ហាងមាតុភូមិជាហាងម្ហូបខ្មែរមួយដែលផ្ដោតសំខាន់លើម្ហូបខ្មែរជាច្រើនមុខ ធានារសជាតិ គុណភាព មិនឱ្យភ្ញៀវខកបំណងឡើយ។ ហាងមាតុភូមិគឺជាហាងដែលបានថែរក្សា ប្រមូលផ្តុំម្ហូបប្រពៃណីជាតិ រួមទាំងលើកកម្ពស់សុខុមាលភាពសង្គម ដើម្បីថែរក្សា និងលើកស្ទួយម្ហូបដែលជាអត្តសញ្ញាណជាតិខ្មែរ។
ប្រវត្តិ និងស្ថាបនិកបង្កើតហាងមាតុភូមិ
ហាងមាតុភូមិបានលេចរូបរាងឡើងអំឡុងឆ្នាំ២០១៦ រហូតមកដល់ពេលនេះដំណើរការជាង ៦ ឆ្នាំហើយ។ អាហារដ្ឋាននេះចាប់ផ្ដើមដុះពន្លកក្រោមការពួតដៃគ្នាចូលទុនរកស៊ីរបស់បងប្អូនលោកស្រី មាស ផាន្នីដា ដោយចាយដើមទុនជិត ១ ម៉ឺនដុល្លារ។
ចក្ខុវិស័យហាងមាតុភូមិ
ស្ថាបនិកហាងមាតុភូមិបញ្ជាក់ថា ការបង្កើតអាហារដ្ឋាននេះ គឺចង់បម្រើជូននូវម្ហូបប្រពៃណីជាតិ អាហារបែបធម្មជាតិ ថ្មីស្រស់ និងជាប្រភេទអាហារដែលការពារដល់រាង្គកាយ។ បន្ថែមពីនេះគឺចង់ឱ្យអ្នកមានជីវភាពមធ្យមក៏អាចចូលហាងពិសារអាហារខ្មែរបាន ដោយមិនចាំបាច់តែហូបម្ហូបអាហារបរទេស ទើបអាចចូលក្នុងហាងបាននោះទេ។
ក្រៅពីប្រាក់ចំណេញ ហាងមាតុភូមិក៏មានគោលបំណង និងទិសដៅចូលរួមក្នុងសង្គមតាមរយៈការណែនាំប្រជាពលរដ្ឋឱ្យត្រឡប់មកទទួលទានអាហារការពាររាង្គកាយវិញផងដែរ។
មុខម្ហូប
អាហារដ្ឋានមាតុភូមិមានម្ហូបជាច្រើនមុខបែងចែកទៅតាមមុខងារដូចជា ម្ហូបមានគ្រឿងអន្លក់ គ្រឿងបុក ចៀន-អាំង សម្លខ្មែរគ្រប់មុខ ទឺកត្រី-ជ្រក់ បង្អែម ភេសជ្ជៈសរុបមានជាង ២០០ មុខ ដែលសុទ្ធសឹងតែជាអាហារប្រចាំប្រទេស ឬ អាហារប្រពៃណីក្នុងប្រទេសកម្ពុជា។
យុទ្ធសាស្រ្តទាក់ទាញអតិថិជន
ហាងមាតុភូមិបានប្រើយុទ្ធសាស្រ្តសាមញ្ញបំផុតគឺសេចក្តីស្មោះត្រង់ជាមួយ មហាជន/អតិថិជន លើការជ្រើសរើសសម្រាំង វត្ថុធាតុដើមបែបធម្មជាតិ និងថ្មីស្រស់។
ការពង្រីកសាខា
បច្ចុប្បន្ននេះ ហាងមាតុភូមិបានពង្រីកខ្លួនបានជាង ៣០ សាខាហើយ ដែលភាគច្រើននៅរាជធានីភ្នំពេញ។
បេសសកម្ម៖
-បម្រើមហាជនលើវិស័យអាហាដ្ឋាន ពិតប្រាកដច្បាស់លើម្ហូបប្រពៃណីជាតិ សម្រាប់អាហារថ្ងៃត្រង់ និង អាហារពេលល្ងាច
-បម្រើមហាជននូវអាហាររ៉ែខនិច បែបធម្មជាតិ ថ្មីស្រស់ ជាប្រភេទអាហារការពារដល់រាង្គកាយ
-ណែនាំមហាជនឱ្យងាកត្រឡប់មកបរិភោគនូវអាហារការពាររាង្គកាយ
-សុខុដុមរម្យនាអាហារ និងការបរិភោគឲ្យស្និតដូចអាហារក្នុងគ្រួសារ/ផ្ទះ
-ចូលរួមថែរក្សា លើកស្ទួយមុខម្ហូបប្រពៃណីជាតិ និងរក្សាការរចនាជាទម្រង់ប្រពៃណីជាតិ(ខ្មែរ)
-ក្រោកឈរប្រឈមប្រគួតប្រជែងជាមួយម្ហូបបរទេស និងអាហារប្រភេទស្ថាបនា នានាដែលកំពុងធ្វើឲ្យ ប៉ះពាល់ដល់សុខភាពមហាជន
-ជាទីប្រឹក្សាយោបល់ និងការចែករំលែកចំណេះដឹងស្តីពីការធ្វើម្ហូបប្រពៃណីខ្មែរគ្រប់ប្រភេទ
-លើកទឹកចិត្ត ជម្រុញ និងជួយក្នុងការប្រើប្រាស់វត្ថុធាតុដើមផលិត បែបថ្មីស្រស់ ធម្មជាតិ ក្នុងស្រុក ស្ទើរ១០០%
-ធ្វើវិមជ្ឃការអាហារដ្ឋានទៅកាន់ និងកៀកនឹងតម្រូវការមហាជន ទូលំទូលាយ និងគ្រប់ទីកន្លែង
-រុករក ស្រាវជ្រាវ ចងក្រង ពីមុខម្ហូប និងប្រភពវត្ថុធាតុដើមជា(ធាតុចូល) ពិសេសបន្លែកម្រខ្មែរនៅតាមបណ្តាខេត្តនានា តំបន់ភូមិសាស្រ្ត និងរដូវកាល
-ចូលរួម លើកតម្កើន បន្សីនិងជាប់ពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹងកសិកម្ម-ចម្ការ និងពិធីបុណ្យវប្បធម៌ ប្រពៃណីជាតិគ្រប់សណ្ឋាន៕