លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងក្នុងសន្និសីទនៅព្រឹកនេះថា នៅទូទាំងប្រទេសមានស្ថានីយប្រេងឥន្ធនៈ ២៦៥០ ទីតាំងកំពុងដំណើរការអាជីវកម្ម។ ក្នុងនោះជាង ៧៥ ភាគរយបានចុះបញ្ជីត្រឹមត្រូវ។
លោក ទី នរិន្ទ បានបញ្ជាក់ថា ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈនៅតាមបណ្តារាជធានីខេត្តមួយចំនួន ធ្វើការសាងសង់ និងដំណើរការស្ថានីយប្រេង និងឧស្ម័នឥន្ធនៈដោយខុសបទដ្ឋានបច្ចេកទេស និងពុំបានស្នើសុំការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលឡើយ។

ក្រោយការដាក់ចេញបទដ្ឋានសុវត្ថិភាពនីតិវិធីច្បាប់ ជាលទ្ធផលមានម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈជាច្រើន ចាប់ផ្តើមមកដាក់ពាក្យស្នើសុំការអនុញ្ញាត ដើម្បីអនុលោមទៅតាមច្បាប់។
លោក ទី នរិន្ទ បានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានរៀបចំលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសមួយចំនួនលើការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈឱ្យមានប្រសិទ្ធភាព។ ការសម្រេចកំណត់ឱ្យអនុវត្តនេះ ដើម្បីជាមូលដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងជាមូលដ្ឋានបច្ចេកទេសសុវត្ថិភាពសម្រាប់ការបង្កើតស្ថានីយថ្មី និងការកែសម្រួលសំណង់ស្ថានីយចាស់ឱ្យមានសុវត្ថិភាព ក្នុងគោលដៅកាត់បន្ថយឧបទ្ទវហេតុ គ្រោះអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុ៕