បច្ចុប្បន្នមានភោជនីយដ្ឋាន ក៏ដូចជាអាហារដ្ឋានជាច្រើនកន្លែង ដែលច្នៃប្រឌិតម្ហូបអាហារថ្មីៗឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងគិតដល់សុខភាពអ្នកបរិភោគ និងបានចូលរួមថែរក្សាលើកស្ទួយម្ហូបអាហារប្រពៃណីជាតិ។

ថ្ងៃនេះ ឧកញ៉ាញូស៍ ណែនាំឲ្យស្គាល់ ភោជនីយដ្ឋានចំនួន ៣ ដែលល្បីល្បាញឈានមុខគេខាងអាហារដែលធានាបាននូវ គុណភាព សុខភាពអតិថិជន និងលើកស្ទួយម្ហូបអាហារខ្មែរ។ ក្នុងចំណោមភោជនីយដ្ឋានទាំង ៣ នោះរួមមាន ភោជនីយដ្ឋានអូក្រាអាហារធម្មជាតិ ភោជនីយដ្ឋានមាតុភូមិ និងភោជនីយដ្ឋាន ផាកកាហ្វេ។
ភោជនីយដ្ឋានទាំងបីនេះមានលក្ខណៈពិសេសផ្សេងៗគ្នារួមមាន៖

១. ភោជនីដ្ឋានអូក្រា Okra Restaurant ៖ ជាភោជនីយដ្ឋានល្បីខាង ម្ហូបអាហារបែបធម្មជាតិ គ្មានគីមី បម្រើទាំងប្រភេទអាហារបែបអាស៊ី និងបែបអ៊ឺរ៉ុប។ បន្លែដែលយកមកបម្រើជូនអតិថិមកចំអិនជនសំបូរដោយសារធាតុចិញ្ចឹមគ្មានជាតិគីមីនោះទេ ព្រោះភោជនីដ្ឋាននេះ មានសហគមន៍ដាំបន្លែធម្មជាតិផ្ទាល់ខ្លួន សម្រាប់ផ្គត់ផ្គង់បន្លែស្រស់ៗប្រចាំថ្ងៃ ។អាហារប្រចាំភោជនីយដ្ឋានដែលមានភ្ញៀវពេញនិយមបំផុតគឺ នំបាញ់ហយ បាញ់ស៊ុង និង នំបញ្ចុកខ្មែរ។
អូក្រាមានទីតាំងស្ថិតនៅ លើផ្លូវ ៥៩២ កែងផ្លូវ ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានបើកអាជីវកម្មអស់រយៈពេល ៤ ឆ្នាំមកហើយ ដោយមានលោកស្រី នូ សុជាតិ ជាអគ្គនាយិកា។

២. ភោជនីយដ្ឋាន មាតុភូមិ Meatuphum ៖ គឺជាភោជនីយដ្ឋានដែលបានថែរក្សា ប្រមូលផ្តុំម្ហូបប្រពៃណីជាតិ រួមទាំងលើកកម្ពស់សុខុមាលភាពសង្គម ដើម្បីថែរក្សា និងលើកស្ទួយម្ហូបដែលជាអត្តសញ្ញាណជាតិខ្មែរ។ មាតុភូមិមានម្ហូបជាច្រើនមុខបែងចែកទៅតាមមុខងារដូចជា ម្ហូបមានគ្រឿងអន្លក់ គ្រឿងបុក ចៀន-អាំង សម្លខ្មែរគ្រប់មុខ ទឹកត្រី-ជ្រក់ បង្អែម ភេសជ្ជៈសរុបមានប្រមាណជាង ២០០ មុខ ដែលសុទ្ធសឹងជាអាហារប្រចាំប្រទេស ឬ អាហារប្រពៃណីក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន មាតុភូមិបានពង្រីកខ្លួនជាង ៣០ សាខាហើយ ដែលភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ។ភោជនីយដ្ឋាននេះបានលេចរូបរាងឡើងជាង ៦ ឆ្នាំហើ ដែលចាប់ផ្ដើមដុះពន្លកក្រោមការពួតដៃគ្នាចូលទុនរកស៊ីរបស់បងប្អូនលោកស្រី មាស ផាន្នីដា ដោយចាយដើមទុនជិត ១ ម៉ឺនដុល្លារ។

៣. ភោជនីយដ្ឋាន ផាកកាហ្វេ Park Café ៖ ត្រូវបានការទទួលស្គាល់ពីមហាជន ក្រៅពីជាស្លាកយីហោអាជីវកម្មអាហារក្នុងស្រុក គឺជាភោជនីយដ្ឋានខ្មែរទី១ ដែលបម្រើអាហារមិនប្រើប៊ីចេងលើគ្រប់មុខម្ហូបទាំងអស់។ ផាកកាហ្វេរក្សា គុណតម្លៃចំនួន ៨ ចំណុចគឺ អតិថិជនជាចម្បង សុវត្ថិភាពចំណីអាហារ ទំនួលខុសត្រូវសង្គម គំនិតច្នៃប្រឌិត ការអភិវឌ្ឍមនុស្ស ភាពជាដៃគូ ស្តង់ដារប៊្រែន (និតិវិធីប្រតិបត្តិការស្តង់ដារ) និងផ្តោតសំខាន់លើលទ្ធផល។
ផាក កាហ្វេ បង្កើតឡើងតាំងពីឆ្នាំ ២០០៤ មកដល់ពេលនេះមានអាយុកាល ១៨ឆ្នាំ និងបច្ចុប្បន្នបានពង្រីកសាខាជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ៕


