្ងួតនិងសម្ភារៈមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងដំណើរការផលិត។
យ៉ាងណាលោកស្រីនៅតែអំណរអរគុណ ដល់អតិជនដែលបានគាំទ្រដល់ផលិតផលកែច្នៃក្នុងស្រុកមួយនេះ ដោយមួយចំណែកបានធ្វើឲ្យជីវភាពលោកស្រីបានធូរធារជាងមុន និងមួយចំណែកទៀតគឺជួយដល់ប្រជាពលរដ្ឋមួយចំនួនឲ្យមានការងារធ្វើ។
គួរបញ្ជាក់ថា សហគ្រាសម្សៅត្រីល្អិតរបស់លោកស្រី ពុំ ពិចិត្ត បានក្លាយជាសហគ្រាសដ៏ឆ្នើមមួយក្នុងចំណោមសហគ្រាសទាំង ១៧ ដែលទទួលបានកញ្ចប់ថវិការវិនិយោគពីអង្គការ UNIDO កាលពីថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២២កន្លងទៅ ដើម្បីគាំទ្រដំណើរការផលិតកម្ម ឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕


