ម្ចាស់សិប្បកម្មច្នៃត្រីងៀត កញ្ញា ទួន សាវ៉ៃ ខិតខំប្រឹងប្រែងក្នុងការកែច្នៃត្រីងៀតឲ្យមានសុវត្ថិភាព ឲ្យស្របទៅតាមស្ដង់ដានៃផលិតផល ដើម្បីអាចនាំចេញទៅលក់នៅក្រៅប្រទេស ។

កញ្ញា ទួន សាវ៉ៃ អាយុ ៣៨ ឆ្នាំ ជាម្ចាស់សិប្បកម្មច្នៃត្រីងៀតមួយកន្លែងនៅក្នុង ភូមិគោកឫស្សីខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ម្ចាស់សិប្បកម្មរូបនេះបានប្រាប់ឧកញ៉ាញូស៍តាមទូរសព្ទថា បានចាប់អាជីពមួយនេះអស់រយៈពេល ៥ ឆ្នាំមកហើយ ដោយការទិញត្រីស្រស់ពីគេយកមកច្នៃជាត្រីងៀតលក់ចេញជូនអតិថិជនសម្រាប់បរិភោគ និងឈ្មួញយកទៅលក់បន្តតាមបណ្ដារាជធានីខេត្តមួយចំនួន។
កញ្ញា ទួន សាវ៉ៃ ប្រាប់ថា ការលក់ចេញបានច្រើនឬតិចទៅតាមរដូវ ដោយខែប្រាំងលក់បានច្រើន ក្នុងមួយខែអាចលក់ចេញបានពី ១០ទៅ ១២តោន និងក្នុងមួយថ្ងៃច្នៃបានពី ៣០០ ទៅ៤០០គីឡូក្រាម។ ចំណែកខែវស្សា ការលក់គឺធ្លាក់ចុះខ្លាំងមួយខែលក់ចេញបានប្រហែលពី ២ទៅ ៣តោនប៉ុណ្ណោះព្រោះខែវស្សាជាខែដែលសម្បូរត្រី។

សម្រាប់ដំណើរការនៃការកែច្នៃ កញ្ញាបញ្ជាក់ថា ត្រីដែលទិញបានមកគឺយកទៅលាងជម្រះឲ្យស្អាត រួចត្រាំទឹកកកទុកមួយយប់ ទើបព្រឹកឡើងយកទៅប្រឡាក់ និងហាលត្រឹមតែមួយថ្ងៃអាចលក់ចេញបានហើយ។ តម្លៃនៃការលក់ចេញក្នុង ១ គីឡូក្រាមថ្លៃ ២៨០០០រៀល-៣០០០០រៀក តាមប្រភេទត្រីស្ងួតឬសើម។
កញ្ញា ទួន សាវ៉ៃ បានឲ្យដឹងបន្ថែមថា អាចច្នៃត្រីងៀតបានរហូតដល់ ៣ រសជាតិគឺ ប្រៃ ជូរប្រៃ និងផ្អែម។ រីឯត្រីដែលត្រូវយកមកធ្វើងៀតនោះមានច្រើនប្រភេទដូចជា ត្រីរស់ ត្រីអណ្ដែង និងត្រីប្រាជាដើម។

ជុំវិញការចាប់មុខរបរមួយនេះ បើតាមកញ្ញា ទួន សាវ៉ៃ ក៏ស្ទើរតែបោះបង់ចោលម្ដងៗទៅហើយ ដោយសារតែការហត់នឿយ និងខ្វះដើមទុនសម្រាប់ដំណើរការសិប្បកម្ម។
យ៉ាងណាមិញ សហគ្រិនស្រ្តីរូបនេះកំពុងបន្តសិក្សាតាមវគ្គសិក្ខាសាលាបន្ថែម ដើម្បីយកចំណេះដឹងមកជំរុញសិប្បកម្មឲ្យបានប្រសើរឡើង ដើម្បីឲ្យមានស្ដង់ដារអាចនាំចេញទៅក្រៅប្រទេស។
សូមបញ្ជាក់ថា សិប្បកម្មរបស់កញ្ញា ទួន សាវ៉ៃ ថ្មីៗនេះបានទទួលកញ្ចប់ថាវិកាពីគម្រោងរបស់អង្គការ UNIDO ក្រោមកម្មវិធីគាំទ្រដល់សហគ្រាស ទាក់ទងបច្ចេកទេសកែច្នៃជលផល ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបតាមស្តង់ដាទីផ្សារនាំចេញ៕


