គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ អភិបាល​ខេត្ត​បាត់ដំបង ធ្វើ​ដំណើរ​បណ្តើរ​ ​ទទួល​អាហារ​សម្រន់ខ្មែរ​បណ្តើរ

អាជីវកម្ម

ខណៈ​កំពុងធ្វើ​ដំណើរក្នុង​រថយន្ត​ លោក សុខ លូ អភិបាល​ខេត្តបាត់ដំបង​បាន​លើក​បង្ហាញ​ផលិតផល​​អាហារ​សម្រន់​ ជាស្នាដៃ​របស់​​សហគ្រាស​ក្នុង​ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើគណនីហ្វេសបុក​ផ្ទាល់​ លោក​ សុខ លូ បានសរសេរ​ថា​​ អាហារសម្រននេះ​អាច​ញាំ​ក្នុង​ឡានក៏​បាន នៅ​ផ្ទះ​ក៏​បាន និង​នៅ​ទីណា​ក៏បាន។

នៅខេត្តបាត់ដំបង សហគ្រាសធុនតូច-មធ្យម មាន​ជាង ៨០០ មូលដ្ឋាន ហើយ​សហគ្រាស​កែច្នៃ​កសិផលមានតិចតួច​​នៅឡើយ។ សហគ្រាស​កែច្នៃ​ផ្លែឈើ​ចំនួរពីរ​កំពុង​មានភាពលេចធ្លោគឺ​សហគ្រាស​មីសូតា និងណាវីតា ដែល​កែច្នៃ​ផ្លែឈើ ដូចជាស្វាយ ម្នាស់ ផ្លែស្រកានាគ ប៉េងប៉ោះ ឆែរី ផ្លែតាង៉ែន​ជាដើម។ ក្រុមហ៊ុនណាវីតា ថ្មីៗ​នេះ​ក៏​បានផលិត​មៀន​កែវដែលបានទទួលការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបរិភោគ ហើយគ្រោងផលិតនូវផលិតផលថ្មីៗបន្ថែមទៀត ដោយសហគ្រាសបានចុះអនុស្សារណៈជាមួយ​សហគមន៍​កសិករនៅស្រុកភ្នំព្រឹក។

បើតាមមអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម បច្ចុប្បន្ន​នេះ​សហគ្រាសធុនតូច មធ្យម និង សិប្បកម្មដែល​ចុះ​បញ្ជី​សរុបមានចំនួន ៤៣,២៧៦ មូលដ្ឋាន ដែល​​បង្កើត​ការងារ​បាន​ចំនួន ៤៣៥,៩០៥ នាក់។

សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីន ដែល​រួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង បង្កើតការងារក្នុងប្រទេស។ នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យម តំណាង​ឱ្យ ៧០% នៃការងារសរុបនិងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន ៥៨%៕